ខ្មែរប៉ុស្ដិ៍ Close

ការផ្លាស់ប្តូរគោលនយោបាយរបស់ចិនក្នុងលក្ខណៈខុសប្រក្រតី បានធ្វើឱ្យក្រុមហ៊ុនមួយចំនួនឆ្ងល់ថា តើពួកគេអាចបន្តទប់ទល់បានដល់ពេលណា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 52
ការផ្លាស់ប្តូរគោលនយោបាយរបស់ចិនក្នុងលក្ខណៈខុសប្រក្រតី បានធ្វើឱ្យក្រុមហ៊ុនមួយចំនួនឆ្ងល់ថា តើពួកគេអាចបន្តទប់ទល់បានដល់ពេលណា ការផ្លាស់ប្តូរគោលនយោបាយរបស់ចិនក្នុងលក្ខណៈខុសប្រក្រតី បានធ្វើឱ្យក្រុមហ៊ុនមួយចំនួនឆ្ងល់ថា តើពួកគេអាចបន្តទប់ទល់បានដល់ពេលណា

នៅប៉ុន្មានខែបន្ទាប់ពីទីក្រុងសៀងហៃបានដាក់ចេញនូវវិធានការបិទខ្ទប់រយៈពេល ៦០ ថ្ងៃ ព្រឹត្តិការណ៍នេះនៅតែបន្តលងបន្លាចអាជីវកម្មបរទេសនៅក្នុងប្រទេសចិន។ ក្រុមហ៊ុនអន្តរជាតិ ដូចជាក្រុមហ៊ុនយក្ខ Airbnb បានបិទប្រតិបត្តិការនៅក្នុងប្រទេសចិន ខណៈដែលការស្ទង់មតិជាច្រើនដោយក្រុមធុរកិច្ចបរទេសបានបង្ហាញថា «ក្រុមហ៊ុនអឺរ៉ុបនិងអាមេរិកគ្រោងនឹងផ្លាស់ទីចេញពីប្រទេសចិន»។

គម្រោងវិនិយោគពីបរទេសកំពុងរងនូវការធ្លាក់ចុះ ដោយក្នុងនោះនៅទីក្រុងសៀងហៃបានធ្លាក់ចុះ ២០,៣% នៅចន្លោះខែមិថុនា ដល់ខែកក្កដា បើធៀបនឹងឆ្នាំមុន (យោងតាមការិយាល័យស្ថិតិរបស់ទីក្រុង)។ នៅក្នុងខែមេសា ដែលជាខែដែលមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំត្រូវបានបិទទ្វារ ការបណ្តាក់ទុនវិនិយោគពីបរទេសថ្មីៗមានចំនួនត្រឹមតែ ១៣ ប៉ុណ្ណោះ បើប្រៀបធៀបនឹងចំនួន ៣០៥ នៅក្នុងខែមីនា។

នេះគឺជាភាពមិនច្បាស់លាស់ដែលកំពុងរួមរឹតសេដ្ឋកិច្ចធំលំដាប់ទី២ របស់ពិភពលោក ហើយក្រុមហ៊ុនជាច្រើននៅក្នុងប្រទេសចិនក៏កំពុងជួបប្រទះនឹងការលំបាកជាមួយនិងបរិយាកាសអាជីវកម្មមិនច្បាស់លាស់។ ទស្សនវិស័យទាំងក្នុងនិងក្រៅប្រទេស ក៏កំពុងមានភាពអាប់អួរកាន់តែខ្លាំងផងដែរ។

ការដំឡើងអត្រាការប្រាក់ដ៏ខ្ពស់នៅសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងអត្រាអតិផរណា កំពុងបង្កនូវផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក និងបានបង្កឱ្យមានការភ័យខ្លាចអំពីការកើតមានវិបត្តិសេដ្ឋកិច្ច។ ទំនាក់ទំនងកាន់តែយ៉ាប់យ៉ឺនរវាងចិន និងលោកខាងលិចក៏អាចបង្កការបំផ្លាញដល់ការធ្វើសមាហរណកម្មខ្សែច្រវ៉ាក់ផ្គត់ផ្គង់ផងដែរ។ យុទ្ធសាស្រ្ត Zero COVID ដ៏ម៉ឺងម៉ាត់របស់ទីក្រុងប៉េកាំង កំពុងនាំមកនូវការខាតបង់ចំពោះសេដ្ឋកិច្ចរបស់ចិន។

