ខ្មែរប៉ុស្ដិ៍ Close

ការធ្វើតេស្តលើភាពធន់របស់វៀតណាមពាក់ព័ន្ធនឹងការកើនឡើងនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ 21
ការធ្វើតេស្តលើភាពធន់របស់វៀតណាមពាក់ព័ន្ធនឹងការកើនឡើងនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ការធ្វើតេស្តលើភាពធន់របស់វៀតណាមពាក់ព័ន្ធនឹងការកើនឡើងនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩

នៅឆ្នាំ ២០២២ ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន, ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់ចិន និងការហក់ឡើងយ៉ាងគំហ៊ុកនៃតម្លៃស្បៀងអាហារនិងថាមពល បានធ្វើឱ្យអត្រាអតិផរណាកើនឡើងកាន់តែខ្ពស់នៅទូទាំងសកលលោក។ កត្តាទាំងអស់នេះបានបង្កហានិភ័យកាន់តែធ្ងន់ធ្ងរសម្រាប់ប្រទេសវៀតណាម ខណៈដែលសេដ្ឋកិច្ចរបស់ពួកគេទើបនឹងបានងើបឡើងវិញ ក្រោយពីការបិទខ្ទប់ដ៏យូរ ដោយសារវីរុសកូវីដ-១៩។

ដំណើរទស្សនកិច្ចរបស់អគ្គលេខាធិការបក្សកុម្មុនីស្ត Nguyen Phu Trong ទៅកាន់ប្រទេសចិនកាលពីខែតុលា ឆ្នាំ ២០២២ ត្រូវបានធ្វើឡើងក្នុងគោលបំណងទទួលបានការធានាពីសំណាក់ទីក្រុងប៉េកាំងសម្រាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងការនាំចេញដែលគ្មានការរំខាន។

សូមអាន ការទូតដើមឬស្សី៖ មនោសញ្ចេតនាចិន-អាស៊ីអាគ្នេយ៍

បើទោះបីជាមានក្តីកង្វល់ទាំងអស់នេះក៏ដោយ ក៏សេដ្ឋកិច្ចវៀតណាមនៅតែអាចស្ទុះងើបឡើងវិញ ខណៈដែលប្រទេសនេះបានផ្លាស់ប្តូរដោយជោគជ័យចេញពីគោលនយោបាយ «Zero Covid» ឆ្ពោះទៅរក «ការរៀនរស់នៅជាមួយវីរុសកូវីដ-១៩» ហើយនៅឆ្នាំ ២០២២ GDP របស់ប្រទេសនេះបានកើនឡើងរហូតដល់ ៨,០៣% ដែលនេះគឺជាតួលេខដែលមានចំនួនខ្ពស់ជាងកំណើននៅមុនពេលមានការផ្ទុះឡើងនៃវីរុសកូវីដ-១៩ កាលពីឆ្នាំ ២០២០ ទៅទៀត។

ចំណែកឯស្ថានភាពក្នុងស្រុកវិញ បណ្តាក្រុមហ៊ុននិងទីផ្សារការងារបាននិងកំពុងងើបឡើងវិញ ខណៈវិស័យខាងក្រៅបានបង្ហាញនូវភាពធន់ដ៏រឹងមាំ។ កម្រិតការងារជាទូទៅ ត្រូវបានគេរាយការណ៍ថា បានវិលត្រឡប់មករកកម្រិតនៅមុនពេលកើតមានវីរុស ហើយប្រាក់ចំណូលរបស់ពលរដ្ឋបានហក់ឡើងវិញដល់ចំនួន ៥,៨% បើគិតត្រឹមពាក់កណ្តាលឆ្នាំ ២០២២។

