តើប្រទេសកូរ៉េខាងជើងមានមីស៊ីលប្រភេទអ្វីខ្លះ?
កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងកាត់ប្រទេសជប៉ុន ដោយបានហោះក្នុងរយៈចម្ងាយប្រហែល ៤៥០០ គីឡូម៉ែត្រ មុនពេលដែលវាធ្លាក់ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសនេះបាននឹងកំពុងធ្វើការសាកល្បងកាំជ្រួចមីស៊ីលជាប្រចាំ ដែលជាផ្នែកមួយនៃកម្មវិធីអាវុធរបស់ខ្លួន ក៏ប៉ុន្តែនេះគឺជាការបាញ់លើកដំបូងឆ្លងកាត់លើប្រទេសជប៉ុន បើគិតចាប់តាំងពីឆ្នាំ ២០១៧ មក។
កូរ៉េខាងជើងបានធ្វើការសាកល្បងកាំជ្រួចមីស៊ីលជាង ៣០ លើកនៅក្នុងឆ្នាំនេះ ដោយក្នុងនោះ មីស៊ីលខ្លះអាចមានរយៈចម្ងាយឆ្ងាយល្មមដែលអាចបាញ់រហូតដល់សហរដ្ឋអាមេរិក។ មីស៊ីលទាំងនោះរួមមានមីស៊ីលបាលីស្ទិក (Ballistic Missiles), មីស៊ីលបណ្ដែត (Cruise Missiles) និងមីស៊ីលលឿនជាងសំឡេង (Hypersonic Missiles)។ មីស៊ីល Hypersonic អាចហោះក្នុងល្បឿនលឿនជាងសំឡេងច្រើនដង និងអាចហោះនៅរយៈកម្ពស់ទាបដើម្បីគេចពីការចាប់បានរបស់រ៉ាដា។
មីស៊ីលចុងក្រោយបំផុតដែលត្រូវបានសាកល្បងពីលើប្រទេសជប៉ុន ត្រូវបានគេគិតថាជា «មីស៊ីល Hwasong-12» រយៈចម្ងាយមធ្យម ដែលអាចហោះបានចម្ងាយ ៤ ៥០០ គីឡូម៉ែត្រដែលឆ្ងាយល្មមក្នុងការអាចវាយប្រហារលើកោះ Guam របស់សហរដ្ឋអាមេរិក។
លោក Joseph Byrne ដែលជាអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន «Royal United Services Institute» បាននិយាយថា «ប្រទេសកូរ៉េខាងជើងបាននិងកំពុងសាកល្បងមីស៊ីលដែលមានរយៈចម្ងាយឆ្ងាយ និងឆ្ងាយខ្លាំង។ នេះគឺជាមីស៊ីលរយៈចម្ងាយឆ្ងាយបំផុតដែលកូរ៉េខាង ជើងធ្លាប់បានបាញ់រំលងពីលើប្រទេសជប៉ុន។ វាអាចត្រូវបានធ្វើឡើងនៅមុនការសាកល្បងបាញ់ក្បាលគ្រាប់នុយក្លេអ៊ែរមួយផ្សេងទៀតដែលត្រូវ បានគេព្យាករថានឹងអាចកើតមាននៅក្នុងពេលខាងមុខ»។
កូរ៉េខាងជើងក៏បាននិងកំពុងសាកល្បង «មីស៊ីលផ្លោង Hwasong-14» ផងដែរ ដែលមានរយៈចម្ងាយ ៨ ០០០ គីឡូម៉ែត្រ ក៏ប៉ុន្តែការសិក្សាខ្លះបានលើកឡើងថា «វាអាចហោះបានចម្ងាយរហូតដល់ ១០ ០០០ គីឡូម៉ែត្រ ដែលអាចធ្វើឱ្យវា ហោះទៅដល់ទីក្រុងញូវយ៉ក»។ វាគឺជាមីស៊ីលផ្លោងអន្តរទ្វីប (ICBMs) ដំបូងរបស់កូរ៉េខាងជើង។
«មីស៊ីល Hwasong-15» ត្រូវបានគេជឿថាមានរយៈចម្ងាយរហូតដល់ ១៣ ០០០ គីឡូម៉ែត្រដែលអាចហោះទៅដល់គ្រប់ទីកន្លែងទាំងអស់នៃទឹកដីរបស់សហរដ្ឋអាមេរិក។ កាលពីខែតុលា ឆ្នាំ ២០២០ ប្រទេសកូរ៉េខាងជើងបានបង្ហាញនូវមីស៊ីលផ្លោងចុងក្រោយបំផុតរបស់ខ្លួនគឺ «មីស៊ីល Hwasong-17» ដែលអាចមានរយៈចម្ងាយ ១៥ ០០០ គីឡូម៉ែត្រ ឬអាចបាញ់បានឆ្ងាយជាងនេះ។
មីស៊ីល Hwasong-17 អាចបាញ់ក្បាលគ្រាប់បានម្ដង ៣ ទៅ ៤ គ្រាប់ ដែលនឹងធ្វើឱ្យប្រទេសមួយពិបាកក្នុងការការពារខ្លួនណាស់។ អ្នកជំនាញបាននិយាយថា «ការបង្ហាញមីស៊ីលថ្មីនេះហាក់ដូចជាការផ្ញើសារមួយទៅកាន់រដ្ឋបាលរបស់លោក Biden អំពីភាពរីកចម្រើនខាងផ្នែកយោធារបស់កូរ៉េខាងជើង»។
