ខ្មែរប៉ុស្ដិ៍ Close

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទទួលគម្រោងជួសជុលប្រាសាទតាកែវ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 521
    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទទួលគម្រោងជួសជុលប្រាសាទតាកែវឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទទួលគម្រោងជួសជុលប្រាសាទតាកែវ

    នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទទួលគម្រោងជួសជុលប្រាសាទតាកែវ។ គម្រោងជួសជុលប្រាសាទតាកែវ ជាគម្រោងសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជានិងចិន អនុវត្តដោយក្រុមការងារនៃរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរហៅកាត់ថា CSA ដែលបានចាប់ផ្តើមពីឆ្នាំ២០១១ និងបញ្ចប់នៅឆ្នាំ២០១៨។

    ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានប្រសាសន៍ថា សាធារណរដ្ឋប្រជាមានិតចិន តាមរយៈគោលនយោបាយ និងកិច្ចសហប្រតិបត្តិការទ្វេភាគីនានា នឹងបន្តចូលរួមកាន់តែសកម្មក្នុងកិច្ចការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ឱ្យបានកាន់តែខ្លាំងក្លា ដូចដែលភាគីមិត្តបាននិងកំពុងធ្វើក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា និងការគាំទ្រភាពជាដៃគូអាស៊ាន-ចិន ក្នុងក្របខណ្ឌអាស៊ានតាំងពីដើមរៀងមក។ ការជួយរបស់ចិនសម្រាប់កិច្ចការអភិរក្សប្រាសាទមានតាំងពីឆ្នាំ ១៩៩៣ មក ជាក់ស្ដែងគម្រោងជួសជុលប្រាសាទតាកែវ បានចាប់ផ្តើមពីឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០១៨ និងបន្តជួសជុលប្រាសាទដទៃទៀតក្នុងរមណីយដ្ឋានអង្គរ។

    ឯកឧត្តម ក៏មិនភ្លេចថ្លែងអំណរគុណដល់មិត្តចិន ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាជនកម្ពុជា ដែលបានអនុញ្ញាតឱ្យកម្ពុជាអាចគ្រប់គ្រងវិបត្តិធ្ងន់ធ្ងរ និងជាសាកលបានយ៉ាងឆាប់រហ័ស និងអាចចាប់ផ្តើមបើកប្រទេសឡើងវិញ ស្ដារបានជាបន្តបន្ទាប់នូវសេដ្ឋកិច្ច សង្គមប្រកបដោយបរិយាប័ន្ន។

    ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញស្មារតីស្មោះស្ម័គ្រចំពោះចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា-ចិន។ ឯកឧត្តមមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិនមានជាង១ពាន់ឆ្នាំមកហើយ តាមរយៈកំណត់ហេតុ និងសៀវភៅប្រវត្តិសាស្រ្តជាច្រើននិយាយរឿងរ៉ាវនៃអារ្យធម៌ប្រទេសទាំងពីរ។ ហើយគម្រោងជួសជុលប្រាសាទតាកែវ ធ្វើឡើងក្នុងក្របខណ្ឌអង្គការយូណេស្កូដែលបានជួយកម្ពុជាក្នុងការអភិរក្សមរតកវប្បធម៌របស់ខ្លួន។
    ឯកឧត្តមនាយករដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា គម្រោងជួសជុលនេះនឹងផ្ដល់ផលប្រយោជន៍ច្រើនដល់កម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងការផ្លាស់ប្ដូរនៃអារ្យធម៌បណ្ដាប្រទេសនៅក្នុងពិភពលោក។ ចិនគាំទ្រ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសកម្ពុជាក្នុងការអភិរក្សប្រាសាទ និងជួយជំរុញផ្ដាស់ប្ដូរសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីជំរុញការផ្សារភ្ជាប់គ្នារវាងប្រជាជននិងប្រជាជន។ ឯកឧត្តមនាយករដ្ឋមន្រ្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិកម្ពុជា-ចិន នឹងរួមចំណែកយ៉ាងសំខាន់ និងធ្វើឱ្យប្រជាជននិងប្រជាជន ស្វែងយល់ពីអារ្យធម៌ពីគ្នាថែមមួយកម្រិតទៀត៕

    អត្ថបទ៖ នាង សំណាង
    រូបភាព៖ ហាប់​​​ គឹមអាន