ខ្មែរប៉ុស្ដិ៍ Close

អាមេរិកឈរនៅពីលើចិន នៅពេលនិយាយដល់ឥទ្ធិពលអំណាចនៅអាស៊ី ខណៈដែលប្រទេសអាស៊ានបានជាប់ឈ្មោះនៅក្នុងលំដាប់កំពូលទាំង ១០

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 73
អាមេរិកឈរនៅពីលើចិន នៅពេលនិយាយដល់ឥទ្ធិពលអំណាចនៅអាស៊ី ខណៈដែលប្រទេសអាស៊ានបានជាប់ឈ្មោះនៅក្នុងលំដាប់កំពូលទាំង ១០ រាប់ពីឆ្វេងទៅស្ដាំ នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese, ប្រធានាធិបតីអាមេរិក Joe Biden, នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo ចូលរួមព្រឹត្តិការណ៍ដាំដើមឈើនៅព្រៃ Mangrove Taman Hutan Raya Ngurah Rai នៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅទីក្រុង Denpasar កោះបាលី ប្រទេសឥណ្ឌូនេស៊ី។ ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២។ (AP / Alex Brandon)

អាមេរិកនៅតែជាមហាអំណាចកំពូលនៅក្នុងតំបន់អាស៊ី ខណៈដែលចិនបានតាមកៀកពីក្រោយ ក៏ប៉ុន្តែបានរងនូវការធ្លាក់ចុះ ដោយសារតែភាពឯកោដោយសារវីរុសកូវីដ-១៩ (យោងតាមការបង្ហាញរបស់ការសិក្សា ដែលបានវិភាគលើឥទ្ធិពលអំណាចនៅអាស៊ី)។ បណ្តាប្រទេសអាស៊ីអាគ្នេយ៍កំពុងដេញតាមពីក្រោយ ដោយក្នុងនោះរបាយការណ៍បានលើកឡើងថា «ប្រទេសអាស៊ានមានភាពស្វាហាប់ផ្នែកការទូតជាងពេលណាៗទាំងអស់»។

កាលពីថ្ងៃអាទិត្យ ទី ៥ ខែកុម្ភៈ សន្ទស្សន៍អំណាចអាស៊ីដែលត្រូវបានចេញផ្សាយដោយវិទ្យាស្ថាន «Lowy Institute» ដែលមានមូលដ្ឋាននៅក្នុងប្រទេសអូស្ត្រាលី បានផ្តល់ពិន្ទុដល់ប្រទេសនិងតំបន់ចំនួន ២៦ ជុំវិញសមត្ថភាពជះឥទ្ធិពលនៅក្នុងតំបន់អាស៊ី ដោយផ្អែកលើសូចនាករចំនួន ៨ ដែលរួមមានសមត្ថភាពសេដ្ឋកិច្ច, យោធា និងការទូត។

សូមអាន សន្ទស្សន៍អំណាចអាស៊ី (Asia Power Index) ៖ អាស៊ានកើនថាមវន្ត ខណៈ​ចិននិងជប៉ុន​បានរងនូវការធ្លាក់​ចុះ

ជប៉ុនបានជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីអាមេរិកនិងចិន ខណៈដែលឥណ្ឌាបានជាប់លេខរៀងទី៤ ហើយរុស្ស៊ីបានជាប់លេខរៀងទី ៥។ ប្រទេសទាំង ៥ នេះតែងជាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៥ នៅតំបន់អាស៊ី បើគិតចាប់តាំងពីសន្ទស្សន៍នេះបានចាប់ផ្តើមនៅឆ្នាំ ២០១៨។ អូស្ត្រាលីនិងកូរ៉េខាងត្បូងបានឈរនៅលេខរៀងទី៦ និងទី៧ រៀងគ្នា ខណៈដែលសិង្ហបុរី, ឥណ្ឌូណេស៊ីនិ ងថៃ ក៏បានស្ថិតនៅក្នុងលំដាប់កំពូលទាំង ១០ ផងដែរ។

សន្ទស្សន៍អំណាចអាស៊ីឆ្នាំ ២០២៣ របស់វិទ្យាស្ថាន Lowy ៖ (ពីលេខ ១ ដល់លេខ ១០) សហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា រុស្ស៊ី អូស្ត្រាលី កូរ៉េខាងត្បូង សិង្ហបុរី ឥណ្ឌូនេស៊ី ថៃ។

