ឱនភាពពាណិជ្ជកម្មកូរ៉េខាងត្បូង ឆ្លុះបញ្ចាំងអំពីបញ្ហាប្រឈមសេដ្ឋកិច្ចសកល
ប្រទេសកូរ៉េខាងត្បូងបានទទួលរងនូវឱនភាពពាណិជ្ជកម្មចំនួន ៣,៨ ពាន់លានដុល្លារនៅក្នុងខែកញ្ញា ឆ្នាំ ២០២២ ពោលគឺខ្ពស់ជាងអ្វីដែលអ្នកជំនាញបានព្យាករនៅក្នុងការស្ទង់មតិរបស់សារព័ត៌មាន Reuters នៅចុងខែកញ្ញា ប៉ុន្តែមានចំនួនទាបជាងការព្យាកររបស់ស្ថាប័នគយរបស់ប្រទេសកូរ៉េខាងត្បូងបន្តិច។ ទិន្នន័យផ្លូវការចុងក្រោយរបស់កូរ៉េខាងត្បូងបានបង្ហាញថា ឱនភាពពាណិជ្ជកម្មបានឈានដល់ ៧ ពាន់លានដុល្លារនៅក្នុងខែវិច្ឆិកា ហើយឱនភាពពាណិជ្ជកម្មជារួម បានឈានដល់ចំនួន ៤២,៦ ពាន់លានដុល្លារ ចាប់តាំងពីមានឱនភាពជាលើកដំបូងកាលពីក្នុងខែមេសា ឆ្នាំ ២០២២ មក។
នេះគឺជាឱនភាពពាណិជ្ជកម្មសម្រាប់រយៈពេល ៨ ខែជាប់ៗគ្នាហើយ។ គេមិនធ្លាប់ឃើញឱនភាពពាណិជ្ជកម្មនៅក្នុងទំហំធំ និងរយៈពេលវែងបែបនេះនោះទេ ចាប់ តាំងពីឆ្នាំ ១៩៩៧ មក។
គេអាចទាញការសន្និដ្ឋានធំចំនួន ២ តាមរយៈការពិនិត្យមើលទៅលើការនាំចូលនិងការនាំចេញរបស់កូរ៉េខាងត្បូង។ ទី១៖ រដ្ឋាភិបាលបានអនុវត្តយុទ្ធសាស្ត្រពាណិជ្ជកម្មទៅកាន់ទីផ្សារអាស៊ីអាគ្នេយ៍។ ទី២៖ ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងកូរ៉េខាងត្បូង កំពុងមានភាពប្រែប្រួលយ៉ាងធំ។
មូលហេតុមួយដែលបង្កឱ្យមានឱនភាពនោះ គឺការកើនឡើងតម្លៃនៃការនាំចូលថាមពល។ ក្នុងរយៈពេល ៨ ខែ ដំបូងនៃឆ្នាំ ២០២២ កូរ៉េខាងត្បូងបាននាំចូលថាមពលក្នុងចំនួន ១៤៥ ពាន់លានដុល្លារ ដែលស្មើចំនួន ២៩,៤% នៃកូតានាំចូលសរុបរបស់ខ្លួន។
ការចំណាយលើថាមពលនៅក្នុងរយៈពេល ៨ ខែដំបូង នៃឆ្នាំ ២០២២ បានកើនឡើងលើសពីចំនួនសរុបកាលពីឆ្នាំ ២០២១ និងមានចំនួនខ្ពស់ជាងតួលេខក្នុងរយៈពេលដូចគ្នានេះរហូតដល់ទៅ ៦៤ ពាន់លានដុល្លារ។
អ្វីដែលជាកត្តាកាន់តែសំខាន់មួយទៀតដែលរួមចំណែកដល់ឱនភាពពាណិជ្ជកម្មដ៏ធំរបស់កូរ៉េខាងត្បូងនៅក្នុងឆ្នាំនេះ គឺការដាំក្បាលចុះនៃការនាំចេញរបស់កូរ៉េខាងត្បូង។ មូលហេតុចំបងដែលធ្វើឱ្យករណីនេះបានកើតឡើងគឺដោយសារតែការធ្លាក់ចុះយ៉ាងគំហុកនៃការនាំចេញទំនិញ ពាក់ព័ន្ធនឹងបន្ទះឈីប Semiconductor។
នៅចន្លោះខែមករា និងខែសីហា ឆ្នាំ ២០២២ ការនាំចេញបន្ទះឈីបបានធ្លាក់ ចុះពីចំនួន ៤៩,៤% កាលពីឆ្នាំ ២០២១ មកនៅត្រឹមចំនួន ៣៦,២ ពាន់លានដុល្លារ។ ការនាំចេញបន្ទះឈីបបានរួមចំណែកចំនួន ៧,៧% នៃការនាំចេញសរុបរបស់កូរ៉េខាងត្បូង នៅឆ្នាំ ២០២២ ដោយបានធ្លាក់ចុះពីចំនួន ១៧,៧% កាលពីឆ្នាំ ២០២១។ ករណីខាងលើគឺជាការធ្លាក់ចុះដ៏ធំបំផុតក្នុងចំណោមមុខទំនិញនាំចេញទាំងអស់របស់កូរ៉េខាងត្បូង។
