ខ្មែរប៉ុស្ដិ៍ Close

ផ្ទុះការឆ្លងកូវីដ-១៩លើកទី២នៅជំរុំជនភៀសខ្លួនក្នុងប្រទេសម៉ាឡេស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 6
ផ្ទុះការឆ្លងកូវីដ-១៩លើកទី២នៅជំរុំជនភៀសខ្លួនក្នុងប្រទេសម៉ាឡេស៊ី ផ្ទុះការឆ្លងកូវីដ-១៩លើកទី២នៅជំរុំជនភៀសខ្លួនក្នុងប្រទេសម៉ាឡេស៊ី

នាល្ងាចថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ពីការផ្ទុះឡើងនៃការឆ្លងមេរោគកូវីដ-១៩មួយផ្សេងទៀតក្នុងជំរុំជនភៀសខ្លួនខុសច្បាប់មួយកន្លែងឈ្មោះ Semenyih ជិតទីក្រុងកូឡាឡាំពួរ ដែលមានជនភៀសខ្លួនខុសច្បាប់សរុបប្រមាណ ១.៦០០នាក់។ បើតាមសេចក្ដីរាយការណ៍ គេបានរកឃើញជនភៀសខ្លួន ២១នាក់ក្នុងចំណោមនោះមានផ្ទុកមេរោគកូវីដ-១៩។

សូមបញ្ជាក់ថា កាលពីដើមសប្ដាហ៍នេះ មានជនភៀសខ្លួនចំនួន ៦០នាក់ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩ ក្នុងចំណោមជនភៀសខ្លួនសរុបប្រមាណ ១.៤០០នាក់ នៅឯជំរុំជនភៀសខ្លួន Bukit Jalil។

មកទល់ពេលនេះ ម៉ាឡេស៊ីមានអ្នកឆ្លងកូវីដ-១៩សរុបចំនួន ៧.១៨៥នាក់ និង ស្លាប់ចំនួន ១១៥នាក់។

ក្នុងខែឧសភានេះ មានជនបរទេសប្រមាណ ២.០០០នាក់ហើយត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឆ្លងដែនចូលមកប្រទេសម៉ាឡេស៊ីដោយខុសច្បាប់។ អ្នកទាំងនោះត្រូវបានបញ្ជូនទៅឃុំឃាំងនៅតាមជំរុំជនភៀសខ្លួននានាដោយក្នុងមួយបន្ទប់ៗមានជនភៀសខ្លួនរាប់សិបនាក់នៅប្រជ្រៀតគ្នាកកកុញ។

ជនភៀសខ្លួន និងជនបរទេសដែលបានឆ្លងដែនចូលប្រទេសម៉ាឡេស៊ីដោយខុសច្បាប់គឺជាជនរងគ្រោះពីការស្អប់ខ្ពើមនៅក្នុងប្រទេសនេះនៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយត្រូវបានចោទប្រកាន់ថាបាននាំយកមេរោគចូលប្រទេស បន្ថែមបន្ទុកដល់រដ្ឋ និងដណ្ដើមការងារធ្វើ ខណៈពេលដែលប្រទេសកំពុងតែជួបបញ្ហាសេដ្ឋកិច្ច។ ជាពិសេសនោះគឺជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ាដែលជាគោលដៅនៃការយាយី និងគម្រាមកំហែងពីម្ចាស់ស្រុក។

អង្គការសហប្រជាជាតិនិងក្រុមសិទ្ធិមនុស្សបានអំពាវនាវឲ្យម៉ាឡេស៊ីបញ្ឈប់ការបង្ក្រាប និងបានរិះគន់អាជ្ញាធរប្រទេសនេះចំពោះការបន្តយាយីសហគមន៍ងាយរងគ្រោះក្នុងពេលមានជំងឺរាតត្បាតនេះ។

អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថារដ្ឋាភិបាលម៉ាឡេស៊ីថ្មីដែលបានឡើងកាន់អំណាចកាលពីចុងខែកុម្ភៈពុំបានយកចិត្តទុកដាក់ទាល់តែសោះក្នុងការការពារសិទ្ធិរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ានេះ៕

អត្ថបទទាក់ទង