តើអាស៊ាន អាចកាត់បន្ថយព័ត៌មានក្លែងក្លាយនៅតំបន់អាស៊ីអាគ្នេយ៍បានដែរឬទេ?
ព័ត៌មានក្លែងក្លាយគឺជាបញ្ហាដ៏សែនឈឺក្បាលបំផុត ហើយវាត្រូវបានពង្រីកបន្ថែមដោយបណ្តាញសង្គម ដែលធ្វើឱ្យមានទំនាក់ទំនងឌីជីថលមានលក្ខណៈជាសកល។ ការសិក្សារបស់វិទ្យាស្ថានបច្ចេកវិទ្យា Massachusett (MIT) បានរកឃើញថា «នៅពេលដែលមនុស្សកាន់តែច្រើនពឹងផ្អែកលើ ប្រព័ន្ធអនឡាញសម្រាប់ទំនាក់ទំនងក្នុងសង្គម ព័ត៌មានមិនពិតបានរីករាលដាលកាន់តែលឿនរហ័សជាងព័ត៌មានពិតនៅលើបណ្តាញសង្គម»។ ជាឧទាហរណ៍ : នៅលើបណ្ដាញ Twitter ព័ត៌មានក្លែងក្លាយអាចត្រូវបានគេចែកចាយបន្តរហូតដល់ទៅ ៧០% ហើយអាចមើលឃើញទៅដល់មនុស្សបានលឿនជាងព័ត៌មានពិតចាប់ពី ១០ ទៅ ២០ ដង។
នៅតំបន់អាស៊ីអាគ្នេយ៍ ការកើនឡើងនៃការធ្វើឌីជីថលូបនីយកម្មបានធ្វើឱ្យព័ត៌មានក្លែងក្លាយកាន់តែរីករាលដាលខ្លាំង។ សព្វថ្ងៃនេះ តំបន់នេះបានក្លាយទៅជាទីដែលមានអ្នកប្រើប្រាស់ទូរស័ព្ទដៃទំនើបៗរាប់លាននាក់។ គេបានប៉ាន់ ប្រមាណថា «៦៨% នៃចំនួនប្រជាជនសរុបក្នុងតំបន់គឺជាអ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយយុវជនដែលមានអាយុចន្លោះពី ១៦ ទៅ ២៤ ឆ្នាំកំពុងចំណាយពេលជាមធ្យមច្រើនជាង ១០ ម៉ោងក្នុងមួយថ្ងៃនៅលើប្រព័ន្ធអ៊ីនធឺណិត»។ ប្រការនេះបានធ្វើឱ្យតំបន់នេះក្លាយជាប្រភពព័ត៌មានក្លែងក្លាយដ៏ធំបំផុតមួយ។
ទិដ្ឋភាពនៃការប្រឌិតព័ត៌មាននៅតំបន់អាស៊ីអាគ្នេយ៍គឺមានភាពស្មុគស្មាញខ្លាំងណាស់។ ជាមួយនឹងចំណេះដឹងផ្នែកឌីជីថលនៅមានកម្រិតទាប (ជាពិសេសនៅក្នុងប្រទេសអភិវឌ្ឍតិចតួច, ក្នុងចំណោមប្រជាជននៅទីជនបទ និងក្នុងចំណោមមនុស្សចាស់) បូករួមនឹងសេរីភាពនៃការបញ្ចេញមតិរបស់បុគ្គលនៅមានកម្រិត, កង្វះសមត្ថភាពក្នុងការគ្រប់គ្រងការកើនឡើងនៃក្រុមហ៊ុន បច្ចេកវិទ្យាយក្ខរបស់ពិភពលោក (ដូចជា Facebook, Twitter, YouTube, Google) ការរីករាលដាលនៃព័ត៌មានក្លែងក្លាយបានជំរុញឱ្យរដ្ឋាភិបាលក្នុងតំបន់គិតគូរឡើងវិញអំពីទំនាក់ទំនងរវាងបច្ចេកវិទ្យា, សង្គម, ប្រព័ន្ធផ្សព្វផ្សាយ និងរដ្ឋាភិបាល។
«កងទ័ពអ៊ីនធឺណិត – Cybertroopers» ដែលមានគោលបំណងបង្អាក់ដំណើរការនៃការបោះឆ្នោត និងបំភ្លៃមតិសាធារណៈដើម្បីជំរុញប្រជាប្រិយភាពរបស់បេក្ខជនបានក្លាយជាការគំរាមកំហែងនៅទូទាំងតំបន់។ នៅហ្វីលីពីន បណ្តាញសង្គម Facebook បានជួយផ្សព្វផ្សាយព័ត៌មានមិនពិតថា «លោក Ferdinand Marcos Jr. មានប្រៀបនៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីនកាលពីពេលថ្មីៗនេះ»។
