ខ្មែរប៉ុស្ដិ៍ Close

ភាពអន្តរាយនិងក្តីសង្ឃឹមចំពោះការសាទរជាសកលដល់ប្រាក់បាតថៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 51
ភាពអន្តរាយនិងក្តីសង្ឃឹមចំពោះការសាទរជាសកលដល់ប្រាក់បាតថៃ ភាពអន្តរាយនិងក្តីសង្ឃឹមចំពោះការសាទរជាសកលដល់ប្រាក់បាតថៃ

វិនិយោគិនចិនធំៗនិងក្រុមហ៊ុនលក្ខណៈគ្រួសារតូចៗ កំពុងចាប់អារម្មណ៍ចំពោះអចលនទ្រព្យរបស់ប្រទេសថៃ ដើម្បីគេចចេញពីការដាក់ទណ្ឌកម្មពីសំណាក់លោកខាងលិច និងសេដ្ឋកិច្ចនយោបាយមិនប្រាកដប្រជារបស់ប្រទេសចិន។ ប្រជាជនហុងកុងខ្លះកំពុងតែធ្វើទេសន្តរប្រវេសន៍ និងប្តូរទីតាំងអាជីវកម្មរបស់ពួកគេទៅកាន់ទីក្រុងបាងកក។

នៅទីក្រុងញ៉ូវយ៉កអ្នកដែលមានជំនាញខាងហិរញ្ញវត្ថុកំពុងតែជជែកគ្នាអំពីដំណើរការនៃការកើនឡើងរបស់ប្រាក់បាត។ វិនិយោគិននិងជាបណ្ណាធិការរបស់សារព័ត៌មាន Financial Times លោក Ruchir Sharma បានឆ្លៀតឱកាសដើម្បីលើកសរសើរដល់រូបិយបណ្ណថៃនៅក្នុងអត្ថបទមួយកាលពីខែកុម្ភៈ។

តើការចាប់អារម្មណ៍កាន់តែច្រើនទៅលើប្រាក់បាតនៅពេលថ្មីៗនេះ នឹងអាចជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ថៃ និងអាចជួយបង្កើនតួនាទីប្រាក់បាតនៅក្នុងហិរញ្ញវត្ថុអន្តរជាតិឱ្យកាន់តែខ្លាំងបានដែរឬទេ?

ប្រទេសថៃអាចនឹងសម្រេចបាននូវក្តីសុបិន្តដល់លេចធ្លោរនៅក្នុងផ្នែកហិរញ្ញវត្ថុអាស៊ីនិងសកល ដូចអ្វីដែលអ្នករៀបចំគោលនយោបាយនៅទីក្រុងបាងកក បានធ្វើកាលពីទសវត្សរ៍ឆ្នាំ ១៩៩០ អញ្ចឹង។ ទោះយ៉ាងណាក្តី អ្វីដែលជាចម្លើយនោះគឺថា ក្តីសង្ឃឹមរបស់ប្រាក់បាតគឺអាស្រ័យទៅលើសមត្ថភាពរបស់រដ្ឋាភិបាលថៃក្នុងការដោះស្រាយបញ្ហាជាប្រព័ន្ធឱ្យបានកាន់តែស៊ីជម្រៅ និងសមត្ថភាពក្នុងការគេចចេញពីបំណុល និងគេចចេញពីពពុះអចលនទ្រព្យ (asset bubbles) ដែលបានញាំញីប្រទេសថៃនៅក្នុងអំឡុងពេលដែលសេដ្ឋកិច្ចកំពុងតែឡើងខ្ពស់កាលពីពេលមុនៗ។

បើគ្មានវិធានការទាំងនេះទេ ការទាក់ទាញចំណាប់អារម្មណ៍មកលើប្រាក់បាតនឹងមានតែត្រឹមរយៈពេលខ្លី ហើយសេដ្ឋកិច្ចថៃនឹងត្រូវបន្តជួបប្រទះនឹងភាពខកចិត្តទៀតជាមិនខាន។