ពិន្ទុសរុបរបស់ប្រទេសភាគច្រើន បានធ្លាក់ចុះកាលពីឆ្នាំមុន ដោយសារឥទ្ធិពលរយៈពេលវែងនៃការរាតត្បាតនៃវីរុស។ វិទ្យាស្ថាននេះបានលើកឡើងថា «នៅពេលឥឡូវនេះ ប្រទេសជាច្រើនមានភាពធន់តិចជាងមុន បើប្រៀបធៀបនឹងពេលមុនកើតមានវីរុសកូវីដ-១៩»។ ចិនបានរងនូវការធ្លាក់ចុះពិន្ទុខ្លាំងបំផុតនៅក្នុងពិន្ទុសរុបរបស់ខ្លួន ដោយសារតែគោលនយោបាយ «Zéro Covid» ដែលបានបង្កឱ្យមានការថយចុះយ៉ាងខ្លាំងនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសដទៃទៀត។

បញ្ហានេះបានធ្វើឱ្យពិន្ទុផ្នែកសមត្ថភាពសេដ្ឋកិច្ចរបស់ចិនដែលជាសូចនាករដ៏មានឥទ្ធិពលបំផុតនៅក្នុងការសិក្សារងនូវការធ្លាក់ចុះដល់កម្រិតទាបបំផុត បើគិតចាប់តាំងពីឆ្នាំ ២០១៨ មក។ អាមេរិកបានបង្កើនការនាំមុខរបស់ខ្លួនលើចិនកាលពីឆ្នាំមុន បើទោះបីជាមាននិន្នាការធ្លាក់ចុះជាបន្តបន្ទាប់ក៏ដោយ ជាមួយនឹងការនាំមុខនៅក្នុងសូចនាករចំនួន ៦ ក្នុងចំណោមសូចនាករចំនួន ៨ ជាពិសេសនៅលើផ្នែកសមត្ថភាពការពារជាតិ និងសម្ព័ន្ធភាពយោធា។

លោកស្រី Susannah Patton ដែលជាអ្នកដឹកនាំគម្រោងសម្រាប់ការសិក្សានេះបាននិយាយថា «អាមេរិកមានគុណសម្បត្តិរឹងមាំជាច្រើននៅក្នុងតំបន់អាស៊ី ជាពិសេសគឺបណ្តាញការពារជាតិដែលបានវ៉ាដាច់ឆ្ងាយប្រទេសចិន។ អត្ថប្រយោជន៍របស់ចិនបានពឹងផ្អែកជាចម្បងលើទំនាក់ទំនងសេដ្ឋកិច្ច»។

អាមេរិកបាននាំមុខប្រទេសចិននៅក្នុងសន្ទស្សន៍នេះជារៀងរាល់ឆ្នាំ ចាប់តាំងពីការសិក្សាបានចាប់ផ្តើម។ ទោះជាយ៉ាងណាក៏ដោយ ចិនបានបន្តទទួលបានសន្ទុះនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការទាញយកផលប្រយោជន៍ពីទីតាំងនៅកៀកជិត និងការតភ្ជាប់ដើម្បីជំរុញការទូតសេដ្ឋកិច្ចជាមួយប្រទេសជិតខាង។ ចិនបានដណ្តើមយកតំណែងកំពូលសម្រាប់ឥទ្ធិពលការទូតពីអាមេរិកវិញ ដោយក្នុងនោះកាលពីឆ្នាំមុនចិនបានទាក់ទាញសមភាគីទាំងនៅក្នុងតំបន់អាស៊ី និងតំបន់ប៉ាស៊ីហ្វិកបានល្អប្រសើរជាងអាមេរិក។

