ខ្មែរប៉ុស្ដិ៍ Close

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ «សន្តិភាព និងការអភិវឌ្ឍមានចំណងទាក់ទងគ្នាមិនអាចកាត់ផ្តាច់បាន»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០២៣ ទស្សនៈ - នយោបាយ 39
អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ «សន្តិភាព និងការអភិវឌ្ឍមានចំណងទាក់ទងគ្នាមិនអាចកាត់ផ្តាច់បាន» អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ៖ «សន្តិភាព និងការអភិវឌ្ឍមានចំណងទាក់ទងគ្នាមិនអាចកាត់ផ្តាច់បាន»

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀត មានចំណងជើងថា សន្តិភាពនិងការអភិវឌ្ឍមានចំណងទាក់ទងគ្នាមិនអាចកាត់ផ្តាច់បាន» ដែលវីដេអូនេះមានរយៈពេលប្រមាណជាង​ ១១​នាទី។

ដោយរំលេចនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងកាលពីពេលថ្មីៗនេះ និងជាញឹកញាប់នៅពេលជួបសំណេៈសំណាលជាមួយប្រជាពលរដ្ឋ និងចុងក្រោយនេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបើកការដ្ឋានស្តារកំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ រហូតដល់ស្ពានគីហ្សូណា ក្នុងខេត្តកំពង់ចាម គឺ «យើងយកសន្តិភាពដើម្បីជំរុញការអភិវឌ្ឍ និងយកការអភិវឌ្ឍដើម្បីពង្រឹងសន្តិភាព» ហើយដែលកម្ពុជាមានសមិទ្ធផលគ្រប់យ៉ាងដូចសព្វថ្ងៃគឺពិតជាផ្លែផ្កានៃសន្តិភាពដែលរកបានដោយលំបាកលំបិនបំផុត។

ដូច្នេះ សន្តិភាពគឺជាគ្រឹះនៃការអភិវឌ្ឍ មានន័យថា ទាល់តែមានសន្តិភាពទើបរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋមានពេលវេលាក្នុងការគិតគូរអំពីការអភិវឌ្ឍសេដ្ឋកិច្ចជាតិក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។ ទាល់តែមានសន្តិភាពទើបអាចនិយាយបានអំពីការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍវិស័យសុខាភិបាល និងការកម្សាន្តសប្បាយ។ ទាល់តែមានសន្តិភាពទើបអាចនិយាយពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ក៏ដូចជាសិទ្ធិសេរីភាពផ្សេងៗទៀត។ ការមើលស្រាលសន្តិភាព គឺជាការផ្តល់តម្លៃដល់សង្គ្រាមដែលបំផ្លិចបផ្លាញនិងជាពិសេស គឺជាការជាន់ឈ្លីសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ។ នៅក្នុងការដឹកនាំរបស់ខ្លួន រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាមានគោលការណ៍យ៉ាងច្បាស់លាស់បំផុត នោះគឺយកសន្តិភាពដើម្បីជំរុញការអភិវឌ្ឍ និងយកការអភិវឌ្ឍដើម្បីពង្រឹងសន្តិភាព។

ខ្លឹមសារសង្កត់ធ្ងន់ក្នុងវីដេអូ បានបង្ហាញថា តាមរយៈកំណើនសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលអាចបន្តអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ។ នេះហើយជាអត្ថន័យនៃទស្សនៈវិជ្ជារបស់សម្តេចតេជោ ហ៊ុន សែន ដែលត្រូវយកសន្តិភាពដើម្បីជំរុញការអភិវឌ្ឍ និងយកការអភិវឌ្ឍដើម្បីពង្រឹងសន្តិភាព៕