ខ្មែរប៉ុស្ដិ៍ Close

ថៃចង់បានទំនុកចិត្តពីកម្ពុជា ឬចង់ឱ្យកម្ពុជាទុកចិត្តតាមលក្ខខណ្ឌរបស់ខ្លួន?

ដោយ៖សូ សែនឬទ្ធា | ម្សិលមិញ ម៉ោង 9:09 am ទស្សនៈ - នយោបាយ 139
ថៃចង់បានទំនុកចិត្តពីកម្ពុជា ឬចង់ឱ្យកម្ពុជាទុកចិត្តតាមលក្ខខណ្ឌរបស់ខ្លួន? ថៃចង់បានទំនុកចិត្តពីកម្ពុជា ឬចង់ឱ្យកម្ពុជាទុកចិត្តតាមលក្ខខណ្ឌរបស់ខ្លួន?

ថៃតែងតែចោទកម្ពុជាថា កំពុងបំផ្លាញទំនុកចិត្ត និងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ​មានភាពតាន​តឹង។ ពាក្យ «ទំនុកចិត្ត» ត្រូវបានថៃលើកឡើងជាញឹកញាប់ រហូតហាក់ដូចជាកម្ពុជាគឺជាភាគីដែលត្រូវ​ទទួល​ខុសត្រូវចំពោះការបាត់បង់ទំនុកចិត្តនោះ។

ប៉ុន្តែសំណួរមួយដែលគួរត្រូវបានសួរត្រឡប់ទៅវិញនោះគឺ តើថៃចង់បានទំនុកចិត្តពីកម្ពុជា​បែប​ណា? ប្រសិន​​បើទំនុកចិត្តដែល​ថៃ​ចង់​បាននោះ គឺជាទំនុកចិត្តដែលកម្ពុជាត្រូវដើរតាមបន្ទាត់ដែលថៃកំណត់​  ត្រូវទទួលយក​ការបកស្រាយរបស់ថៃ និងត្រូវបោះបង់ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិដែល​ថៃមិន​ពេញចិត្ត នោះវា​មិន​មែនជាទំនុកចិត្តរវាងប្រទេសជិតខាងពីរដែលមានអធិបតេយ្យភាពដូចគ្នានោះទេ។ វាគឺជាការទាមទារ​ឱ្យភាគីម្ខាងទៀតទុកចិត្តតាមលក្ខខណ្ឌរបស់ខ្លួនហើយ។

ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow នៅសិង្ហបុរី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ថៃបានសង្កត់ធ្ងន់លើការស្តារទំនុកចិត្ត និងការដោះស្រាយបញ្ហាតាមការចរចា។​ ជាមួយគ្នានោះ ថៃក៏បានបង្ហាញជំហរច្បាស់ថា ដំណើរការផ្សះផ្សាតាម UNCLOS គួរផ្តោតលើការខណ្ឌ​សីមាតែព្រំដែនសមុទ្រ ខណៈបញ្ហាកោះគុត និងបញ្ហាផ្សេងទៀតមិនស្ថិតក្នុងវិសាលភាពដែលថៃទទួល​ស្គាល់​ទេ។ នេះបង្ហាញថា ភាពខុសគ្នារវាងភាគីទាំងពីរ មិនមែនមានត្រឹមតែបញ្ហា «ទុកចិត្ត» ឬ «មិនទុកចិត្ត» នោះទេ ប៉ុន្តែជា​បញ្ហាអំពី ក្របខណ្ឌ និងវិធីសាស្ត្រដែលត្រូវប្រើដើម្បីដោះស្រាយជម្លោះ។

ថៃចង់ឱ្យកម្ពុជាត្រឡប់ទៅរកការចរចាទ្វេភាគី ព្រោះក្នុងក្របខណ្ឌនេះ ថៃអាចគិតថាខ្លួនមានប្រៀប និង​អាចប្រើសម្ពាធដើម្បីរុញច្រានកម្ពុជាឱ្យទទួលយកលក្ខខណ្ឌដែលខ្លួនបានរៀបចំទុកជាមុន។ ផ្ទុយទៅវិញ កម្ពុជាជ្រើសរើសយន្តការដែលឈរលើច្បាប់អន្តរជាតិ ដើម្បីកុំឱ្យអំណាចក្លាយជាអ្នកកំណត់​លទ្ធផល​ជំនួស​ច្បាប់។

ប្រសិនបើថៃជឿជាក់ពិតប្រាកដលើទឡ្ហីករណ៍ផ្លូវច្បាប់របស់ខ្លួន តើមានហេតុផលអ្វីដែលត្រូវ​ខ្លាចការដោះ​ស្រាយតាមច្បាប់អន្តរជាតិ?

