ខ្មែរប៉ុស្ដិ៍ Close

ចំណងមិត្តភាពចិន-អាមេរិក៖ ផលវិបាកផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ត្រសម្រាប់អាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 122
ចំណងមិត្តភាពចិន-អាមេរិក៖ ផលវិបាកផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ត្រសម្រាប់អាស៊ាន ចំណងមិត្តភាពចិន-អាមេរិក៖ ផលវិបាកផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្ត្រសម្រាប់អាស៊ាន

ប្រទេសអាស៊ានភាគច្រើន ក្រៅពីកម្ពុជានិងមីយ៉ាន់ម៉ា ដែលកំពុងមានទំនាក់ទំនងជិតស្និទ្ធជាមួយចិន កំពុងតែស្ថិតនៅក្នុងស្ថានភាពដ៏លំបាក ខណៈទំនាក់ទំនងរវាងអាមេរិកនិងចិនកាន់តែមានលក្ខណៈអាក្រក់។ ខណៈពេលដែលនាយករដ្ឋមន្រ្តីសិង្ហបុរី Lee Hsien Loong បានលើកឡើងម្តងហើយម្តងទៀតអំពីការមិនចង់ជ្រើសរើសយកភាគីណាមួយរវាងចិននិងអាមេរិក មេដឹកនាំអាស៊ានផ្សេងទៀតក៏បានលើកឡើង
នូវរឿងស្រដៀងគ្នានេះផងដែរ។

បន្ទាប់ពីបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយថា «បើទោះបីជាម៉ាឡេស៊ីចាំបាច់ត្រូវពង្រឹងទំនាក់ទំនងជាមួយអាមេរិក, អឺរ៉ុប, ឥណ្ឌា និងអាស៊ាន ក៏ដោយ ក៏ទំនាក់ ទំនងជាមួយចិននៅតែជារឿងសំខាន់។ ចិនគឺជាប្រទេសជិតខាងដ៏សំខាន់មួយ ហើយការពង្រឹងទំនាក់ទំនងទ្វេភាគីជាមួយចិននៅផ្នែកពាណិជ្ជកម្ម, ការវិនិយោគ និងវប្បធម៌ គឺសុទ្ធតែជារឿងអាទិភាព»។

បញ្ហាប្រឈមមួយទៀតសម្រាប់អាស៊ានគឺ «ការធានាឱ្យបានថា ប្លុកនៅក្នុងតំបន់នឹងមិនរងនូវការបែកបាក់រវាងប្រទេសដែលគាំទ្រចិន និងប្រទេសដែលគាំទ្រអាមេរិកនោះទេ»។ ពាក់ព័ន្ធនឹងយុទ្ធសាស្ត្រតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក លោក Lee Hsien Loong បានលើកឡើងនៅឯកិច្ចសន្ទនា ShangriLa កាលពីឆ្នាំ ២០១៩ ថា «ចក្ខុវិស័យបែបនេះនឹងទទួលបានការស្វាគមន៍នៅពេលដែលវាមិនបង្កើតឱ្យមានប្លុកប្រកួតប្រជែង ឬមិនបង្ខំប្រទេសនានាឱ្យជ្រើសរើសយកភាគីណាមួយ»។

គេកំពុងមានការសង្ស័យកាន់តែខ្លាំងឡើងៗទាក់ទងនឹងអាកប្បកិរិយាឈ្លានពានរបស់ចិននៅអាស៊ី ក៏ដូចជាភាពមិនចុះសម្រុងគ្នាជុំវិញបញ្ហានៅសមុទ្រចិនខាងត្បូង។ កាលពីឆ្នាំ ២០១៩ អាស៊ានក៏បានបង្ហាញផងដែរនូវចក្ខុវិស័យផ្ទាល់របស់ខ្លួនសម្រាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលផ្តោតលើការគោរពចំពោះអធិបតេយ្យភាព និងច្បាប់អន្តរជាតិដោយផ្អែកលើធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS)។