ប្រទេសចិនគឺជាទិសដៅនាំចេញចម្បងរបស់កូរ៉េខាងត្បូងសម្រាប់ផលិតផលពាក់ព័ន្ធនឹងបន្ទះឈីប។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសចិនបាននាំចូលជាង ៤០% នៃបន្ទះឈីបរបស់កូរ៉េខាងត្បូង។
នៅក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២២ ប្រទេសកូរ៉េខាងត្បូងបាននាំចេញបន្ទះឈីបក្នុងទំហំទឹកប្រាក់ ១២,២ ពាន់លានដុល្លារទៅកាន់ប្រទេសចិន ដោយបានធ្លាក់ចុះចំនួន ៥៨,៩% បើប្រៀបធៀបនឹងឆ្នាំ ២០២១ ហើយចំណែកទីផ្សារចិនបានធ្លាក់ចុះពីចំនួន ៤០% មកនៅត្រឹមតែ ៣៣,៧% ដូចគ្នា។ អស្ថិរភាពបែបនេះ មិនធ្លាប់ត្រូវបានគេឃើញនោះទេ ចាប់តាំងពីប្រទេសចិននិងកូរ៉េខាងត្បូង បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ ១៩៩២ មក។
ទន្ទឹមគ្នានេះដែរ ការនាំចេញទំនិញពាក់ព័ន្ធនឹងបន្ទះឈីបរបស់កូរ៉េខាងត្បូងទៅកាន់វៀតណាម, កោះតៃវ៉ាន់, និងសិង្ហបុរី បានកើនឡើងគួរឱ្យកត់សម្គាល់។
នៅឆ្នាំ ២០២១ ច្រើនជាងពាក់កណ្តាលនៃការធ្វើពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងត្រូវបានធ្វើឡើងជាមួយប្រទេសចិន ២៣,៩% , សហរដ្ឋអាមេរិក ១៣,៤% , ជប៉ុន ៦,៧% , វៀតណាម ៦,៤% និងកោះតៃវ៉ាន់ ៣,៨%។
នៅក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២២ ចំណែកនៃការចូលរួមរបស់ប្រទេសចិនបានធ្លាក់ចុះច្រើនជាងគេ គឺប្រហែល ១,៩%។ ការធ្លាក់ចុះនៃការធ្វើពាណិជ្ជកម្មរវាងចិន-កូរ៉េខាងត្បូងនេះ គឺជាមូលហេតុដ៏សំខាន់បំផុតមួយសម្រាប់ឱនភាពពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង។
ប៉ុន្តែ ឱនភាពពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង មិនមែនដោយសារតែប្រទេសចិនតែមួយនោះទេ។ ជប៉ុន, អូស្ត្រាលី និងសិង្ហបុរី ក៏ជាកត្តារួមចំណែកចម្បងដល់ឱនភាពពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងផងដែរ។
នៅក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ គម្លាតពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង ជាមួយបណ្តាប្រទេសខាងលើ បានឈានដល់ចំនួន ៤២,៥ ពាន់លានដុល្លារ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺកំណើននៃការនាំចេញរបស់កូរ៉េខាងត្បូងទៅកាន់ប្រទេសខាងលើ មានទំហំធំជាងកំណើននៃការនាំចូលឆ្ងាយណាស់។
វឌ្ឍនភាពនៃបច្ចេកវិទ្យារបស់ចិន គឺជាមូលហេតុសំខាន់មួយដែលបង្កឱ្យមានបម្រែបម្រួលទាំងនេះ។ ឱនភាពពាណិជ្ជកម្មរបស់ចិនជាមួយកូរ៉េខាងត្បូងបានធ្លាក់ចុះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ពីចំនួន ៩៥,៩ ពាន់លានដុល្លារ នៅឆ្នាំ ២០១៨ មកនៅត្រឹមចំនួន ៦០,៦ ពាន់លានដុល្លារនៅឆ្នាំ ២០២១។