ការប្រើច្បាប់ មិនមែនជាការបំផ្លាញទំនុកចិត្តទេ ផ្ទុយទៅវិញ អាចជាមធ្យោបាយមួយដើម្បីបង្កើតទំនុក​ចិត្តទៅវិញទេ ព្រោះនៅពេលដែលភាគីទាំងពីរមានការអះអាងខុសគ្នា អ្វីដែលគួរត្រូវបានដាក់នៅ​លើតុ​ច្បាប់ មិន​មែន​​ជា​កម្លាំងយោធា មិនមែនជាទំហំសេដ្ឋកិច្ច និងមិនមែនសំឡេងជាតិនិយមទេ ប៉ុន្តែគឺ ច្បាប់ ភស្តុតាង និងការ​ចរចា​ដោយស្មើភាពគ្នា។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ជាងនេះ គឺថៃបាននិយាយអំពីការគោរពច្បាប់អន្តរជាតិមិនដាច់ពីមាត់ ខណៈ​ពេល​ជាមួយ​គ្នា​នោះ ក៏ព្យាយាមកំណត់ជាមុនថា តើបញ្ហាណាអាចត្រូវពិភាក្សា និងបញ្ហាណាមិន​គួរ​ត្រូវ​បាន​នាំចូលមក​ក្នុង​ដំណើរការផ្សះផ្សានេះ។ ចំណុចនេះមិនមែនមានន័យថា ជំហររបស់ថៃ​ខុស​ទាំងស្រុង​នោះទេ ប៉ុន្តែបានបង្ហាញ​ថា ភាគីទាំងពីរ​មាន​ការយល់ឃើញខុសគ្នាខ្លាំងអំពីវិសាលភាព និងគោលដៅ​នៃ​ដំណើរការច្បាប់ហើយ។

ដូច្នេះ ថៃមិនគួរយកពាក្យ «ទំនុកចិត្ត» មកធ្វើជាឧបករណ៍នយោបាយ ដើម្បីដាក់សម្ពាធលើកម្ពុជាឱ្យ​បោះ​បង់​ជំហររបស់ខ្លួននោះទេ។ កម្ពុជាអាចស្វែងរកសន្តិភាព កម្ពុជាអាចបន្តការចរចា កម្ពុជាអាចស្តារ​ទំនាក់ទំនងល្អជាមួយប្រទេសជិតខាងបាន ប៉ុន្តែការស្វែងរកសន្តិភាព មិនមានន័យថា កម្ពុជាត្រូវលះបង់​សិទ្ធិ​របស់ខ្លួន ហើយការកសាងទំនុកចិត្ត ក៏មិនមានន័យថា កម្ពុជាត្រូវទទួលយកការកំណត់របស់​ភាគី​ម្ខាង​ទៀត​ដោយគ្មានការតវ៉ានោះដែរ។

ប្រសិនបើថៃពិតជាចង់បានទំនុកចិត្តពីកម្ពុជា នោះថៃគួរចាប់ផ្តើមពីការធ្វើឱ្យកម្ពុជារទុកចិត្ត មិនមែនចាប់​ផ្តើមពីការទាមទារឱ្យកម្ពុជាទុកចិត្តនោះទេ។ ទំនុកចិត្តមិនអាចកើតពីការបង្ខំ គឺទំនុកចិត្តកើតចេញពី​សកម្ម​​ភាព។ ការគោរពច្បាប់អន្តរជាតិ ការគោរពយន្តការដែលកំពុងដំណើរការ ការគោរពអធិបតេយ្យ​ភាព​របស់ប្រទេសជិតខាង និងការចរចាដោយស្មើភាព ទាំងនេះហើយទើបជាមូលដ្ឋានដែលអាចបង្កើតទំនុក​ចិត្តពិតប្រាកដបាន។

ថៃគួរយល់ឱ្យច្បាស់ថា ពិភពលោកសព្វថ្ងៃមិនមែនជាពិភពលោកដែលទំហំប្រទេស កម្លាំងយោធា ឬឥទ្ធិ​ពលសេដ្ឋកិច្ច អាចយកមកធ្វើជាមូលដ្ឋាន ដើម្បីកំណត់ជោគវាសនារបស់ប្រទេសមួយតូច​ជាង​ខ្លួនបាន​ទៀតឡើយ។

កម្ពុជាមិនប្រកួតជាមួយថៃដោយការបង្ហាញកម្លាំងឬសព្វាវុធទំនើបៗនោះទេ ប៉ុន្តែកម្ពុជាត្រូវការតែភាព​ច្បាស់​លាស់ ភស្តុតាងរឹងមាំ ការទូតឆ្លាតវៃ និងការប្រកាន់ភ្ជាប់ច្បាប់អន្តរជាតិតែប៉ុណ្ណោះ។

ដូច្នេះ បើថៃចង់បាន «ទំនុកចិត្ត» ពីកម្ពុជា សំណួរដែលថៃគួរសួរខ្លួនឯង មិនមែនថា «តើកម្ពុជាត្រូវធ្វើអ្វី​ខ្លះ​​ដើម្បីឱ្យថៃទុកចិត្ត?» ទេ។ សំណួរដែលគួរត្រូវសួរត្រឡប់វិញគឺ តើថៃត្រូវធ្វើអ្វីខ្លះដើម្បីឱ្យកម្ពុជា​មាន​ហេតុ​ផល​ក្នុង​ការទុកចិត្ត?

សម្រាប់កម្ពុជា សន្តិភាពគឺជាជម្រើស ការចរចាក៏ជាជម្រើស ហើយការកសាង​ទំនុកចិត្តក៏ជាអ្វីដែល​កម្ពុជា​ចង់បានដែរ។

ប៉ុន្តែមានរឿងមួយដែលមិនអាចយកមកដាក់លើតុចរចាជាថ្នូរនឹង «ទំនុកចិត្ត» ឱ្យថៃបាននោះគឺ អធិបតេយ្យ​ភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ សន្តិភាពអាចចរចាបាន ទំនុកចិត្តអាចកសាងបាន ប៉ុន្តែអធិប​តេយ្យ​ភាព និងបូរណភាពទឹកដី មិនមែនជាជម្រើសដែលកម្ពុជាត្រូវពិចារណាឬត្រូវ​លះបង់នោះ​ទេ៕

ដោយ៖ ពិន វិជ័យ