ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាសហការជាមួយជំនាញពាក់ព័ន្ធ ចុះរុះរើសំណង់ដែលសាងសង់ខុសច្បាប់លើទីតាំងបុរាណដ្ឋានត្រពាំងហែផ្កា ស្ថិតក្នុងក្រុងសៀមរាប

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី២ ខែកញ្ញា ឆ្នាំ២០២០ ព័ត៌មានទូទៅ 93
អាជ្ញាធរជាតិអប្សរាសហការជាមួយជំនាញពាក់ព័ន្ធ ចុះរុះរើសំណង់ដែលសាងសង់ខុសច្បាប់លើទីតាំងបុរាណដ្ឋានត្រពាំងហែផ្កា ស្ថិតក្នុងក្រុងសៀមរាប អាជ្ញាធរជាតិអប្សរាសហការជាមួយជំនាញពាក់ព័ន្ធ ចុះរុះរើសំណង់ដែលសាងសង់ខុសច្បាប់លើទីតាំងបុរាណដ្ឋានត្រពាំងហែផ្កា ស្ថិតក្នុងក្រុងសៀមរាប

អាជ្ញាធរជាតិអប្សរាបានបង្ហាញជំហរថា បើទោះបីជាយ៉ាងណា អាជ្ញាធរត្រូវតែប្រឆាំងចំពោះអំពើរំលោភបំពានប៉ុនប៉ងយកទីបុរាណដ្ឋាន ដែលជាទ្រព្យសម្បតិ្តសាធារណៈរបស់រដ្ឋ ដែលត្រូវការពារជាដាច់ខាត។ ជាក់ស្តែងកាលពីថ្ងៃអង្គារ ទី០១ ខែកញ្ញា ឆ្នាំ២០២០នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលក្រុងសៀមរាប ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចុះអនុវត្តន៍ការរុះរើសំណង់របស់លោក ឃន់ សុខន មានដូចជារបង បន្ទប់ទឹក រោង ដែលធ្វើខុសច្បាប់ប៉ុនប៉ងយកទីបុរាណដ្ឋានត្រពាំងហែផ្កា ធ្វើជាកម្មសិទ្ធិឯកជនជាថ្មីម្ដងទៀត នៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានប្រសាសន៍ថា ការចុះរុះរើសំណង់ខុសច្បាប់នៅថ្ងៃនេះ គឺដើម្បីការពារ ការប៉ុនប៉ងយកដីបុរាណដ្ឋានត្រពាំងហែផ្កា មកធ្វើជាកម្មសិទ្ធិឯកជន។ លោកបន្តថា នេះមិនមែនជាលើកទី១ឡើយ ដែលក្រុមការងារ បានចុះរុះរើសំណង់សាងសង់នៅលើទីតាំងបុរាណដ្ឋានមួយនេះ។

សំឡេង៖ ក្នុងការងារនេះជាការប្រព្រឹត្តជាម្តងពីរដងរួចមកហើយ នេះជាការប្រព្រឹត្តដោយមានការប៉ុនប៉ងច្បាស់លាស់ក្នុងការទន្ទ្រានយកដីកម្មសិទ្ធិរបស់រដ្ឋមកធ្វើជាកម្មសិទ្ធិឯកជន យោងតាមច្បាប់ការពារបេតិកភ័ណ្ឌយើងកំពុងតែពិចារណា ហើយក៏គិតថារៀបចំការងារ ស្របទៅតាមច្បាប់យើងមិនអាចឲ្យជនណា មានបំណងប៉ងអាក្រក់រំលោភយកដីកម្មសិទ្ធិសាធារណៈរបស់រដ្ឋ មកធ្វើជាកម្មសិទ្ធិឯកជននេះទៅតាមបំណងរបស់គាត់បានទេ អ៊ីចឹងចំពោះនីតិវិធីច្បាប់យើងនិងអនុវត្តន៍។

ជាមួយបញ្ហានេះតំណាងរដ្ឋបាលក្រុងសៀមរាប លោក ហាយ យ៉ង់ បានលើកឡើងថា រដ្ឋបាលក្រុងសៀមរាប មានគម្រោងធ្វើការកែលម្អតាមរយៈការស្តារត្រពាំងហែផ្កានេះឲ្យបានស្អាត ដើម្បីធ្វើជាប្រភពទឹកសម្រាប់សាធារណៈប្រើប្រាស់នារដូវប្រាំងខាងមុខ ព្រោះអាជ្ញាធរក្រុងបានទទួលបានច្បាប់អនុញ្ញាតជាគោលការណ៍ពីអាជ្ញាធរជាតិអប្សរារួចមកហើយ។

សំឡេង៖ជាបញ្ហាដែលនេះជាគម្រោងរបស់រដ្ឋបាលក្រុង ដែលគ្រោងកែលម្អទីទួលបុរាណដ្ឋាន និងត្រពាំងហែផ្កានេះ គឺយើងគ្រោងនឹងស្តារនៅក្នុងរដូវប្រាំខាងមុខនេះ ព្រោះមានការឯកភាពពីអាជ្ញាធរជាតិអប្សរារួចហើយ ប៉ុន្តែមុខនឹងធ្វើ យើងនឹងបង្កើតគណៈកម្មការគ្រប់គ្រងគម្រោងឲ្យបានត្រឹមត្រូវ ទាក់ទងទៅនិងការគ្រប់គ្រងការប្រើប្រាស់ឲ្យបានត្រឹមត្រូវនៅត្រពាំងហែផ្កានេះ ជារួមយើងកែលំអត្រពាំងនេះ យោងផលប្រយោជន៍ឲ្យប្រជាពលរដ្ឋប្រើប្រាស់ ស្រោចស្រពជាសាធារណៈ។

គួររម្លឹកថា ត្រពាំងហែផ្កា មានទីតាំងស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប មានបណ្តោយ៣៥០ម៉ែត្រ ទទឹង១៧០ម៉ែត្រ មានខ្នងទំនប់ពី៤០ទៅ៦០ម៉ែត្រ។ ត្រពាំងនេះ មានតាំងពីសម័យអង្គរ ជាសហគមន៍មនុស្សរស់នៅ ព្រោះមានបំណែកកុលាភាជន៍បុរាណនៅរ៉ាយប៉ាយពេញបុរាណដ្ឋាននេះ ហើយនៅខាងត្បូងត្រពាំង ក៏មានប្រាសាទហែផ្កាមួយ ដែលធ្វើពីឥដ្ឋ ជាទីគោរពបូជានៃមនុស្សសម័យនោះ។នេះជាលេីកទី២ហេីយ​ ដែលអាជ្ញាធរជាតិអប្សរានិងអង្គភាពពាក់ព័ន្ធបានចាត់វិធានការណ៍ចុះមករុះរើ ការសាងសង់សំណង់ខុសច្បាប់ នៅលើទីតាំងបុរាណដ្ឋានមួយនេះ ដែលលើកទី១បានអនុវត្តកាលពីខែវិច្ឆិកា ឆ្នាំ២០១៩៕

អត្ថបទទាក់ទង