នៅមីយ៉ាន់ម៉ា អ្នកបង្កើតរូបថ្លុកឌឺដងតាមប្រព័ន្ធអ៊ីនធឺណិតដែល មានទំនាក់ទំនងជាមួយកងទ័ព Tatmadaw បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវនៃរដ្ឋប្រហារកាលពីខែកុម្ភៈឆ្នាំ ២០២១។ នៅឥណ្ឌូណេស៊ី អ្នកលេងអ៊ីនធឺណិតត្រូវបានជួលដោយបេក្ខជននយោបាយ ដែលឈរឈ្មោះក្នុងការបោះឆ្នោតសកលឆ្នាំ ២០២៤ ហើយអ្នកគាំទ្រដ៏សកម្មរបស់លោក Jokowi នៅក្នុងបណ្តាញសង្គមក៏បានផ្សព្វផ្សាយផងដែរនូវតម្រូវការក្នុងការបន្តអាណត្តិប្រធានាធិបតីរបស់លោក។
ការរីករាលដាលនៃវីរុសកូវីដ-១៩ បានលាតត្រដាងឱ្យឃើញនូវការកើនឡើងកាន់តែខ្លាំងនៃព័ត៌មានមិនពិត។ ជាឧទាហរណ៍ : ការរើសអើងជាតិសាសន៍និងការស្អប់ខ្ពើមចំពោះជនជាតិចិនបានរីករាលដាលយ៉ាងឆាប់រហ័ស នៅពេលដែលតំបន់នេះចាប់ផ្តើមជួបប្រទះនូវការកើនឡើងនៃ «វីរុសចិន» (Chinese Virus) កាលពីដើមឆ្នាំ ២០២០។
យោងតាមមជ្ឈមណ្ឌលក្រុមប្រឹក្សាគោលនយោបាយ ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី : «វីរុសកូវីដ-១៩ បានបង្កឱ្យមានការកើនឡើងនៃការជេរប្រមាថនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងចំណោមក្រុមជនជាតិភាគតិចនៅក្នុងប្រទេសម៉ាឡេស៊ី និងបានបង្កឱ្យមានបែកបាក់ពូជសាសន៍កាន់តែខ្លាំងរវាងជនជាតិភាគតិចម៉ាឡេ-មូស្លីម និងជនជាតិភាគតិច មិនមែនម៉ាឡេ»។
ជាមួយគ្នានេះដែរ ការសិក្សាមួយរបស់មជ្ឈមណ្ឌលជាតិនៃជំងឺឆ្លង (NCID) របស់សិង្ហបុរី បានបង្ហាញថា «មនុស្ស ៦ នាក់ក្នុងចំណោម ១០ នាក់នៅក្នុងប្រទេសនេះបានទទួលព័ត៌មានក្លែងក្លាយអំពីវីរុសកូវីដ-១៩ ពីប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងអំឡុងពេលផ្ទុះឡើងនៃវីរុសរាតត្បាតក្នុងឆ្នាំ ២០២០»។ ព័ត៌មានក្លែងក្លាយក៏អាចត្រួសត្រាយផ្លូវឆ្ពោះទៅរកបញ្ហាកាន់តែស្មុគ្រស្មាញផងដែរ ដូចជា «ការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតជាដើម»។
ក្រុមដែលរកប្រាក់តាមរយៈការឆបោក គឺពិតជាពិបាកក្នុងការបង្ក្រាបណាស់។ សូម្បីតែនៅសិង្ហបុរី ដែលជាប្រទេសដែលអាចសម្របខ្លួនបានល្អជាងគេនៅក្នុងបរិវត្តកម្មឌីជីថលនៅក្នុងតំបន់ ក៏នៅមិនទាន់មានភាពស៊ាំដែរទៅនឹងបញ្ហានេះ ហើយប្រទេសនេះក៏បានជួបប្រទះនូវការកើនឡើងយ៉ាងគំហ៊ុកនៃការឆបោកផងដែរ។