នៅក្នុងរយៈពេលវែង រូបិយបណ្ណរឹងមាំតែងតែលេចចេញពីសេដ្ឋកិច្ចដែលខ្លាំងក្លា។ ចាប់តាំងពីការកើតមានវិបត្តិហិរញ្ញវត្ថុអាស៊ីនៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ មក សកម្មភាពសេដ្ឋកិច្ចរបស់ថៃហាក់មានភាពប្របូកច្របល់។

ខណៈពេលដែលប្រទេសនោះទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំងក្លានៅទសវត្សរ៍ឆ្នាំ ២០០០ ការរីកលូតលាស់របស់ពួកគេមានកម្រិតមធ្យមតែប៉ុណ្ណោះ។ នៅដំណាក់កាលរីកលូតលាស់ខ្លាំងបំផុតឆ្នាំ ១៩៩៦ GDP របស់ថៃមានប្រមាណ ២,៣% នៃ GDP របស់សហរដ្ឋអាមេរិក ឬចំនួន ១០,១% សម្រាប់មនុស្សម្នាក់ៗ។ នៅឆ្នាំ ២០២១ GDP ថៃមានចំនួន ២,២% ឬចំនួន ១០,១% សម្រាប់មនុស្សម្នាក់ជាថ្មីម្តងទៀត ហើយតួលេខនេះទំនងជានឹងធ្លាក់ចុះមកនៅត្រឹមចំនួន ២,១% ឬទាបជាងនេះទៀតនៅឆ្នាំ ២០២២ និង ២០២៣។

ស្រដៀងគ្នានេះដែរ ប្រាក់បាតមានសកម្មភាពល្អជាងរូបិយបណ្ណរបស់បណ្តាសេដ្ឋកិច្ចកំពុងរីកលូតលាស់ ដែលមានកំណើនទាបមួយចំនួនដូចជារូបិយបណ្ណរីងហ្គីតរបស់ម៉ាឡេស៊ី ប៉ុន្តែវាក៏មានកំណត់ត្រាអន់ទល់នឹងបណ្តាប្រទេសខ្លាសេដ្ឋកិច្ច ដែលកំពុងរីលលូតលាស់លឿនជាងគេនៅក្នុងតំបន់ផងដែរ។ បើប្រៀបធៀបនឹងឆ្នាំ ១៩៩៦ ប្រាក់បាត បានធ្លាក់តម្លៃពី ២៥ បាតក្នុងមួយដុល្លារអាមេរិក ទៅចំនួន ៣៥ បាតនៅពេលបច្ចុប្បន្នពោលគឺធ្លាក់ចុះជាង ៣០%។

ផ្ទុយទៅវិញប្រាក់ដុល្លារសិង្ហបុរីបានឡើងថ្លៃពីចំនួន ១,៤ ក្នុងមួយដុល្លារអាមេរិកនៅឆ្នាំ ១៩៩៦ ទៅដល់ចំនួន ១,៣ ក្នុងមួយដុល្លារអាមេរិកនៅពេលបច្ចុប្បន្ននេះ។ បណ្តារូបិយបណ្ណធំៗផ្សេងទៀតក្នុងតំបន់ ក៏បានឡើងថ្លៃដូចគ្នាដែរ ដូចជាប្រាក់យ័នចិនបានឡើងពីចំនួន ៨,៣ យ័នក្នុងមួយដុល្លារអាមេរិក ទៅចំនួន ៦,៨ ក្នុងមួយដុល្លារអាមេរិក ខណៈរូបិយបណ្ណខ្លះទៀតក៏បានវិលខិតជិតទៅរកកម្រិតនៅមុនមានវិបត្តិផងដែរ។

