ខ្មែរប៉ុស្ដិ៍ Close

ការងារជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ រួចរាល់១០០ភាគរយហើយ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 51
ការងារជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ រួចរាល់១០០ភាគរយហើយ ការងារជួសជុលខ្លោងទ្វារតាកាវនៃក្រុងអង្គរធំ រួចរាល់១០០ភាគរយហើយ

គម្រោងជួសជុលខ្លោងទ្វារតាកាវនៅទិសខាងលិចរបស់ក្រុងអង្គរធំ បានរួចរាល់ជាស្ថាពរហើយ ដែលបច្ចុប្បន្នក្រុមការងារកំពុងសម្អាតទីតាំងការដ្ឋាន និងបង្ហើយការងារដែលនៅសេសសល់មួយចំនួនតូចតែប៉ុណ្ណោះ។ នេះបើយោងតាមការលើកឡើងរបស់លោក គឹម សុធិន អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា។

លោកបានឱ្យដឹងទៀតថា ការងារស្ថិតនៅជាប់ខ្លោងទ្វារនេះ គឺក្រុមការងារអាជ្ញាធរជាតិអប្សរាបន្តជួសជុលជញ្ជាំងតែប្រវែង៥ម៉ែត្រ និងកម្ពស់១ម៉ែត្រ៤តឹក ឋិតនៅពីលើកំពែងភ្ជាប់សងខាងតួខ្លោងទ្វារ ទៅតាមអនុសាសន៍របស់អ្នកជំនាញការអាយស៊ីស៊ី-អង្គរ ដើម្បីរក្សាបាននូវទ្រង់ទ្រាយដើមរបស់រចនាសម្ពន្ធខ្លោងទ្វារឡើងវិញ។ ការងារនេះ នៅសល់តែដាប់ខ្សែក្បាច់ និងចាក់ដីបំពេញកន្លែងហូរច្រោះលើខ្នងកំពែងជាប់នឹងតួខ្លោងទ្វារ ហើយនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ។ រីឯការងារជួសជុលចម្លាក់ទេវតាទាញព្រ័ត្រ ក្រុមការងារនឹងបន្តជួសជុលជាបន្តបន្ទាប់ ដោយដាក់រូបពេញលេញ មានដៃ ជើង និងមានព្រះកេសខ្លះៗ ដោយឡែក រូបយក្សទាញព្រ័ត្រ គឺមានភាពស្មុកស្មាញបន្ទិចដោយសារគ្រឹះ។

លោកបន្តទៀតថា មុននឹងបញ្ចប់ការងារជួសជុលខ្លោងទ្វារទាំងមូល អាជ្ញាធរជាតិអប្សរា កំពុងធ្វើកំណាយស្រាវជ្រាវត្រង់ចំណុចច្រកចេញចូលនៃតួខ្លោងទ្វារ ដើម្បីស្វែងយល់ពីរចនាសម្ពន្ធបាតរបស់ខ្លោងទ្វារ។ យើងបានរកឃើញមានរន្ធសម្រាប់ដាក់សសរឈើនៅកម្រាលថ្មបាយក្រៀម ថ្មភក់ដែលអាចមានសំណង់ឈើនៅសម័យនោះផង៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា/ភោគ ជា

អត្ថបទទាក់ទង