ដោយផ្អែកលើទិន្នន័យនេះ ប្រទេសចិនប្រហែលជាបានឈានដល់ចំណុចកំពូលនៃឱនភាពពាណិជ្ជកម្មរបស់ខ្លួន ជាមួយកូរ៉េខាងត្បូងរួចហើយ។ ដូច្នេះកូរ៉េខាងត្បូង ចាំបាច់ត្រូវតែធ្វើការកែសម្រួលទំនាក់ទំនងពាណិជ្ជកម្មឱ្យមានតុល្យភាពជាងមុនជាមួយប្រទេសចិន។
បម្រែសម្រួលលើទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងកូរ៉េខាងត្បូងនិងចិន បានឆ្លុះបញ្ចាំងនូវបម្រែបម្រួលកាន់តែធំនៃសេដ្ឋកិច្ចនយោបាយសកល។ ការប្រកួតប្រជែងរវាងចិននិងសហរដ្ឋអាមេរិកបានបង្ខំឱ្យកូរ៉េខាងត្បូងធ្វើពិពិធកម្មទំនាក់ទំនងពាណិជ្ជកម្មរបស់ខ្លួន។
ទាំងនៅប្រទេសចិននិងនៅសហរដ្ឋអាមេរិក បញ្ហាប្រឈមជាសកលដូចជាការទប់ស្កាត់ និងការគ្រប់គ្រងលើជំងឺរាតត្បាតបានបង្កផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។
ការធ្លាក់តម្លៃរូបិយបណ្ណកូរ៉េខាងត្បូងទល់នឹងប្រាក់ដុល្លារអាមេរិក គឺជាកត្តាសំខាន់មួយទៀតសម្រាប់ឱនភាពពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង។ ប្រាក់វ៉ុន បានធ្លាក់ថ្លៃជាង ២០% ចាប់ពីដើមខែមករា ឆ្នាំ ២០២២ មក ហើយពេលចុងក្រោយដែលបញ្ហាបែបនេះបានកើតឡើងតាំងពីអំឡុងវិបត្តិហិរញ្ញវត្ថុសកល ឆ្នាំ ២០០៨ មកម្លេះ។
ឆ្នាំ ២០២២ ត្រូវបានគេកត់សម្គាល់ថាជាចំណុចកំពូលលើកទី៣ នៃឱនភាពពាណិជ្ជកម្មរបស់កូរ៉េខាងត្បូង។ ក្នុងចំណោមទិន្នន័យតុល្យការពាណិជ្ជកម្មរយៈពេល ៦៦ ឆ្នាំ សមាគមន៍ពាណិជ្ជកម្មអន្តរជាតិកូរ៉េបានកត់ត្រាឱនភាពពាណិជ្ជកម្មរហូតដល់ចំនួន ៣៩ ឆ្នាំ។
ចំណុចកំពូលទាំងពីរ នៃឱនភាពពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងបានកើតឡើងនៅក្នុងអំឡុងវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុធំៗ។ ឱនភាពពាណិជ្ជកម្មរបស់កូរ៉េខាងត្បូងបានឈានដល់ចំនួន ២០,៦ ពាន់លានដុល្លារនៅឆ្នាំ ១៩៩៦ ហើយនៅឆ្នាំ ២០០៨ កូរ៉េខាងត្បូងមានឱនភាពពាណិជ្ជកម្មប្រចាំឆ្នាំចំនួន ១៣,៣ ពាន់លានដុល្លារ។
តាមរយៈប្រវត្តិសាស្ត្រនេះ ឱនភាពពាណិជ្ជកម្មនៅពេលបច្ចុប្បន្នរបស់កូរ៉េខាងត្បូងបានឆ្លុះបញ្ចាំងនូវចរន្តសេដ្ឋកិច្ចសកល ដែលមានលក្ខណៈស្រអាប់មួយ។
កូរ៉េខាងត្បូងពិតជាមានភាពល្បីល្បាញដោយសារម៉ូដែលសេដ្ឋកិច្ចដែលផ្តោតទៅលើការនាំចេញរបស់ខ្លួន។ កូរ៉េខាងត្បូងគឺជាអ្នកនាំចេញទំនិញធំជាងគេទី ៧ នៅក្នុងពិភពលោក ហើយកំណើនសេដ្ឋកិច្ចរបស់ពួកគេ គឺពឹងផ្អែកខ្លាំងទៅលើពាណិជ្ជកម្ម។
ឱនភាពពាណិជ្ជកម្មដែលគេមិននឹកស្មានដល់របស់កូរ៉េខាងត្បូងនៅក្នុងឆ្នាំ ២០២២ បានបង្ហាញអំពីសញ្ញានៃការខិតជិតមកដល់នៃវិបត្តិហិរញ្ញវត្ថុនិងសេដ្ឋកិច្ចអន្តរជាតិកាន់តែធំហើយ៕
East Asia Forum