ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត RULE ជាង ៦ពាន់នាក់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 24
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត RULE ជាង ៦ពាន់នាក់ ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត RULE ជាង ៦ពាន់នាក់

នៅព្រឹកថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) សរុបជាង ៦ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។

សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែផ្តល់តម្លៃ និងកិត្តិយសដល់និស្សិតដែលបញ្ចប់ការសិក្សាដោយជោគជ័យ​ ហើយតែងតែផ្តល់កិត្តិយសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រដល់ពួកគេ។ សម្រាប់សាកលវិទ្យាភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីចំនួនប្រមាណ១៨លើករួចមកហើយ។

ក្នុងឱកាសប្រគល់សញ្ញាបត្រនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលប្រមាណរយៈពេល១ម៉ោង, ខាងក្រោមជាខ្លឹមសារសំខាន់ៗ៖

  1. សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានប្រឹងប្រែងជម្នះការលំបាកបណ្តាលមកពីជំងឺកូវីដ-១៩ ដើម្បីធានាបានការសិក្សាអប់រំ។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់គ្រឹះស្ថានអប់រំទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១០ ជាមួយរាជរដ្ឋាភិបាល។
  3. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងវិបត្តិតែងមានឱកាស។ វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យឌីជីថល នៅក្នុងវិស័យនានាន រួមទាំងការសិក្សាផង មានការរីកចម្រើន។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺជាខួបមួយឆ្នាំ ដែលកម្ពុជាបើកសេដ្ឋកិច្ចឡើងវិញ ក្រោយយកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩ ហើយក៏ជួយសេដ្ឋកិច្ចកម្ពុជា មានកំណើនឡើងវិញ។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាកលវិទ្យាល័យធំៗរបស់រដ្ឋមន្ត្រី នៅតែទទួលបានប្រជាប្រិយភាពពីនិស្សិត។ សម្តេចតេជោ ក៏បានរំលឹកពីដំណើរការកសាង និងអភិវឌ្ឍន៍សាកលវិទ្យាល័យទាំង៣ រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ វិទ្យាសាស្ត្រសេដ្ឋកិច្ច។ សម្តេចតេជោ បានចាត់ទុកសមិទ្ធផលទាំងអស់នេះ គឺជាសមិទ្ធផលអ្នកចាស់កសាងសម្រាប់អ្នកថ្មី។
  6. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សាលពិព័រណ៍ជ្រោយចង្វា នឹងត្រូវយករៀបចំសម្រាប់ទទួលអាហារមេដឹកនាំបរទេស ដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងកត់សម្គាល់ពីការវិវឌ្ឍន៍ដ៏ល្អក្នុងវិស័យអប់រំ។ សម្តេចតេជោ បានគូសបញ្ជាក់ថា ការវិវឌ្ឍន៍ដ៏ល្អនេះ ដោយសារតែកម្ពុជាមានសុខសន្តិភាព។
  8. សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីថា នៅវេលាម៉ោង៤រសៀលនេះ សម្តេចនឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ុយក្រែន តាមទូរស័ព្ទ។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យុវជនបច្ចុប្បន្នមានឱកាសច្រើនណាស់សម្រាប់ការអភិវឌ្ឍខ្លួន អភិវឌ្ឍនូវចំណេះជំនាញ។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំនិយាយដល់ការអភិវឌ្ឍបើគ្មានសន្តិភាព កុំនិយាយដល់ការអភិវឌ្ឍ បើគ្មានធធាននុស្ស។
  11. សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរនិស្សិតទាំងអស់ ដែលបានប្រឹងប្រែងសិក្សារៀនសូត្រ រហូតទទួលបានជោគជ័យ។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ១៩៧៩-១៩៨០ មាននិស្សិតតិចអាចរាប់តាមម្រាមដៃបាន តែឥឡូវមានច្រើនមិនអាចរាប់តាមម្រាមដៃបានទេ។
  13. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្ត្រីតាមឃុំ-សង្កាត់ នាពេលបច្ចុប្បន្នក៏មានអ្នកបញ្ចប់ថ្នាក់ឧត្តមសិក្សាផងដែរ។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងចំអកឱ្យក្រុមប្រឆាំង ដែលតែងរិះគន់ការរំលឹកអតីតកាលរបស់កម្ពុជា ស្មើនឹងមិនហ៊ានរំលឹកពីឪពុក-ម្តាយរបស់ខ្លួន។
  15. សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ក្រោយពេលរំដោះប្រទេស សម្តេចបានប្រកែកមិនព្រមធ្វើជារដ្ឋមន្ត្រីការបរទេសនោះទេ។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាមេរិក បានដឹកឡានមកដល់ហើយ។ នេះជាទម្លាប់របស់អាមេរិក មិនមែនសម្រាប់តែកម្ពុជាទេ។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដោយសារតែកម្ពុជា មានសុខសន្តិភាព ទើបមេដឹកនាំប្រទេសជាមិត្តហ៊ានមកចូលរួមកិច្ចប្រជុំនៅកម្ពុជា។
  18. សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់អាណាព្យាបាល និងសាច់ញាតិ ដែលបានឧបត្ថម្ភ និងគាំទ្រដល់ការសិក្សារៀនសូត្ររបស់កូន ភរិយា ឬស្វាមី។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ត្រីកសិកម្ម មិនទាមទារឱ្យមានជំនាញកសិករនោះទេ ព្រោះជំនាញកសិកម្មមានច្រើនណាស់។ អ្វីដែលទាមទារជាចាំបាច់នោះ គឺការគ្រប់គ្រង ការចាត់ចែង និងការដាក់ចេញទិសដៅនានា។
  20. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍តែងតាំង និងផ្លាស់ប្តូរនាយករដ្ឋមន្ត្រីអង់គ្លេស កំពុងធ្វើឱ្យក្រុមអ្នករិះគន់បានភ្លឺភ្នែក លើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅកម្ពុជា ដែលពួកគេធ្លាប់បានរិះគន់។
  21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាចខកខានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ព្រោះជាប់រវល់ជាមួយយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងបារម្ភបញ្ហាប្រឈមមួយចំនួន។
  22. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកមិនព្រមរៀន មិនខិតខំ មិនមានកិច្ចសហការណ៍ នឹងគ្មានអនាគតល្អទេ។
  23. សម្តេចតេជោ ហ៊ុន សែន សូមការយោគយល់ពីប្រជាពលរដ្ឋ ចំពោះការរំខានចរាចរណ៍មួយចំនួន ក្នុងពេលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាសប្តាហ៍ក្រោយ។
  24. សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ឱ្យទៅចុះឈ្មោះបោះឆ្នោត។
  25. សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋបន្តចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវិដ១៩៕

Fresh News

អត្ថបទទាក់ទង