ទន្ទឹមគ្នានេះដែរ ប្រទេសជាសមាជិកអាស៊ានពិតជាមានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធជាមួយចិន។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ឥណ្ឌូណេស៊ីនិងចិនបានព្រមព្រៀងចំណាយប្រាក់បន្ថែមចំនួន ១,២ ពាន់លានដុល្លារទៅលើគម្រោងផ្លូវដែកល្បឿនលឿនសម្រាប់តភ្ជាប់ទីក្រុង Bandung និងទីក្រុង Jakarta ។

នៅក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ប្រធានាធិបតីហ្វីលីពីន Romualdez Marcos បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ ដែលរួមមានទាំងការអនុញ្ញាតឱ្យកងទ័ពជប៉ុនអាចចូលរួមនៅក្នុងសមយុទ្ធមនុស្សធម៌នៅក្នុងប្រទេសហ្វីលីពីន។ សកម្មភាពនេះត្រូវបានគេចាត់ទុកជាការបង្កើនទំនាក់ទំនងការពារជាតិរវាងក្រុងម៉ានីល និងទីក្រុងតូក្យូ។

កាលពីដើមខែនេះ នៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក Lloyd Austin ទៅកាន់ហ្វីលីពីន ពួកគេក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអាមេរិកផងដែរ ដែលនឹងផ្តល់នូវលទ្ធភាពដល់អាមេរិកក្នុងការចូលទៅកាន់មូលដ្ឋានយោធាចំនួន ៤ បន្ថែមទៀតនៅក្នុងប្រទេសហ្វីលីពីន ក្រោមកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ (EDCA) ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសទាំងពីរ
នៅក្នុងឆ្នាំ ២០១៤។

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនបានហៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះថាជា «រឿងដ៏សំខាន់»។ លោក Marcos ក៏បានបង្ហាញអំពីភាពប្រុងប្រយ័ត្នផងដែរ តាមរយៈការផ្ញើសារថា «ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខជាមួយជប៉ុន ឬសហរដ្ឋអាមេរិកមិនបានកំណត់គោលដៅលើប្រទេសចិននោះទេ»។

ប្រធានាធិបតីហ្វីលីពីនបាននិយាយថា «វាគ្មានសកម្មភាពណាមួយដែលមានជាប់ពាក់ព័ន្ធនឹងការប្រឆាំងនឹងចិននោះឡើយ»។ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ហ្វីលីពីន ហើយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ បានបន្តកើនឡើងយ៉ាងខ្លាំង ជាពិសេសនៅក្នុងអំឡុងពេលដែលប្រធានាធិបតី Rodrigo Duterte កំពុងកាន់តំណែង។

ដូចអ្វីដែលបានរៀបរាប់ខាងលើបណ្តាប្រទេសអាស៊ានកំពុងមានការព្រួយបារម្ភអំពីគោលនយោបាយការបរទេសដ៏ឈ្លានពានរបស់ចិនក្រោមការដឹកនាំរបស់លោក Xi Jinping ក៏ប៉ុន្តែប្រទេសទាំងនេះបានបដិសេធមិនរិះគន់ដោយត្រង់ៗចំពោះចិន។ ខណៈពេលដែលបណ្តាប្រទេសអាស៊ានបានចាប់ផ្តើមធ្វើការយ៉ាងជិតស្និទ្ធជាមួយអាមេរិកតាមរយៈយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ពួកគេក៏បានធ្វើការត្អូញត្អែរផងដែរថា «យុទ្ធសាស្ត្រស្តីពីតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលសេរីនិងបើកចំហ ពិតជាខ្វះនូវចក្ខុវិស័យសេដ្ឋកិច្ចច្បាស់លាស់»។

