ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាបើកការដ្ឋានជួសជុលរានហាលរបស់ប្រាសាទបុរាណបន្ទាយសំរែ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 37
អាជ្ញាធរជាតិអប្សរាបើកការដ្ឋានជួសជុលរានហាលរបស់ប្រាសាទបុរាណបន្ទាយសំរែ អាជ្ញាធរជាតិអប្សរាបើកការដ្ឋានជួសជុលរានហាលរបស់ប្រាសាទបុរាណបន្ទាយសំរែ

អាជ្ញាធរជាតិអប្សរាសហការជាមួយអង្គការGIZនៃប្រទេសអាល្លឺម៉ង់ បានធ្វើពិធីសែនព្រេនតាមបែបជំនឿសាសនា សុំសេចក្តីសុខ ក្នុងការរៀបចំបើកការដ្ឋានជួសជុលរានហាលផ្នែកខាងកើត របស់ប្រាសាទបន្ទាយសំរែ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យា លោក ឡុង ណារី មានប្រសាសន៍ថា ពិធីសែនព្រេននេះ ក្នុងបំណងសុំការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដី វត្ថុស័ក្តិសិទ្ធិដែលថែរក្សារានហាលខាងកើតរបស់ប្រាសាទបន្ទាយសំរែ ដើម្បីធ្វើការជួសជុលឱ្យរួចផុតពីហានិភ័យ និងរក្សាទុកជាកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយបានយូរអង្វែងតទៅទៀត។

លោក ឡុង ណារី មានប្រសាសន៍ទៀតថា រានហាលផ្នែកខាងកើតនៃប្រាសាទបន្ទាយសំរែ ដែលកសាងឡើងអំពីថ្មភក់ តាំងពីអំឡុងពាក់កណ្តាលសតវត្សរ៍ទី១២ កំពុងរងការខូចខាតមួយចំនួនដូចជា គ្រឹះខាងក្រោមបានស្រុត មានការបាត់ថ្មខ្លះៗ និងកន្លែងខ្លះទៀតមានចន្លោះប្រហោងច្រើន បង្កាន់ដៃនាគមានស្នាមបាក់ស្ទើរទាំងអស់ រីឯចម្លាក់តោក៏មានការខូចខាតខ្លះដែរ។

ក្នុងការបើកដំណើរការជួសជុលរានហាលរបស់ប្រាសាទបុរាណបន្ទាយសំរែនេះដែរ ក៏មានការបង្ហាត់បង្រៀនដល់និស្សិតផ្នែកស្ថាបត្យកម្មដែលមកពីសាកលវិទ្យាល័យបៀលប្រាយ និងសាកលវិទ្យាល័យអង្គរ ក្នុងខេត្តសៀមរាបចំនួន២០នាក់ ឱ្យយល់ដឹងអំពីសំណង់បុរាណ និងកិច្ចការអភិរក្សថ្មជាមួយក្រុមអ្នកជំនាញនៃអង្គការអាល្លឺម៉ង់ ដែលកំពុងតែបំពេញការងារនៅឯប្រាសាទសំរែផងដែរ។ ក្រុមនិស្សិតទាំងនោះ នឹងត្រូវចុះអនុវត្តផ្ទាល់នៅការដ្ឋាន ដោយផ្តោតទៅលើការគូសប្លង់បាត រចនាសម្ពន្ធគ្រឹះប្រាសាទ ដើម្បីឱ្យចេះពីរបៀបជួសជុលចម្លាក់ថ្មប្រាសាទ ស្គាល់ពីថ្មដែលនៅរាយប៉ាយ សិក្សាគម្លាតរបស់ថ្ម និងឱ្យចេះសង្កេតពីអ្វីដែលជាបញ្ហាប្រឈមផង៕

អត្ថបទ៖ ឆាយ ផាន់នី
រូបភាព៖ យី សុថា

អត្ថបទទាក់ទង