ករណីឆបោកសរុបចំនួន ១៤ ៣៤៩ ករណី ត្រូវបានរាយការណ៍កាលពីពាក់កណ្តាលឆ្នាំ ២០២២ នៅក្នុងប្រទេសសិង្ហបុរី ដោយបានកើនឡើងជិតទ្វេដងបើធៀបនឹងឆ្នាំ ២០២១។ ខណៈពេលដែលព័ត៌មានក្លែងក្លាយនៅក្នុងតំបន់បានក្លាយជាបញ្ហាក្នុងស្រុកដ៏ចម្បងមួយ សង្គ្រាមនៅអ៊ុយក្រែនក៏បាននាំមកនូវការជជែកវែកញែកគ្នាផងដែរអំពីឥទ្ធិពលរបស់តួអង្គបរទេសនៅក្នុងការបំភ័ន្តមតិអន្តរជាតិ។
មតិផ្សេងៗគ្នាជុំវិញមូលហេតុនៃសង្គ្រាមនេះត្រូវបានលើកឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលភាគច្រើនត្រូវបានជំរុញដោយវោហាសាស្ត្រដែលមានលក្ខណៈគាំទ្ររុស្ស៊ី (អ្នកដែលប្រឆាំងនឹងអាមេរិក, ប្រឆាំងនឹងអង្គការ NATO, ប្រឆាំងនឹងលោកខាងលិច ឬអ្នកដែលគាំទ្រចិន) ហើយក៏ត្រូវបានជំរុញផងដែរដោយអ្នកជាតិនិយមដែលគាំទ្រអ៊ុយក្រែន (ភាគច្រើនជាឥស្សរជនលោកខាងលិចនិងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ)។
ការសិក្សាមួយរបស់វិទ្យាស្ថាន ISEAS-Yusof Ishak បានរកឃើញថា «អ្នកលេងអ៊ីនធឺណិតរបស់រុស្ស៊ីបានផ្សព្វផ្សាយយ៉ាងសកម្មនូវរឿងរ៉ាវផ្សេងៗដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃការឈ្លានពានអ៊ុយក្រែន»។ រឿងរ៉ាវទាំងនេះមានរាប់បញ្ចូលទាំងវោហាសាស្ត្រពាក់ព័ន្ធនឹងអាជ្ញាធរអ៊ុយក្រែនដែលបានសម្លាប់ជនស៊ីវិលនិយាយភាសារុស្សីនៅតំបន់ Donbas និងការអះអាងដែលថា «អាមេរិកនិងសម្ព័ន្ធមិត្តកំពុងបង្កើតបណ្ដាញនៃមន្ទីរពិសោធន៍អាវុធជីវសាស្រ្តនៅអ៊ុយក្រែន»។
វោហាសាស្ត្រទាំងនេះត្រូវបានលើកឡើងនៅលើបណ្ដាញ Twitter និងត្រូវបានបន្តផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅសិង្ហបុរី និងហ្វីលីពីន ខណៈដែលប្រទេសទាំងពីរនេះ គឺជាអ្នកថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនហើយការផ្សព្វផ្សាយនេះត្រូវបានធ្វើឡើងក្នុងគោលបំណងទាក់ទាញការអាណិតអាសូរពីក្នុងចំណោមពលរដ្ឋនៃ ប្រទេសទាំងនេះ។
បើទោះបីជាប្រព័ន្ធផ្សព្វផ្សាយសង្គមនិងការជជែកវែកញែកអំពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានត្រួសត្រាយផ្លូវឱ្យមានការបង្កើនការចូលរួមរបស់តំបន់អាស៊ីអាគ្នេយ៍លើកិច្ចការបរទេសក៏ដោយ ក៏វាបាននិងកំពុងបង្កើតឱ្យមានការបែកបាក់គ្នាផ្នែកមនោគមវិជ្ជា។ នៅលើឆាកអន្តរជាតិ អាស៊ានបានជួបប្រទះនឹងការលំបាករួចទៅ ហើយក្នុងការរក្សាតុល្យភាពនៃឥទ្ធិពលរបស់មហាអំណាចនៅក្នុងតំបន់។