ដើម្បីឱ្យប្រាក់បាតរឹងមាំបានយូរអង្វែង រដ្ឋាភិបាលថៃត្រូវតែដោះស្រាយបញ្ហាប្រឈមសេដ្ឋកិច្ច និងសង្គមដែលកំពុងតែកើនឡើង។ បច្ចុប្បន្ននេះ ប្រទេសថៃកំពុងតែប្រឈមមុខនឹងប្រជាពលរដ្ឋវ័យចំណាស់ និងកង្វះកម្លាំងពលកម្មជាពិសេសនៅក្នុងវិស័យទេសចរណ៍។

ប្រព័ន្ធអប់រំបានជួយបង្កើនទំនុកចិត្តសាធារណជនតិចតួចណាស់។ អំពើពុករលួយ, ច្បាប់ដែលមិនអាចពឹងផ្អែកបាន និងការអនុវត្តបញ្ញត្តិកម្មនៅតែជាកត្តារាំងស្ទះដល់ការវិនិយោគឯកជនប្រកបដោយប្រសិទ្ធផល។

ប្រព័ន្ធនយោបាយមួយដែលញាំញីទៅដោយការធ្វើរដ្ឋប្រហារដដែលៗ កំពុងតែជួបប្រទះនឹងការលំបាកខ្លាំងក្នុងការផ្តល់ការធានាឡើងវិញដល់វិនិយោគិនឯកជន និងការធ្វើកំណែទម្រង់ឱ្យបានកាន់តែមុតមាំ។

ទន្ទឹមនោះដែរតើប្រាក់បាតកំពុងជួយដល់ពលរដ្ឋថៃជាទូទៅដែរឬទេ? អ្នកទេសចរជាច្រើនដែលកំពុងតែមានប្រាក់ដុល្លារអាមេរិក និងបណ្តារូបិយបណ្ណតម្លៃថ្លៃស្រដៀងៗគ្នានេះបានមើលឃើញថា ការចំណាយក្នុងការសម្រាកលំហែកាយនៅក្នុងប្រទេសថៃគឺពិតជាសមរម្យ។ ការធ្វើដំណើររបស់គេមកកាន់ប្រទេសថៃក្រោយការរីករាលដាលនៃជំងឺឆ្លង ពិតជាបានជួយលើកម្ពស់វិស័យទេសចរណ៍ និងវិស័យការងាររបស់ប្រទេសថៃ។

ប៉ុន្តែដោយសារអត្រាអតិផរណាដ៏ខ្ពស់នៅសហរដ្ឋអាមេរិក ពលរដ្ឋថៃដែលត្រូវធ្វើដំណើរទៅសហរដ្ឋអាមេរិកនឹងត្រូវការប្រាក់ឈ្នួលបន្ថែម ឬត្រូវស្វែងរករូបិយបណ្ណផ្សេងដើម្បីយកទៅចំណាយទៅលើមុខទំនិញ និងសេវាកម្មនៅក្នុងសហរដ្ឋអាមេរិកដែលបានកើនឡើងខ្ពស់ជាងកាលពីពេលមុន។

កន្លងទៅសេដ្ឋកិច្ចថៃហាក់មិនបានផ្តល់នូវជម្រើសណាមួយនោះទេ។ ប្រាក់បាតមានតម្លៃទាប ធៀបនឹងប្រាក់ដុល្លារអាមេរិកជាងពេលណាៗទាំងអស់ នៅចន្លោះឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១។ ការស្ទង់មតិទៅលើកម្លាំងពលកម្មជាតិនៅពេលថ្មីៗនេះបានបង្ហាញថា ការកើនឡើងនៃប្រាក់ឈ្នួលជាមធ្យមដែលគេវាស់វែងជាប្រាក់បាតគឺមានរង្វង់ប្រមាណ ៥% ទៅ ១០% ប៉ុណ្ណោះបើធៀបនឹងមុនពេលមានការរីករាលដាលនៃជំងឺឆ្លង។