ប៉ុន្តែផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ នៅតែបន្តអូសបន្លាយ ខណៈដែលគិតត្រឹមខែមេសា ឆ្នាំ ២០២២ ពលរដ្ឋនៅតាមទីប្រជុំជនជិត ១/៤ ត្រូវបានគេប៉ាន់ប្រមាណថា នៅតែរកចំណូលបានតិចជាងអ្វីដែលពួកគេអាចរកបានកាលពីខែមេសា ឆ្នាំ ២០២១។ សម្រាប់ស្ថានភាពខាងក្រៅវិញ ការវិនិយោគផ្ទាល់ពីបរទេស, វិស័យទេសចរណ៍អន្តរជាតិ និងការផ្ញើប្រាក់ពីបរទេស បានជួយបំពេញបន្ថែមនូវកង្វះខាត។ ការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើងដល់ចំនួន ១០ ពាន់លានដុល្លារនៅឆមាសទី១ នៃឆ្នាំ ២០២២ ដែលជាការកើនឡើងខ្ពស់បំផុតដែលមិនធ្លាប់មាននៅក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។

ការវិនិយោគពីបរទេសលើវិស័យឧស្សាហកម្ម ជាពិសេសលើផ្នែកអេឡិចត្រូនិកបានបន្តកើនឡើងយ៉ាងឆាប់រហ័សនៅឆ្នាំ ២០២២។ ក្រុមហ៊ុនអន្តរជាតិជាច្រើន ដូចជាក្រុមហ៊ុន Samsung បានធ្វើការពង្រីករោងចក្រដែលមានស្រាប់របស់ខ្លួននៅក្នុងប្រទេសវៀតណាម ឬក៏បានផ្លាស់ប្តូរទីតាំងរោងចក្ររបស់ពួកគេមកកាន់ប្រទេសវៀតណាម។

ហាង​លក់​គ្រឿង​អេឡិច​ត្រូនិក Samsung មួយ​កន្លែង ស្ថិតនៅ​ក្រោម​ផ្ទាំង​ប៉ាណូ​ឃោសនា​ផ្លូវការ​មួយ​ នៅ​កណ្តាល​ក្រុង​ហាណូយ។ រូបថត៖ AFP/Hoang Dinh Nam

គោលនយោបាយរូបិយវត្ថុបានជួយផ្តល់សន្ទុះដល់សកម្មភាពសេដ្ឋកិច្ចនៅក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២២ ក៏ប៉ុន្តែធនាគាររដ្ឋវៀតណាម (State Bank of Vietnam) បានដំឡើងអត្រាការប្រាក់ចំនួន ១% នៅខែកញ្ញា ឆ្នាំ ២០២២ ដើម្បីប្រយុទ្ធប្រឆាំងនឹងសម្ពាធអតិផរណា ដោយសារតែការកើនឡើងដ៏ខ្ពស់នៃតម្លៃថាមពល, តម្លៃវត្ថុធាតុដើមពីខាងក្រៅ និងការកើនឡើងនៃប្រាក់ឈ្នួល។

នៅត្រឹមចុងឆ្នាំ ២០២២ អត្រាអតិផរណាមានចំនួនប្រមាណ ៣,៥% ដោយនៅតែស្ថិតនៅក្រោមគោលដៅ ៤% ដែលធនាគាររដ្ឋវៀតណាមបានកំណត់។ បន្ថែមពីលើនេះ ហានិភ័យចំពោះវិស័យហិរញ្ញវត្ថុកំពុងតែលេចឡើងយ៉ាងច្បាស់។ និយមន័យជាអន្តរជាតិនៃប្រាក់កម្ចី Non-performing Loans គឺសំដៅទៅលើប្រាក់កម្ចីទាំងឡាយណាដែលមិនមានការទូទាត់ជាសំណងដើម្បីសងត្រលប់មកវិញ។

យោងតាមនិយមន័យយ៉ាងទូលាយនេះ ប្រាក់កម្ចីសរុបប្រមាណ ៥,៧៦% នៅតាមបណ្តាធនាគាររបស់វៀតណាម អាចនឹងត្រូវស្ថិតនៅក្នុងហានិភ័យ។ ការធ្វើមូលធននីយកម្មឡើងវិញ (Re-capitalization) ឬការលក់មូលធនខ្លះរបស់ធនាគាររដ្ឋ ពិតជាមានភាពចាំបាច់ដើម្បីអាចឱ្យស្ថាប័នទាំងនេះធ្វើការបង្វែរមូលធនប្រកបដោយប្រសិទ្ធភាពពីអ្នកផ្តល់កម្ចីទៅកាន់អ្នកខ្ចីប្រាក់។