បណ្ដាឥស្សរជនដែលជាអ្នកបង្កើតគោលនយោបាយការបរទេស ជារឿយៗត្រូវប្រឈមមុខនឹងការលំបាកក្នុងការលើកកម្ពស់មជ្ឈភាពអាស៊ាន និងការព្យាយាមគេចចេញពីខ្សែញាក់របស់មហាអំណាចដែលរួមមានចិន/រុស្ស៊ី និងអាមេរិក បូករួមនឹងសម្ព័ន្ធមិត្ត។ ឥឡូវនេះ នៅពេលដែលព័ត៌មានមិនពិតបានជ្រៀតចូលទៅក្នុងតំបន់ដើម្បីព្យាយាមប្រមែប្រមូលការគាំទ្រសម្រាប់មហាអំណាចជាក់លាក់ណាមួយ អាស៊ានត្រូវតែបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតចំពោះផលប៉ះពាល់នៃព័ត៌មានមិនពិត ដែលអាចបង្កអស្ថិរភាពនៅក្នុងតំបន់។
បណ្ដារដ្ឋាភិបាលនៅអាស៊ានបានដាក់ចេញនូវវិធានការច្បាប់ក្នុងស្រុកជាច្រើនដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងគោលបំណងការពារសន្តិសុខជាតិ ជាពិសេសតាមរយៈប្រភេទផ្សេងៗនៃច្បាប់ស្ដីពីព័ត៌មានក្លែងក្លាយ។ ឧទាហរណ៍មួយ ចំនួនរួមមានច្បាប់ស្ដីពីការការពារពីការក្លែងបន្លំ និងការបំភ្លៃតាមប្រព័ន្ធអ៊ីនធឺណិត (POFMA) នៅក្នុងប្រទេសសិង្ហបុរី, ច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងប្រទេសម៉ាឡេស៊ី, ច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងប្រទេសវៀតណាម, ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសហ្វីលីពីន និងច្បាប់ស្ដីពីការបង្ខូចកេរ្តិ៍ឈ្មោះតាមប្រព័ន្ធអ៊ីនធឺណិតនៅក្នុងប្រទេសឥណ្ឌូណេស៊ី។
ទោះជាយ៉ាងណាក៏ដោយ អ្នករិះគន់ជាច្រើនបានចង្អុលបង្ហាញថា «វិធានការទាំងនេះត្រូវបានអាជ្ញាធរប្រើប្រាស់ដើម្បីតែពង្រឹងការគ្រប់គ្រងរបស់រដ្ឋលើលំហូរព័ត៌មាននៅក្នុងជីវិតរបស់ពលរដ្ឋ»។ ប្រការនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការបញ្ចេញមតិដោយសេរីនៅលើប្រព័ន្ធផ្សព្វផ្សាយ និងដល់សិទ្ធិមនុស្សនៅក្នុងសង្គម។
អ្នករិះគន់ក៏បានលើកឡើងអំពីការព្រួយបារម្ភផងដែរអំពីផលប៉ះពាល់ទៅលើប្រព័ន្ធអេកូឡូស៊ី នៃបរិវត្តកម្មឌីជីថលនៅក្នុងតំបន់។ វិធានការត្រួតពិនិត្យនានាតែងត្រូវបានដាក់ចេញភ្លាមៗ ដោយមិនមានការប្រកាសឱ្យដឹងជាសាធារណៈ ហើយបញ្ហានេះក៏បានផ្តល់នូវផលលំបាកដល់ ក្រុមហ៊ុនបច្ចេកវិទ្យាផងដែរ។
ជាឧទាហរណ៍ : រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងនិងព័ត៌មានរបស់ឥណ្ឌូណេស៊ី ជារឿយៗបានបិទមិនឱ្យមានការចូលទៅប្រើប្រាស់ថ្នាលឌីជីថលណាមួយដែលមិនគោរពតាមបទប្បញ្ញត្តិឌីជីថល ដែលតែងតែមានការកែប្រែជាញឹកញាប់និងដែលតែងបង្កឱ្យមានការភាន់ច្រឡំនៅក្នុងចំណោមសាធារណជន។ ដូចគ្នានេះដែរ វៀតណាមបានដាក់ចេញនូវច្បាប់ថ្មីមួយចំនួនដើម្បីឱ្យក្រុមហ៊ុនបច្ចេកវិទ្យារក្សាទុកទិន្នន័យអ្នកប្រើប្រាស់នៅក្នុងប្រទេសរបស់ខ្លួន ដើម្បីពង្រឹងសន្តិសុខអ៊ីនធឺណិត។
