ខ្មែរប៉ុស្ដិ៍ Close

សម្រង់សន្ទរកថារបស់លោក Vladimir Putin នៅក្នុងពិធី បញ្ចូលជាផ្លូវការនូវទឹកដីរបស់អ៊ុយក្រែនជាផ្នែកមួយរបស់រុស្ស៊ី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 55

ខ្ញុំចង់ឱ្យអាជ្ញាធរក្រុង Kyiv និងចៅហ្វាយនាយពិតប្រាកដរបស់ពួកគេនៅភាគខាងលិចស្តាប់នូវអ្វីដែលខ្ញុំនិយាយ ដើម្បីឱ្យពួកគេចងចាំរឿងនេះ។ ប្រជាជនរស់នៅក្នុងទីក្រុង Luhansk និង Donetsk, Kherson និង Zaporizhzhia នឹងក្លាយជាពលរដ្ឋរបស់យើងជារៀងរហូត។

យើងអំពាវនាវឱ្យរបប Kyiv បញ្ឈប់ជាបន្ទាន់នូវអរិភាព, បញ្ចប់សង្រ្គាមដែលពួកគេបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០១៤ និងវិលត្រឡប់មករកតុចរចាវិញ។ យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់រឿងនេះក៏ប៉ុន្តែយើងនឹងមិនពិភាក្សាអំពីជម្រើសរបស់ប្រជាជននៅ Donetsk, Luhansk, Zaporizhzhia និង Kherson នោះទេ ពីព្រោះគ្រប់យ៉ាងត្រូវបានសម្រេចចិត្តហើយ។ រុស្ស៊ីនឹងមិនក្បត់ពួកគេទេ។

យើង​នឹង​ការពារទឹក​ដី​របស់​យើង​ដោយ​ប្រើអំណាច និង​គ្រប់​មធ្យោបាយ​ទាំងអស់ដែលមាន ហើយ​យើង​នឹង​ធ្វើ​អ្វីៗគ្រប់​យ៉ាង​ដើម្បី​ធានា​ឱ្យបាន​នូវ​សុវត្ថិភាពរបស់​ប្រជាជន​របស់យើង។ នេះគឺជាបេសកកម្មរំដោះជាតិដ៏អស្ចារ្យរបស់យើង។ យើងនឹងសាងសង់ឡើងវិញនូវលំនៅដ្ឋាន, សាលារៀន, មន្ទីរពេទ្យ, មហោស្រព និងសារមន្ទីរ។

យើងនឹងស្តារនិងអភិវឌ្ឍសហគ្រាសឧស្សាហកម្ម, រោងចក្រ, ហេដ្ឋារចនាសម្ព័ន្ធ, សង្គម, ប្រាក់សោធននិវត្តន៍, ប្រព័ន្ធថែទាំសុខភាព និងការអប់រំ។ យើងនឹងធ្វើការកែលម្អកម្រិតសន្តិសុខ ហើយយើងនឹងរួមគ្នាធានាថា «ប្រជាពលរដ្ឋនៅក្នុងតំបន់ថ្មីនឹងមានអារម្មណ៍ថា ពួកគេទទួលបានការគាំទ្រពីប្រជាជនរុស្ស៊ីទាំងមូល និងពីប្រទេសរុស្ស៊ីទាំងមូល»។

នៅឆ្នាំ ១៩៩១ នៅឯព្រៃ Belovezh ដោយមិនបានសួរពីឆន្ទៈរបស់ប្រជាពលរដ្ឋសាមញ្ញ អ្នកតំណាងនៃឥស្សរជននៃគណបក្សនៅពេលនោះបានសម្រេចចិត្តបំផ្លាញសហភាពសូវៀត ហើយភ្លាមៗបន្ទាប់ពីនោះ មនុស្ស៏ត្រូវបានកាត់ចេញពីមាតុភូមិរបស់ពួកគេ។ សកម្មភាពនេះ​បាន​បំបែក​បំបាក់​ជាតិរបស់​យើង និងបានបង្កជា​មហន្តរាយ​ជាតិ។

ខ្ញុំទទួលស្គាល់ថា «ពួកគេមិនបានយល់ច្បាស់អំពីអ្វីដែលពួកគេកំពុងធ្វើនោះទេ ហើយពួកគេក៏មិនបានដឹងអំពីផលវិបាកដែលនឹងកើតមាននៅទីបញ្ចប់នោះដែរ»។ ប៉ុន្តែ រឿងនេះលែងសំខាន់ទៀតហើយ។ គ្មានសហភាពសូវៀតទៀតនោះទេ ហើយអតីតកាលក៏មិនអាចវិលត្រលប់មកវិញបានដែរ។