ទីផ្សារហ៊ុនវៀតណាមបានធ្លាក់ចុះប្រមាណ ៣០% នៅឆ្នាំ ២០២២ ដែលបានធ្វើឱ្យវិស័យនេះស្ថិតនៅក្នុងសភាពអាក្រក់បំផុតមួយនៅក្នុងពិភពលោក។ ទន្ទឹមគ្នានេះដែរ សញ្ញាបណ្ណក្រុមហ៊ុនសារជីវកម្មដែលបាន ស្ថិតនៅកម្រិត ០ កាលពីឆ្នាំ ២០១៩ បានកើនឡើងដល់ចំនួន ១៥% នៃ GDP នៅឆ្នាំ ២០២២។

ករណីនេះបានធ្វើឱ្យធនាគាររដ្ឋវៀតណាមមានភាពយឺតយ៉ាវក្នុងការដាក់ចេញនូវការផាកពិន័យចំពោះទីផ្សារដែលមិនបានគោរពតាមបទបញ្ញត្តិ ហើយបញ្ហានេះបានបណ្តាលឱ្យមានការធ្លាក់ចុះដ៏គួរឱ្យកត់សម្គាល់នៅក្នុងលក្ខខណ្ឌឥណទាន។ ហានិភ័យនៅក្នុងវិស័យហិរញ្ញវត្ថុនឹងកាន់តែមានសភាពអាក្រក់ឡើង នៅពេលដែលលក្ខខណ្ឌរូបិយវត្ថុត្រូវបានបន្តរឹតបន្តឹងនៅក្នុងឆ្នាំ ២០២៣។

គោលនយោបាយសារពើពន្ធហាក់មានភាពបញ្ច្រាសគ្នានៅឆ្នាំ ២០២២ ដោយក្នុងនោះ មូលហេតុភាគច្រើនគឺដោយសារតែការអនុវត្តមិនបានពេញលេញនូវកម្មវិធីចំណាយ ដូចជាកម្មវិធីគាំទ្រចំពោះការងើបសេដ្ឋកិច្ចឡើងវិញជាដើម។ ការដាក់ចេញនូវកម្មវិធីទាំងនេះឱ្យបានកាន់តែលឿន នឹងអាចជួយជំរុញការងើបឡើងវិញនៅក្នុងរយៈពេលខ្លី និងអាចជួយលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅក្នុងរយៈពេលវែង។

វិធីសាស្ត្រដែលមានគោលបំណងជួយដល់ពលរដ្ឋដែលងាយរងគ្រោះ ជាជាងការកាត់បន្ថយពន្ធលើការការពារបរិស្ថាន, ពន្ធលើតម្លៃបន្ថែម (VAT) និងពន្ធនាំចូល នឹងជួយពង្រឹងប្រសិទ្ធភាពនៃបណ្តាញសុវត្ថិភាពសង្គម ហើយក៏អាចជួយលើកតម្កើងការប្រើប្រាស់ក្នុងស្រុក ជាជាងការពឹងផ្អែកខ្លាំងទៅលើការនាំចេញដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច។

សេដ្ឋកិច្ចវៀតណាមនៅតែមានភាពធន់នៅឆ្នាំ ២០២២ ក៏ប៉ុន្តែលទ្ធភាពនៃការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច និងការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ដៃគូពាណិជ្ជកម្មធំៗទាំង ៣ របស់វៀតណាម គឺអាមេរិក, សហភាពអឺរ៉ុប និងចិន កំពុងតែបង្កជាមន្ទិលសង្ស័យយ៉ាងធ្ងន់ធ្ងរសម្រាប់ឆ្នាំ ២០២៣ ខណៈដែលកំណើនសេដ្ឋកិច្ចត្រូវបានគេព្យាករថានឹងធ្លាក់ចុះមកនៅត្រឹម ៦,៣%។