លោកស្រី Patton ដែលជានាយកកម្មវិធីអាស៊ីអាគ្នេយ៍នៅ «Lowy Institute» បាន និយាយថា «វិធីសាស្រ្តរបស់អាមេរិកចំពោះតំបន់អាស៊ីមាននិន្នាការផ្តោតលើភាពជាដៃគូស៊ីជម្រៅជាមួយក្រុមសម្ព័ន្ធមិត្តមួយចំនួនតូចដែលរួមមានជប៉ុន, អូស្ត្រាលី, ឥណ្ឌា និងកូរ៉េខាងត្បូង»។ ម៉្យាងវិញទៀត ចិនបានបង្ហាញវត្តមានយ៉ាងទូលំទូលាយនៅក្នុងតំបន់ និងបានផ្តោតលើការបង្កើតទំនាក់ ទំនងជិតស្និទជាមួយប្រទេសជាច្រើន។ ចិនក៏បានបង្ហាញនូវសមត្ថភាពយោធារបស់ខ្លួនកាន់តែខ្លាំងជាងមុនផងដែរ បើធៀបនឹងឆ្នាំមុនៗ។

បើទោះបីជាការសិក្សាបានលើកឡើងថា «សហរដ្ឋអាមេរិកទំនងជាមិនអាចទទួលបាននូវការនាំមុខនៅក្នុងតំបន់ ដោយសារតែការកើនឡើងរបស់ចិន» ក៏ដោយ ក៏អាមេរិកត្រូវបានគេរំពឹងថានឹងនៅតែជាមហាអំណាចដែលមានឥទ្ធិពលបំផុតនៅក្នុងតំបន់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ និន្នាការបច្ចុប្បន្នបានបង្ហាញថា «ចិនមានភាគរយតិចណាស់ដែលអាចវ៉ាដាច់អាមេរិកនៅត្រឹមចុងទសវត្សរ៍នេះ»។

សន្ទស្សន៍អំណាចអាស៊ីឆ្នាំ ២០២៣ របស់វិទ្យាស្ថាន Lowy បានវាស់វែងប្រទេស និងដែនដី ដោយផ្អែកលើសូចនាករចំនួន ៨ គឺ សមត្ថភាពសេដ្ឋកិច្ច សមត្ថភាពយោធា ភាពធន់ ធនធាននាពេលអនាគត ទំនាក់ទំនងសេដ្ឋកិច្ច បណ្តាញការពារ ឥទ្ធិពលការទូត និងឥទ្ធិពលវប្បធម៌។

ប្រទេសអាស៊ីអាគ្នេយ៍មានភាពលេចធ្លោកាន់តែខ្លាំងឡើងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយក្នុងនោះ បណ្តាមេដឹកនាំអាស៊ានបានបង្ហាញអំពីតម្រូវការក្នុងការបោះជំហានឆ្ពោះទៅមុខបន្ថែមទៀត នៅសមុទ្រចិនខាងត្បូង ក៏ដូចជាការចូលរួមប្រកបដោយការប្រុងប្រយ័ត្នជាមួយបណ្តាប្រទេសដែលមានអំណាចជាងខ្លួន។ ខណៈពេលដែលប្រទេសភាគច្រើនបានធ្លាក់ចុះពិន្ទុ សមាជិកអាស៊ានដូចជាកម្ពុជា, ប្រ៊ុយណេ និងឡាវ គឺជាបណ្តាប្រទេសនៅក្នុងការសិក្សា ដែលទទួលបាននូវការកើនឡើងនៃពិន្ទុ ដោយសារតែការកើនឡើងនៃសកម្មភាពរបស់ពួកគេនៅក្នុងតំបន់។

ខណៈពេលដែលតំបន់នេះត្រូវបានរិះគន់ថាមិនសូវមានថាមវន្ត និងបានបន្តជួបប្រទះនឹងការលំបាកក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយមហាអំណាចក៏ដោយ លោកស្រី Patton បាននិយាយថា «ទិន្នន័យបានបង្ហាញថា ប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើនមានភាពសកម្មខ្ពស់ខាងផ្នែកកសាងបណ្តាញ និងការទូត»។

