អង់គ្លេសសម្រេចទទួលយកបច្ចេកវិទ្យា 5G របស់Huawei ប៉ុន្តែ ក្នុងចំនួនមានកំណត់
រដ្ឋាភិបាលអង់គ្លេស កាលពីថ្ងៃអង្គារបានសម្រេចបើកភ្លើងខៀវ ឲ្យក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei មាននាទីក្នុងការកសាងបណ្តាញទាក់ទងទូរស័ព្ទ ជំនាន់ទី៥ របស់អង់គ្លេស។ ទីក្រុងឡុងដ៍ បានបញ្ជាក់ផងដែរថា ដើម្បីបញ្ហាសន្តិសុខ និងកិច្ចការសម្ងាត់ជាតិ តួនាទី របស់ក្រុមហ៊ុន Huawei ក្នុងបណ្តាញទូរស័ព្ទ អង់គ្លេស នឹងមានកំណត់ ច្រើនបំផុត ៣៥ភាគរយ។ ទោះអង់គ្លេស កំណត់ការចូលរួមរបស់ក្រុមហ៊ុន Huawei ប៉ុន្តែ ការសម្រេចរបស់រដ្ឋាភិបាលអង់គ្លេស នឹងអាចធ្វើឲ្យរដ្ឋបាលអាមេរិក អាក់អន់ចិត្ត ព្រោះថា អាមេរិកបានព្យាយាម បញ្ចុះបញ្ចូល សម្ព័ន្ធមិត្តកុំឲ្យប្រើបច្ចេកវិទ្យា 5Gរបស់ Huawei ដែលអាមេរិកចោទប្រកាន់ថា ជាភ្នាក់ងារយកការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលចិន។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ដឹកនាំលោកនាយករដ្ឋមន្រ្តី បូរីស ចនសុន រដ្ឋាភិបាលអង់គ្លេសបានសម្រេចយល់ព្រមឲ្យក្រុមហ៊ុន Huaweiមានតួនាទីមួយផ្នែកក្នុងការកសាងបណ្តាញបច្ចេកវិទ្យាទូរស័ព្ទ ដ៏ទំនើប 5Gនៅក្នុងទឹកដី អង់គ្លេស។ តាមការអះអាងរបស់រដ្ឋមន្រ្តីឌីជីថលអង់គ្លេស លោកស្រី Nicky Morgan អង់គ្លេសចង់មានបច្ចេកវិទ្យា 5G ដែលជាបណ្តាញទូរស័ព្ទ ដ៏លឿនបំផុតក្នុងលោក ប៉ុន្តែ ជាមួយគ្នានោះ អ្នកលក់ បណ្តាញ 5Gដូចជាក្រុមហ៊ុន Huaweiនឹងមិនត្រូវអនុញ្ញាតឲ្យចូលរួម ឬ មានវត្តមានដាច់ខាត នៅក្នុងវិស័យ ដែលសំខាន់ៗ របស់អង់គ្លេស ដូចជា ទីតាំងនុយក្លេអ៊ែរ ឬមូលដ្ឋានទ័ពក្នុងទឹកដីអង់គ្លេស។ អង់គ្លេសនឹងមិនហាមផងដែរ មិនឲ្យក្រុមហ៊ុន Huaweiអាចចូលទៅប្រើប្រាស់ ម៉ាស៊ីនផ្ទុក ទិន្នន័យរបស់អ្នកប្រើប្រាស់អង់គ្លេស។
ការសម្រេចរបស់ទីក្រុងឡុងដ៍ ដែលបើកភ្លើងខៀវឲ្យក្រុមហ៊ុន Huaweiអាចចូលរួមក្នុងការកសាងបណ្តាញទូរស័ព្ទ 5Gអង់គ្លេស ធ្វើឡើង នៅបន្ទាប់ពីសហភាព អឺរ៉ុបទើបប្រកាសថា ខ្លួនអាចអនុញ្ញាតឲ្យ Huaweiមានតួនាទី ប៉ុន្តែ មានកំណត់ នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធទូរស័ព្ទ ក្នុងទឹកដីអឺរ៉ុប។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែក កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Huaweiបានថ្លែងស្វាគមការសម្រេចចិត្តរបស់រដ្ឋាភិបាលអង់គ្លេស។ ប៉ុន្តែ ទីក្រុងឡុងដ៍វិញ ត្រូវរង់ចាំ មើលប្រតិកម្មរបស់អាមេរិក ដែលធ្លាប់បានគំរាមរួចហើយ ថា នឹងកាត់បន្ថយ ការចែករំលែក ព័ត៌មានសម្ងាត់ ជាមួយទីក្រុងឡុងដ៍ ក្នុងករណី រដ្ឋាភិបាលអង់គ្លេស បើកផ្លូវឲ្យ Huaweiមានចំណែកចូលរួម ក្នុងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាថ្មី 5G របស់អង់គ្លេស។ សូមរំលឹកថា អង់គ្លេស ចូលរួមជាមួយ កាណាដា នូវែលហ្សេឡង់ និងអូស្រ្តាលី នៅក្នុងបណ្តាញស៊ើបការណ៍សម្ងាត់ ភ្នែក ៥ ដែលដឹកនាំដោយអាមេរិក។
ដោយចោទប្រកាន់ក្រុមហ៊ុន Huaweiថា ជាភ្នាក់ងារយកការណ៍សម្ងាត់ឲ្យរដ្ឋាភិបាលប៉េកាំង ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ធ្លាប់បានបញ្ជាឲ្យក្រុមហ៊ុនអាមេរិកាំងឈប់ធ្វើជំនួញ ជាមួយក្រុមហ៊ុន Huawei។ រដ្ឋបាលលោកដូណាល់ ត្រាំ បានដាក់សម្ពាធផងដែរ លើក្រុមប្រទេសសម្ព័ន្ធមិត្តឲ្យបែរខ្នង កុំប្រើប្រាស់បច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei។ អ្នកជំនាញ វាយតម្លៃថា អង់គ្លេស ដែលបានទទួលប្រើបណ្តាញទូរស័ព្ទរបស់ Huaweiអស់ ១៥ឆ្នាំមកហើយនោះ មិនអាចពហិការ ប្រព័ន្ធ 5G របស់ Huaweiបានទេ។ ឈប់ធ្វើការជាមួយ Huawei មានន័យថា អង់គ្លេស ត្រូវរុះរើ ដកចោលទាំងអស់អង់តែន បណ្តាញទូរស័ព្ទ 4G របស់Huawei នៅអង់គ្លេស ដែលការនេះ នឹងធ្វើឲ្យអង់គ្លេស ខាតបង់ប្រយោជន៍ មិនអាចដើរទាន់បច្ចេកវិទ្យានឹងគេ៕
RFI