ប្រទេសជាសមាជិកអាស៊ានចំនួន៧ ដែលរួមមានប្រ៊ុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម បានចុះហត្ថលេខាលើក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក (IPEF) ហើយពួកគេពិតជាចង់បានលទ្ធភាពចូលទៅកាន់ទីផ្សាររបស់អាមេរិកឱ្យបានកាន់តែច្រើន។ បើទោះបីជាទំនាក់ទំនងចិន-អាមេរិកកំពុងបង្កបញ្ហាប្រឈមសម្រាប់ប្រទេសអាស៊ានក៏ដោយ ក៏ប្រទេសទាំងនេះបានបន្តព្យាយាមទាញយកអត្ថប្រយោជន៍ពីរឿងនេះ។

ទី១ «ក្រុមហ៊ុនអាមេរិកជាច្រើន ដែលរួមមានទាំងក្រុមហ៊ុន Apple បានធ្វើការផ្លាស់ប្តូរផលិតកម្ម ទៅកាន់ប្រទេសអាស៊ាន ដោយក្នុងនោះគោលដៅដែលត្រូវបានជ្រើសរើសគឺវៀតណាមខណៈក្រុមហ៊ុនជាច្រើនផ្សេងទៀតក៏បានសម្រេចផ្លាស់ប្តូរទៅកាន់ប្រទេសអាស៊ានផ្សេងៗទៀតផងដែរដែលរួមមានទាំងថៃ និងម៉ាឡេស៊ី»។ សិង្ហបុរីកំពុងព្យាយាមទាក់ទាញការវិនិយោគនៅក្នុងការដំឡើងឧបករណ៍អេឡិចត្រូនិកនិងការរចនាសៀគ្វីរួមបញ្ចូលគ្នានៅចំពេលមានការបែកបាក់កាន់តែខ្លាំងឡើងៗ រវាងអាមេរិកនិងចិននៅក្នុងផ្នែកពាណិជ្ជកម្មនិងបច្ចេកវិទ្យា។

ប្រធានក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចសិង្ហបុរី (EDB) លោក Beh Swan Gin បាននិយាយថា «ច្បាប់ CHIPS និង Science (2022) របស់រដ្ឋបាល Biden គឺជាគោលនយោបាយដំឡើងសាច់ដុំ ហើយវានឹងធ្វើឱ្យការទាក់ទាញការវិនិយោគកាន់តែមានភាពប្រកួតប្រជែង ជាពិសេសសម្រាប់ប្រភេទនៃការវិនិយោគដែលប្រទេសសិង្ហបុរីកំពុងតែប្រាថ្នាចង់បាននៅពេលសព្វថ្ងៃនេះ»។

សូមអាន ភូមិសាស្ត្រនយោបាយ និងការជំរុញការផលិតបន្ទះឈីបនៅសហរដ្ឋអាមេរិក

ទី២ «អាមេរិកកំពុងបង្ហាញនូវការចាប់អារម្មណ៍កាន់តែច្រើនមកលើអាស៊ាន»។ ក្រៅពីការផ្តោតទៅលើតែបញ្ហាសន្តិសុខ អាមេរិកអាចនឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចជាមួយតំបន់នេះក្រោមយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក។ ការធ្លាក់ចុះនៃទំនាក់ទំនងរវាងចិន និងអាមេរិកបានបង្កបញ្ហាប្រឈមជាច្រើនសម្រាប់តំបន់អាស៊ាន ហើយកម្រិតនៃផលវិបាកទាំងនោះនឹងអាស្រ័យទៅលើរបៀបដែលប្រទេសអាស៊ានឆ្លើយតបចំពោះបញ្ហាប្រឈម។

ខណៈពេលដែលប្រទេសអាស៊ានភាគច្រើនចង់ពង្រឹងទំនាក់ទំនងសន្តិសុខជាមួយអាមេរិក ពួកគេក៏កំពុងខិតខំស្វែងរកផលប្រយោជន៍ពីទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំផងដែរទាំងជាមួយអាមេរិក និងចិន៕

The Geopolitics