ខ្មែរប៉ុស្ដិ៍ Close

ខេត្តសៀមរាបរៀបចំប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 30

នាព្រឹកថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០១៩នេះ នៅបរិវេណវត្តទេពពោធិវង្ស ហៅវត្តថ្មី ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងខេត្តសៀមរាប មានប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ជូនដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិតដោយភាពអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលរៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ក្រោមអធិបតីភាពលោក ទៀ សីហា សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជន និងជាប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោក អ៊ឹង ហឿន អនុប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការនិមន្ត និង អញ្ជើញចូលរួមពីព្រះសង្ឃ លោកឧកញ៉ា លោកស្រី ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា និងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ គរុសិស្ស សិស្សានុសិស្ស ក្រុមប្រឹក្សាសង្កាត់ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទប្រមាណ ២ពាន់ ៥៣៧នាក់ចូលរួម។

ទិវា ២០ ឧសភា គឺជាថ្ងៃដែលប្រជាជនកម្ពុជាទូទាំងប្រទេស បានកំណត់យកជាថ្ងៃរំលឹកដល់វិញ្ញាណក្ខ័ន្ធ បងប្អូនប្រជាជនខ្មែរ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិត ដោយភាពអយុត្តិធម៌បំផុត ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលជាថ្ងៃធ្វើឲ្យប្រជាជនកម្ពុជាយើង មិនអាចបំភ្លេចបាននូវប្រវត្តិជូរចត់ រស់នៅក្នុងសមុទ្រឈាមនិងទឹកភ្នែក ហើយត្រូវបានចារិកទុកនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាយើងគ្រប់ៗរូប។

ក្នុងពិធីនោះ លោក ទៀ សីហា ក៏បានអាននូវវិយោគកថា ដោយបានគូសបញ្ជាក់ថា ថ្វីត្បិតពេលវេលានៃ អតីតកាលបានកន្លងផុត ៣៩ឆ្នាំក៏ពិតមែន តែភាពឈឺចាប់ខ្លោចផ្សារបស់ប្រជាជនកម្ពុជា នៅតែដិតដាមជាប់នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនយើងគ្រប់រូបនូវមហាវិនាសកម្មរបស់ប្រជាជនជាង ៣លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងភាពអយុត្តិធម៌ និងអណោចអធមក្រៃលែង។

លោកអភិបាលខេត្តបានរំលឹកថា ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ បានធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ធ្វើប្រជាជនកម្ពុជារងគ្រោះមហន្តរាយដ៏អណោចអធម ប្រាស់ព្រាត់ក្រុមគ្រួសារបងប្អូន និងទទួលរងទុក្ខវេទនាមិនអាចពិពណ៌នាបានឡើយ។ ដោយទ្រាំនូវភាពវេទនាលំបាកនៃនរកអវចីនេះ ក៏មានកម្លាំងអ្នកស្នេហាជាតិបរិសុទ្ធ ដែលប្រសូទ្រចេញពីគណបក្សប្រជាជនកម្ពុជា បានបង្កើតនូវរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ធ្វើការប្រយុទ្ធប្រឆាំងនិងពួកបនប្រល័យពូជសាសន៍ប៉ុលពត រហូតទទួលបានជ័យជំនះនាថ្ងៃ ៧ មករា ១៩៧៩ បាននាំមកនូវសិទ្ធិសេរីភាពជូនប្រជាជន និងបន្តខិតខំស្តារ កសាងប្រទេស ពីគំនរផេះផូផង់ឲ្យប្រែក្លាយមានការអភិវឌ្ឍរីកចម្រើន ព្រមទាំងការពារសុខសន្តិភាព ស្ថេរភាពនយោបាយ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន រហូតដល់ពេលបច្ចុប្បន្ន។

លោក ទៀ សីហា ក៏លើកឡើងផងដែរថា រាល់ការអភិវឌ្ឍ ការកសាងនូវសមិទ្ធផលជូនជាតិមាតុភូមិ របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យមានការអភិវឌ្ឍរីកចម្រើននៅតាមបណ្តាមូលដ្ឋាន ទាំងវិស័យពុទ្ធចក្រ និង អាណាចក្រ ។ ម៉្យាងទៀតក៏សូមឧទ្ទិសដល់ថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភានេះ ឲ្យប្រែក្លាយទៅជាការកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ សំដៅទៅរកការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជនកម្ពុជា ។

ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត លោក ទៀ សីហា បានថ្លែងនូវអំណរគុណចំពោះសមាជិកគណបក្សប្រជាជន និងប្រជាពលរដ្ឋក្នុងខេត្ត ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនបន្តដឹកនាំប្រទេសឲ្យមានការអភិវឌ្ឍបន្ត ព្រមទាំងផ្តាំផ្ញើដល់បងប្អូនសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែងដែលជាអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក សូមអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៦ ខែឧសភានេះ។

បន្ទាប់ពីបញ្ចប់នូវសុន្ទរកថា គណៈអធិបតី សមាជិកនៃអង្គពិធីទាំងមូល បានធ្វើការបូជា ទៀន ធូប ដាក់នូវកម្រងផ្កា គោរពវិញ្ញណក្ខ័ន្ធ ដល់ប្រជាជនកម្ពុជា អ្នកស្នេហាជាតិ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ព្រមទាំងបាននិមន្តព្រះសង្ឃចំនួន ៧០អង្គ ប្រារព្វធ្វើពិធីសូត្រមន្ត បង្សុកូល និងរាប់បាត្រ ដើមី្បឧទិ្ទសមហាកុសល ផលបុណ្យជូនដល់ប្រជាជន យុទ្ធជន យុទ្ធនារី កម្មាភិបាលអ្នកស្នេហាជាតិ និងបុព្វការីជន ដែលបានចែកឋានទៅ ដោយអំពើឃោឃៅ ព្រៃផ្សៃ និងអយុត្តិធម៌ នៃរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ឲ្យបានទៅកាន់ក្នុងសុគតិភពជានិច្ចនិរន្តតរៀងទៅ៕

អត្ថបទទាក់ទង