សមរភូមិនេះគឺជាសមរភូមិសម្រាប់ប្រជាជនរបស់យើង សម្រាប់ប្រវត្តិសាស្ត្ររុស្ស៊ីដ៏អស្ចារ្យ និងសម្រាប់មនុស្សជំនាន់ក្រោយ សម្រាប់កូនចៅ  និងចៅទួតរបស់យើង។ ទណ្ឌកម្មគឺមិនគ្រប់គ្រាន់នោះទេសម្រាប់បណ្តាប្រទេស Anglo-Saxon។

ពួកគេបានឈានទៅរកការបំផ្លិចបំផ្លាញ។ វាអាចពិបាកក្នុងការជឿ ក៏ប៉ុន្តែវាគឺជាការពិតដែលថា «ពួកគេបានរៀបចំផែនការបំផ្ទុះនៅបំពង់បង្ហូរឧស្ម័នអន្តរជាតិ Nord Stream ដែលរត់តាមបណ្តោយបាតសមុទ្របាល់ទិក»។ ពួកគេបានចាប់ផ្តើមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលនៅអឺរ៉ុប។

សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់ក្នុងពិភពលោក ដែលបានប្រើប្រាស់អាវុធនុយក្លេអ៊ែរ ២ ដង ដោយបានបំផ្លាញទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគីរបស់ជប៉ុន។ សូម្បីតែសព្វថ្ងៃ សហរដ្ឋអាមេរិកពិតជាបាននិងកំពុងកាន់កាប់លើប្រទេសអាល្លឺម៉ង់, ជប៉ុន, សាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសដទៃទៀត ដោយធ្វើពុតជាចាត់ទុកពួកគេជាសម្ព័ន្ធមិត្តស្មើមុខស្មើមាត់។

របបផ្តាច់ការរបស់ពួកឥស្សរជនលោកខាងលិចបានផ្តោតគោលដៅប្រឆាំងជាមួយគ្រប់សង្គមទាំងអស់ បូករួមទាំងប្រជាជននៃបណ្តាប្រទេសលោកខាងលិចខ្លួនឯង។ នេះគឺជាបញ្ហាប្រឈមសម្រាប់យើងទាំងអស់គ្នា ហើយនេះគឺជាការច្រានចោលទាំងស្រុងនៃភាពជាមនុស្សជាតិ និងជាការផ្តួលរំលំជំនឿ និងគុណតម្លៃប្រពៃណី។

លោកខាងលិចបានចាប់ផ្តើមនូវគោលនយោបាយអាណានិគមរបស់ខ្លួនឡើងវិញនៅក្នុងយុគសម័យកណ្តាល (Middle Ages) ហើយបន្ទាប់មកបានអនុវត្តការធ្វើពាណិជ្ជកម្មទាសករ, ការប្រល័យពូជសាសន៍នៃសកុលសម្ព័ន្ធឥណ្ឌានៅអាមេរិក, ការប្លន់យកទឹកដីរបស់ឥណ្ឌារបស់ទ្វីបអាហ្រ្វិក បូករួមនឹងសង្រ្គាមរបស់អង់គ្លេសនិងបារាំង ប្រឆាំងនឹងប្រទេសចិន។

អ្វី​ដែល​ពួក​គេ​បាន​ធ្វើ​គឺ​ «ការធ្វើ​ឱ្យ​ប្រជាជាតិ​ទាំង​មូល​វក់នឹង​ថ្នាំ​ញៀន និងការសម្លាប់​ក្រុម​ជនជាតិ​ភាគ​តិច​ទាំង​មូល»។ ដើម្បីតែ​ដីធ្លីនិង​ធនធាន ពួក​គេ​បាន​សម្លាប់​មនុស្ស​ដូច​សត្វ ហើយនេះ​គឺ​មានលក្ខណៈផ្ទុយស្រឡះពី ​ធម្មជាតិ​របស់​មនុស្ស, សច្ចភាព, សេរីភាព និង​យុត្តិធម៌។

តើយើងពិតជាចង់ឱ្យរឿងទាំងនេះកើតមាននៅក្នុងប្រទេសរបស់យើងឬ? តើយើងពិតជាចង់ឱ្យកុមារនៅតាមសាលារៀនរបស់យើងយល់ថា យេនឌ័រគឺមានច្រើនជាងស្ត្រី និងបុរស ហើយមនុស្សនឹងទទួលបានឱកាសធ្វើការវះកាត់ប្តូរភេទ? យើងមានអនាគតខុសគ្នាពីនេះ៕

Reuters

អត្ថបទទាក់ទង