លោកស្រីបានបន្តថា «ឥណ្ឌូណេស៊ីបានបន្តទទួលបានពិន្ទុកាន់តែល្អទាក់ទងនឹងអំណាចជារួម និងឥទ្ធិពលការទូត ដែលបានឆ្លុះបញ្ចាំងអំពីសកម្មភាពថ្មីៗមួយចំនួនរបស់ឥណ្ឌូណេស៊ី ដូចជាជុំវិញបញ្ហាមីយ៉ាន់ម៉ា ក៏ដូចជាបញ្ហារវាងរុស្ស៊ីនិងអ៊ុយក្រែន»។ ឥណ្ឌូណេស៊ីបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 កាលពីឆ្នាំមុននៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយដ៏លំបាក និងនៅចំពេលមានការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ឥណ្ឌូណេស៊ី នឹងប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់លើការបង្រួបបង្រួមប្លុកថ្នាក់តំបន់នៅក្នុងការឆ្លើយតបទៅនឹងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ ជប៉ុនដែលជាប្រទេសលំដាប់ទី៣ នៅក្នុងសន្ទស្សន៍នេះ និងជាមហាអំណាចកណ្តាលដ៏ធំបំផុតរបស់តំបន់អាស៊ី បាននិងកំពុងធ្លាក់ចុះខ្សោយនៅក្នុងចំណាត់ថ្នាក់នៃទ្រព្យសម្បត្តិ, ទំហំសេដ្ឋកិច្ច និងបច្ចេកវិទ្យា ដែលជាហេតុបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់។

ដោយធ្លាប់ជាមហាអំណាចនៅក្នុងផ្នែកទាំងនេះ របាយការណ៍បានលើកឡើងថា «ជប៉ុនបានក្លាយជាប្រទេសដែលលែងសូវមានសារៈសំខាន់ផ្នែកពាណិជ្ជកម្មនិងការវិនិយោគសម្រាប់ប្រទេសអាស៊ីជាច្រើន»។ កាលពីពេលថ្មីៗនេះ ជប៉ុនបានបង្កើនសមត្ថភាពយោធារបស់ខ្លួន តាមរយៈការហ្វឹកហាត់រួមគ្នា និងកិច្ចសន្ទនាផ្នែកការពារជាតិ ក៏ប៉ុន្តែការកែលម្អនេះនៅមិនគ្រប់គ្រាន់ដើម្បីប៉ះប៉ូវការធ្លាក់ចុះទាំងមូលនោះទេ។

ទន្ទឹមនឹងនេះដែរ ការសិក្សាបានពិពណ៌នាឥណ្ឌាថាជា «ប្រទេសមិនសូវជោគជ័យ» ដោយបានដំណើរការទាបជាងការរំពឹងទុក។ បើទោះបីជាពិន្ទុសរុបរបស់ខ្លួនបានធ្លាក់ចុះជារៀងរាល់ឆ្នាំក៏ដោយ ក៏ការសិក្សាបានឱ្យដឹងថា «ឥណ្ឌាដែលបច្ចុប្បន្នស្ថិតនៅក្នុងចំណាត់ថ្នាក់ទី៤ នឹងនៅតែមានសក្តានុពលដ៏ធំសម្បើមនៅផ្នែកឥទ្ធិពលសេដ្ឋកិច្ច និងយោធានៅក្នុងតំបន់នៅពេលអនាគត»។

រុស្ស៊ីដែលបានបន្តជាប់ចំណាត់ថ្នាក់ជាប្រទេសដ៏មានឥទ្ធិពលបំផុតលំដាប់ទី៥ នៅអាស៊ី បានទទួលនូវការធ្លាក់ចុះពិន្ទុនៅគ្រប់ផ្នែកទាំងអស់ ជាមួយនឹងការថយចុះដ៏ធំបំផុតនៅក្នុងផ្នែកឥទ្ធិពលការទូត ខណៈដែលប្រទេសជាច្រើនបានផ្តាច់ទំនាក់ទំនងពីរុស្ស៊ី នៅក្រោយកើតមានការឈ្លានពាននៅអ៊ុយក្រែន។ អ្នកស្រី Patton បាននិយាយថា «ការស្រាវជ្រាវបានបង្ហាញថា ការប្រកួតប្រជែងរវាងអាមេរិកនិងចិននឹងនៅតែបន្តកើតមាន ហើយគ្មានភាគីណាមួយនឹងអាចរុញច្រានភាគីម្ខាងទៀតចេញពីសង្វៀនប្រកួតបានទេ ពីព្រោះប្រទេសទាំងពីរសុទ្ធតែមានគុណសម្បត្តិរៀងៗខ្លួន»៕

Channel News Asia

អត្ថបទទាក់ទង