សកម្មភាពប្រឆាំងនឹងព័ត៌មានក្លែងក្លាយនៅក្នុងតំបន់នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយនោះទេ។ ដោយសារការគំរាមកំហែងពីសំណាក់ព័ត៌មានក្លែងក្លាយកាន់តែខ្លាំងដែលត្រូវបានផ្សព្វផ្សាយបន្តទាំងពីសំណាក់អ្នកនៅក្នុងស្រុក ឬពីតួអង្គបរទេស អាស៊ានចាំបាច់ត្រូវតែបង្កើនសកម្មភាពបន្ថែមទៀតដើម្បីកាត់បន្ថយព្យុះភ្លៀងនៃព័ត៌មានក្លែងក្លាយនៅក្នុងតំបន់ តាមរយៈវិធីមួយចំនួន។
ទី១ «គេត្រូវទទួលស្គាល់ថា ព័ត៌មានក្លែងក្លាយគឺជាបញ្ហាសន្តិសុខមិនមែនប្រពៃណី នៅក្នុងតំបន់»។ បើទោះបីជាទំហំនៃហានិភ័យសន្តិសុខមានលក្ខណៈមិនដូចគ្នាទៅនឹងជម្លោះដែនដី និងបញ្ហាអន្តរព្រំដែនក៏ដោយ ក៏ព័ត៌មានមិនពិត ពិតជាអាចបង្កការបែកបាក់នៅក្នុងសង្គមកាន់តែជ្រាលជ្រៅ។ ព័ត៌មានក្លែងក្លាយគួរតែត្រូវបានបញ្ចូលទៅក្នុងកិច្ចប្រជុំអាស៊ាន ឬយន្តការផ្សេងៗដែលបម្រើឱ្យការដោះស្រាយបញ្ហាសន្តិសុខ។ រដ្ឋាភិបាលអាស៊ានជាពិសេសទីភ្នាក់ងារការពារជាតិ និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ក៏គួរតែបង្កើនការផ្លាស់ប្តូរព័ត៌មានផងដែរដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត។
ទី២ «ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលត្រូវបានផ្សព្វផ្សាយដោយមហាអំណាចខាងក្រៅ បណ្ដារដ្ឋអាស៊ាននីមួយៗមិនគួរមានការភ័យខ្លាចក្នុងការបង្ហាញអំពីក្ដីព្រួយបារម្ភរបស់ខ្លួននៅក្នុងវេទិកាអន្តរជាតិនានានោះទេ»។ តួយ៉ាង អ្នកការទូតអាមេរិកធ្លាប់បានលើកឡើងថា «ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ីបានជួយផ្សព្វផ្សាយព័ត៌មានមិនពិតអំពីការបោះឆ្នោតនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៧ ដែលបានត្រួសត្រាយផ្លូវឱ្យលោក Donald Trumpបានឡើងកាន់អំណាច»។
នេះអាចជាមធ្យោបាយមួយសម្រាប់អាស៊ាន ដើម្បីធានាថា «ផលប្រយោជន៍ខាងក្រៅនឹងមិនបង្កផលប៉ះពាល់ដល់ស្ថិរភាពក្នុងស្រុកឡើយ»។ ចុងក្រោយគឺ «ការបង្កើតឱ្យមានកិច្ចសន្ទនាដោយបើកចំហជាមួយសង្គមស៊ីវិល, ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកផ្តល់សេវាបច្ចេកវិទ្យាស្តីអំពីអាកប្បកិរិយាដែលអាចទទួលយកបាននៅក្នុងលំហឌីជីថល»។ ប្រការនេះនឹងជួយបង្កើតឱ្យមានបទដ្ឋានអ៊ីនធឺណិត ដែលនឹងជួយឱ្យអាស៊ានអាចបង្កើតបាននូវលំហអ៊ីនធឺណិតប្រកបដោយសុវត្ថិភាព, ភាពបើកចំហ និងភាពវិជ្ជមានសម្រាប់ប្រជាជនរបស់ខ្លួន៕
Fulcrum