ប្រសិនបើការស្ទង់មតិនោះមិនបានមើលរំលងទៅលើការកើនឡើងណាមួយនៃប្រាក់ចំណូលក្រៅប្រព័ន្ធទេ នោះការកើនឡើងប្រាក់ឈ្នួលជាមធ្យមបែបនេះ ពិតជាត្រូវលុបទៅដោយការធ្លាក់ចុះនៃតម្លៃប្រាក់បាតនៅក្នុងរយៈពេល ១ ឆ្នាំកន្លះមកនេះ ដែលមានចាប់ពីប្រមាណ ១២% ទៅ ២០% នៃតម្លៃប្រាក់បាតទល់នឹងប្រាក់ដុល្លារអាមេរិក។

នៅទសវត្សរ៍ឆ្នាំ ១៩៩០ ការសាទរដល់អចលនទ្រព្យថៃបានបង្កើតឱ្យមានពពុះនៅក្នុងអចលទ្រព្យ, ផ្សារភាគហ៊ុន និងស្ថាប័នហិរញ្ញវត្ថុថៃ។ នៅឆ្នាំ ១៩៩៤ ក្រុមប្រឹក្សាភិបាលវិនិយោគថៃបានអនុម័តយល់ព្រមលើគម្រោងនានាសម្រាប់អាគារខុនដូប្រមាណ ៣០ ០០០ Unit នៅតំបន់ទីក្រុងបាងកក ហើយវាបានធ្លាក់ចុះមកនៅត្រឹមចំនួន ២៤០ Unit នៅក្នុងរយៈពេល ៤ ឆ្នាំក្រោយមក។

ពពុះទាំងនេះបានធ្វើឱ្យមានការកើនឡើងរយៈពេលខ្លីនៃ GDP របស់ថៃ ហើយ GDP នោះក៏ត្រូវទទួលរងគ្រោះវិញនៅពេលដែលពពុះនោះផ្ទុះបែក។ GDP បានធ្លាក់ចុះជាង ១/៣, ផ្សារភាគហ៊ុនបានដួលរលំជាង ២/៣ ហើយស្តង់ដាររស់នៅរបស់ប្រជាពលរដ្ឋក៏បានធ្លាក់ចុះដូចគ្នា។

ប្រទេសថៃកំពុងតែមានជំហរប្រសើរជាងមុនឆ្ងាយណាស់នៅពេលបច្ចុប្បន្ននេះ ប៉ុន្តែវាក៏នៅតែមានសញ្ញាព្រមានខ្លះៗផងដែរ។ វិសមភាពប្រាក់ចំណូលនិងទ្រព្យសម្បត្តិមានកម្រិតខ្ពស់, តម្លៃអចលនទ្រព្យរស់នៅកំពុងតែកើនឡើងជាថ្មី ហើយកម្រិតប្រាក់បំណុលដែលបានកើនឡើងនៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺឆ្លង មើលទៅកាន់តែមានសភាពស្រួចស្រាល់ ដោយវាកំពុងស្ថិតនៅក្នុងរង្វង់ប្រមាណ ៩០% នៃ GDP សម្រាប់ប្រជាពលរដ្ឋ និងសម្រាប់បណ្តាធុរកិច្ចមិនមែនហិរញ្ញវត្ថុ។

ដើម្បីទាញយកប្រយោជន៍ចេញពីការវិនិយោគនៅពេលខាងមុខ និងចៀសវាងភាពជោរជន់ដូចកាលពីទសវត្សរ៍ឆ្នាំ ១៩៩០ អ្នកធ្វើគោលនយោបាយត្រូវតែឃ្លាំមើលឱ្យបានដិតដល់ទៅលើតម្លៃសម្រាប់ចង្កោមអចលទ្រព្យសំខាន់ៗ និងព្យាយាមបង្វែរការវិនិយោគឆ្ពោះទៅរកវិស័យធុរកិច្ចដែលមានលក្ខណៈប្រកួតប្រជែង ដូចជាទេសចរណ៍វេជ្ជសាស្ត្រជាដើម។

