ខ្មែរប៉ុស្ដិ៍ Close

ប្រធានាធិបតីហ្វីលីពីន ជួបពិភាក្សាការងារជាមួយវិស័យឯកជនកម្ពុជា ដើម្បីស្វែងរកឱកាសសហការវិនិយោគ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 36
ប្រធានាធិបតីហ្វីលីពីន ជួបពិភាក្សាការងារជាមួយវិស័យឯកជនកម្ពុជា ដើម្បីស្វែងរកឱកាសសហការវិនិយោគ ប្រធានាធិបតីហ្វីលីពីន ជួបពិភាក្សាការងារជាមួយវិស័យឯកជនកម្ពុជា ដើម្បីស្វែងរកឱកាសសហការវិនិយោគ

លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ (Ferdinand Marcos Jr) ប្រធានាធិបតីហ្វីលីពីន បានជួបជជែកពិភាក្សាការងារ ជាមួយវិស័យឯកជនកម្ពុជា ដើម្បីស្វែងរកឱកាសសហការវិនិយោគ រវាងប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ជំនួបពិភាក្សាការងារនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីហ្វីលីពីន ជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ខណៈដែលប្រធានាធិបតី ទើបជាប់ឆ្នោតមួយនេះ មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា។

ក្នុងជំនួបនេះ អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន World Bridge Group បានដឹកនាំប្រតិភូក្រុមហ៊ុនឯកជនរួមមាន៖ World Bridge Group, Chip Mong Group, Mong Reththy Group, Tropicam Agricalture, Cambodia Rice Federation, Khmer Enterprise។

ជំនួបនេះ បានពិភាក្សាលើកិច្ចសហប្រតិបត្តិការ មួយចំនួនរួមមាន៖ ការផ្លាស់ប្តូរពាណិជ្ជកម្មនាំចេញនាំចូល, ការបណ្តុះបណ្តាលធនធានមនុស្ស និងបច្ចេកទេសជំនាញ, វិនិយោគលើវិស័យឡូជីស្ទីក, វិនិយោគលើខ្សែសង្វាក់ផលិតកម្មស្រូវអង្ករ រោងចក្រកែច្នៃនាំចេញ ផលិតផលកសិកម្ម រួមទាំងការនាំចេញអង្ករ ទៅទីផ្សារប្រទេសហ្វីលីពីនជាដើម។

បន្ទាប់ពីការលើកឡើង នូវចំនុចសក្តានុពលខាងលើ របស់ក្រុមហ៊ុនឯកជន និងលោកប្រធានាធិបតីហ្វីលីពីន មានចំណាប់អារម្មណ៍យ៉ាងខ្លាំង និងបានណែនាំឲ្យក្រុមការងារ រៀបចំពិភាក្សាលំអិតបន្ត ដើម្បីឈានទៅសម្រេចការអនុវត្តន៍ជាក់ស្តែង។

លោកប្រធានាធិបតី ម៉ាកូស ហ្វឺឌីណាន់ ជេអរ ក៏បានស្វាគមន៍ឲ្យមានដំណើរទស្សនកិច្ចមួយ ទៅប្រទេសហ្វីលីពីន ដើម្បីជួបពិភាក្សាជាមួយដៃគូក្រុមហ៊ុនហ្វីលីពីន ក្នុងពេលសមស្របណាមួយ របស់វិស័យឯកជនកម្ពុជាផងដែរ។

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Tropicam Agricalture ដែលបានចូលរួមក្នុងជំនួបពិភាក្សានេះ បានឲ្យដឹងថា ការជជែកពិភាក្សានេះ ក៏មានការលើកឡើងអំពីជីវភាពប្រជាជន នៃប្រទេសទាំងពីរផងដែរ។

បន្ថែមពីនោះទៀត ឧកញ៉ា ហ៊ុន ឡាក់ បានលើកឡើងថា ក្នុងជំនួបនោះ បានលើកឡើងអំពីវិស័យកសិកម្ម ដែលជាវិស័យមួយ សក្ដានុពលក្នុងបរិបទនាពេលបច្ចុប្បន្ន ដែលពិភពលោកកំពុងប្រឈម នឹងវិបត្ដិសន្ដិសុខស្បៀង សង្គ្រាម និងបញ្ហាបម្រែបម្រួលអាកាសធាតុ។

ឧកញ៉ា ហ៊ុន ឡាក់ បានបន្ដទៀតថា ពាក់ព័ន្ធនឹងអាកាសធាតុ ធ្វើឲ្យផលិតភាព មានការប្រឈមមួយចំនួន រវាងប្រទេសទាំងពីរ។ នៅពេលមានបម្រែបម្រួលអាកាសធាតុ ធ្វើឲ្យផលិតភាព ក៏មានការថយចុះផងដែរ។ ប្រទេសដែលមានសក្ដានុពល ផ្នែកខាងផលិត ការនាំចេញ និងប្រព័ន្ធដឹកជញ្ជូន សុទ្ធតែបានលើកឡើងនៅក្នុងជំនួបជជែកពិភាក្សានេះ។

បើតាមឧកញ៉ា ហ៊ុន ឡាក់ ក្នុងជំនួបនោះអ្នកឧកញ៉ា សៀ ឫទ្ធី បានលើកឡើងផងដែរថា នៅក្នុងខ្សែរចង្វាក់ផលិតកម្ម ក៏ត្រូវការធនធានជំនាញ ហើយកម្ពុជាក៏បានមានខ្វះខាត និងបានស្នើឲ្យភាគីហ្វីលីពីន ជួយឲ្យមានការរៀបចំ ដើម្បីជជែកពិភាក្សាគ្នា ជួយគ្នាទៅវិញទៅមក៕

Fresh News

អត្ថបទទាក់ទង