កាលពីខែមីនា ឆ្នាំ ២០២១ កូរ៉េខាងជើងបានអនុវត្តការបាញ់បង្ហោះនូវ «មីស៊ីលបាលីស្ទីកតាក់ទីកចង្អុលប្រាប់ទិសស៊េរីថ្មី» (New-type Tactical Guided Projectile) ដែលអាចផ្ទុកទម្ងន់បាន ២,៥ តោន និងអាចមានសមត្ថភាពដាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។ អ្នកវិភាគនៅមជ្ឈមណ្ឌល James Martin បាននិយាយថា «វាអាចមានប្រភពដើមមកពីមីស៊ីលដែលបានសាកល្បងកាលពីមុន គឺមីស៊ីល KN-23»។
លើកចុងក្រោយ ដែលកូរ៉េខាងជើងបានសាកល្បងគ្រាប់បែកនុយក្លេអ៊ែរគឺនៅឆ្នាំ ២០១៧ ។ ការផ្ទុះរបស់វានៅទីតាំងសាកល្បង «Punggye-ri» មានកម្លាំងចន្លោះពី ១០០ ទៅ ៣៧០ គីឡូតោន។ គ្រាប់បែក ១០០ គីឡូតោនមានកម្លាំងខ្លាំងជាងគ្រាប់បែកដែលអាមេរិកទម្លាក់លើទីក្រុងហ៊ីរ៉ូស៊ីម៉ាក្នុងឆ្នាំ ១៩៤៥ រហូតដល់ទៅ ៦ ដង។
កូរ៉េខាងជើងបានអះអាងថា «នេះគឺជាអាវុធបរមាណូដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន»។ ទោះជាយ៉ាងណាក៏ដោយ លោក Byrne បាននិយាយថា «នៅពេលនេះកូរ៉េខាងជើងប្រហែលជាមានបំណងចង់សាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរប្រភេទតូចជាងនេះ ក៏ប៉ុន្តែអាចមានកម្លាំងផ្ទុះស្រដៀងគ្នា»។
ការធ្វើតេស្តក្រោមដីចំនួន ៦ លើក ត្រូវបានធ្វើឡើងកាលពីលើកមុន នៅទីតាំង Punggye-ri ។ ប៉ុន្តែ នៅក្នុងឆ្នាំ ២០១៨ ប្រទេសកូរ៉េខាងជើងបាននិយាយថា «ខ្លួននឹងបិទទីតាំងនេះ» ហើយផ្លូវក្រោមដីមួយចំនួនចូលទៅក្នុងទីតាំងនេះ ក៏ត្រូវបានបំផ្ទុះជាបន្តបន្ទាប់នៅចំពោះមុខអ្នកកាសែតបរទេសផងដែរ។
ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងជើងមិនបានអញ្ជើញអ្នកជំនាញអន្តរជាតិឱ្យមកផ្ទៀងផ្ទាត់ថា «តើខ្លួនពិតជាបានបញ្ឈប់ការប្រើប្រាស់មែនដែរឬអត់» នោះទេ ហើយរូបភាពផ្កាយរណបដែលបានចេញផ្សាយកាលពីដើមឆ្នាំនេះ បានបង្ហាញថា «ការងារជួសជុលនៅទីតាំង Punggye-ri បានចាប់ផ្តើមហើយ»។
រាល់ការសាកល្បងនុយក្លេអ៊ែរនៅពេលអនាគតនៅទីតាំងនេះ នឹងបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ នៅឆ្នាំ ២០១៨ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានសន្យាជាមួយអតីតប្រធានាធិបតីអាមេរិក Donald Trump ថា «កូរ៉េខាងជើងនឹងបំផ្លាញសម្ភារៈបរិក្ខារនុយក្លេអ៊ែរទាំងអស់របស់ខ្លួន»។
ទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារបរមាណូរបស់អង្គការសហប្រជាជាតិបាននិយាយថា «រូបភាពផ្កាយរណបបានបង្ហាញថា កូរ៉េខាងជើងបានចាប់ផ្ដើមដំណើរការឡើងវិញនូវរ៉េអាក់ទ័រដែលផលិតសារធាតុភ្លុយតានីញ៉ូម (Plutanium) សម្រាប់ការផលិតអាវុធនុយក្លេអ៊ែរ»។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ក៏បាននិយាយផងដែរថា «កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងកំពុងដំណើរការទៅមុខយ៉ាងពេញទំហឹង ជាមួយនឹងការងារបំបែកសារធាតុភ្លុយតានីញ៉ូម, ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម បូករួមនឹងសកម្មភាពផ្សេងៗទៀត»៕
BBC News