វាមានឱកាសផ្នែកសារពើពន្ធខ្លះ ដែលអាចជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងរយៈពេលខ្លី ខណៈដែលបំណុលសាធារណៈបានធ្លាក់ចុះមកនៅត្រឹមចំនួន ៤៣,១% នៃ GDP ពោលគឺស្ថិតនៅក្រោមចំនួនដែលបានកំណត់ គឺ ៦៥%។ ប៉ុន្តែការដកមន្ត្រីជាន់ខ្ពស់កាលពីពេលថ្មីៗនេះពាក់ព័ន្ធនឹងអំពើពុករលួយក្នុងការទិញវ៉ាក់សាំងនិងឱសថនៅក្នុងអំឡុងពេលកើតមានវីរុសកូវីដ-១៩ អាចធ្វើឱ្យមានការពន្យាពេលនៅក្នុងវិស័យដឹកជញ្ជូនសាធារណៈ និងការវិនិយោគនៅក្នុងរយៈពេលខ្លី។

ផ្ទាំងផ្សាយពាណិជ្ជកម្មស្តីពីការទប់ស្កាត់ការរីករាលដាលនៃកូវីដ-១៩ នៅទីក្រុងហាណូយ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០។ រូបថត៖ AFP / Manan Vatsyayana

នៅខែធ្នូ ឆ្នាំ ២០២២ ក្រុមប្រទេស G7 បានយល់ព្រមផ្តល់ថវិកាចំនួន ១៥,៥ ពាន់លានដុល្លារដើម្បីជួយវៀតណាមឱ្យធ្វើការផ្លាស់ប្តូរចេញពីការពឹងផ្អែកខ្លាំងទៅលើធ្យូងថ្ម។ ដោយសារតែមូលនិធិដែលបានផ្តល់ឱ្យខាងលើនេះ ភាគច្រើនគឺជាប្រាក់កម្ចី វាពិតជាមានចាំបាច់ណាស់ក្នុងការរក្សាជំហរសារពើពន្ធឱ្យបានល្អដើម្បីអាចទទួលបានទំនុកចិត្តពីសំណាក់ម្ចាស់ឥណទាន។

ក្នុងចំណោមពលរដ្ឋវៀតណាមដែលគ្រប់អាយុរៀនថ្នាក់ឧត្តមសិក្សាជាង ៦,៩ លាននាក់ មានតែពលរដ្ឋប្រមាណ ២ លាននាក់ប៉ុណ្ណោះ ដែលបានចុះឈ្មោះចូលរៀន។ គេចាំបាច់ត្រូវតែបង្កើនតួលេខឱ្យបានទ្វេដង រហូតដល់ ៣,៨ លាននាក់ ដើម្បីឱ្យប្រទេសវៀតណាមអាចដើរតាមទាន់បណ្តាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ផ្សេងៗ ទៀតនៅក្នុងរយៈពេល ១៥ ឆ្នាំទៅ ២០ ឆ្នាំខាងមុខ។

ធនធានសំខាន់ៗបន្ថែមទៀតចាំបាច់ត្រូវតែចំណាយ ដើម្បីលើកកម្ពស់ជំនាញរបស់ពលរដ្ឋ។ វីរុសកូវីដ-១៩ បានបង្កការរំខានដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងពេល ៣ ឆ្នាំកន្លងទៅនេះ។ វាដល់ពេលហើយដែលអាជ្ញាធរវៀតណាមត្រូវផ្តោតលើការរក្សាស្ថិរភាពហិរញ្ញវត្ថុនៅក្នុងរយៈពេលខ្លី និងការលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅក្នុងរយៈពេលមធ្យមនិងវែង៕

Asia Times

អត្ថបទទាក់ទង