ជារួម ប្រទេសថៃត្រូវការរដ្ឋាភិបាលជាតិមួយ ដែលអាចងើបហួសពីក្រុមឥស្សរជននៅទីក្រុងបាងកក និងត្រូវផ្តោតដោយប្រាកដនិយមទៅលើការអនុវត្តគោលនយោបាយណាក៏ដោយដែលអាចធ្វើឱ្យអាជីវកម្មកាន់តែច្រើនឡើងៗរីកលូតលាស់ ហើយស្តង់ដាររស់នៅរបស់ប្រជាពលរដ្ឋភាគច្រើនមានការកើនឡើង។

ការប្តេជ្ញាចិត្តនៅពេលថ្មីៗនេះពីសំណាក់អាជ្ញាធរទៅលើបណ្តាផែនការនានាដែលខ្វះទីផ្សារច្បាស់លាស់ ឬគ្មានចីរភាពនៅក្នុងប្រទេសថៃ ដូចជាដំណាំកញ្ឆា ឬរថយន្តអគ្គិសនី មើលទៅដូចជាមិនសូវមានភាពប្រាកដនិយមសម្រាប់អ្នកសង្កេតការណ៍នោះទេ។

ចរន្តសាទរនៅពេលថ្មីៗនេះចំពោះប្រាក់បាតមានចំណុចល្អៗខ្លះ។ ចាប់ពីឆ្នាំ ២០០០ មក ប្រទេសថៃបានចៀសផុតពីវិបត្តិហិរញ្ញវត្ថុ, បានទាក់ទាញការវិនិយោគពីបរទេស និងបានពង្រីកលទ្ធភាពទទួលបានការអប់រំមូលដ្ឋានយ៉ាងធំធេង។

តាមស្តង់ដាររបស់សេដ្ឋកិច្ចកំពុងរីកលូតលាស់ជាច្រើនច្បាប់កម្មសិទ្ធិបញ្ញានៅប្រទេសថៃមានភាពស្ថិតស្ថេរ និងសុវត្ថិភាព ហើយទិន្នន័យរបស់រដ្ឋាភិបាលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងគួរឱ្យជឿជាក់គួរសម។

ដោយឈរលើគុណសម្បត្តិទាំងនេះ និងការបន្តបើកសេដ្ឋកិច្ចឱ្យមានការចូលរួមពីបរទេស ប្រទេសថៃនឹងមានជំហរល្អក្នុងការទទួលបានចំណាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់វិនិយោគិនសកល។

ប៉ុន្តែគេក៏គួរតែសួរផងដែរថា ជាមួយនឹងគុណសម្បត្តិទាំងនេះ ហេតុអ្វីបានជាប្រទេសថៃនៅតែ «ស្ថិតនៅក្នុងលក្ខណៈរីកលូតលាស់» អស់រយៈពេលជាច្រើនទសវត្សរ៍បែបនេះ។

វាមានមូលហេតុជាច្រើន រួមមានប្រាក់បំណុលខ្ពស់, ភាពរីករាលដាលនៃវិសមភាព, កត្តាធ្លាក់ចុះនៃប្រជាសាស្ត្រកាន់តែអាក្រក់, លំហូរចេញនូវមូលធនទៅកាន់បណ្តាប្រទេសជិតខាង និងអ្វីដែលសំខាន់បំផុតនោះគឺ អភិបាលកិច្ចមិនស្ថិតស្ថេរ និងគ្មានប្រសិទ្ធភាព។ វាពិតជាគួរឱ្យសោកស្តាយ ប្រាក់បាតដែលគួរឱ្យទាក់ទាញតែមួយមុខមិនអាចជួយដោះស្រាយដល់ទុក្ខលំបាកទាំងអស់នេះបាននោះទេ៕

Channel News Asia