ជាលទ្ធផល ប្រជាជនចិនបាននាំគ្នាសន្សំប្រាក់កាន់តែច្រើនជាងមុន និងបានចំណាយកាន់តែតិច ខណៈដែលក្រុមហ៊ុននានាកំពុងមានការស្ទាក់ស្ទើរក្នុងការពង្រីកប្រតិបត្តិការ ហើយវិនិយោគិនបរទេសក៏កំពុងរៀបចំផែនការដកខ្លួនចេញផងដែរ។ កំណើន GDP របស់ប្រទេសចិនបានធ្លាក់ចុះជាលំដាប់ ពី ១០,៦% ក្នុងឆ្នាំ ២០១០ មកនៅជាមធ្យមត្រឹម ៥,១% នៅក្នុងឆ្នាំ ២០២០-២០២១។ សេដ្ឋកិច្ចចិនបានកើនឡើងត្រឹមតែ ០,៤% ប៉ុណ្ណោះនៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ ដែលភាគច្រើនបណ្តាលមកពីការបិទខ្ទប់នៅទូទាំងប្រទេស។

មានមនុស្សតិចណាស់ដែលគិតថា «គោលដៅកំណើនប្រចាំឆ្នាំរបស់រដ្ឋាភិបាលចំនួន ៥,៥% នឹងអាចសម្រេចបាន»។ លោក Xu Gao ដែលជាសេដ្ឋវិទូជាន់ខ្ពស់នៃធនាគារ «Bank of China International» បានលើកឡើងកាលពីសប្ដាហ៍មុនថា «អ្វីដែលធ្វើឱ្យមនុស្សមានការប្រុងប្រយ័ត្នគឺភាពមិនប្រក្រតីជាច្រើននៅក្នុងទិន្នន័យសេដ្ឋកិច្ចដែលកំពុងបង្ហាញថា បទបញ្ញត្តិសេដ្ឋកិច្ចចាស់ៗកំពុងរងនូវការបំផ្លាញ ដែលជាហេតុបង្កនូវការលំបាកដល់មនុស្សក្នុងការបង្កើតការរំពឹងទុកឱ្យបានច្បាស់លាស់ និងក្នុងការរក្សាទំនុកចិត្តខ្ពស់ចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេស»។

ភាពមិនប្រក្រតីមានច្រើនណាស់ ដោយរាប់ចាប់ពីកំណើនដ៏ទាបនៃការនាំចូល, សម្ពាធបរិត្តផរណានៅក្នុងទីផ្សារប្រើប្រាស់ ការធ្លាក់ចុះនៃភាគហ៊ុនក្នុងចំណោមក្រុមហ៊ុនផលិតរបស់ចិនរហូតដល់ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យ។ ប្រទេសចិនក៏កំពុងប្រឈមមុខនឹងវិបត្តិសាច់ប្រាក់ផងដែរ ខណៈពេលដែលបណ្តាអាជីវកម្មនានាមានការស្ទាក់ស្ទើរក្នុងការខ្ចីប្រាក់ ឬវិនិយោគ បើទោះបីជាអត្រាការប្រាក់មានកម្រិតទាបក៏ដោយ។

លោក Xu បាននិយាយថា «ប្រសិនបើបទពិសោធន៍ពីមុនលែងមានប្រសិទ្ធភាពហើយ ទស្សនវិស័យសេដ្ឋកិច្ចពិតជាលំបាកក្នុងការទស្សន៍ទាយណាស់ ហើយវានឹងកាន់តែលំបាកក្នុងការបង្កើតការរំពឹងទុកដ៏ល្អអំពីសេដ្ឋកិច្ច។ នេះគឺជាហេតុផលដ៏សំខាន់ដែលនាំមកនូវការរំពឹងទុកដ៏ខ្សោយនៅពេលបច្ចុប្បន្នក្នុងចំណោមស្ថាប័នសេដ្ឋកិច្ច»។

អ្នកវិភាគមួយចំនួនបាននិយាយថា «ទីក្រុងប៉េកាំងត្រូវតែចាត់វិធានការ ដើម្បីកាត់បន្ថយភាពតានតឹង បូករួមទាំងការប្រើប្រាស់វិធីសាស្រ្តវិទ្យាសាស្ត្របន្ថែមទៀត នៅក្នុងការគ្រប់គ្រងវីរុសរាតត្បាត និងគោលនយោបាយ ដែលសមហេតុផល»។ វិនិយោគិនបរទេសកំពុងបង្កើនការរិះគន់កាន់តែខ្លាំង ជាមួយនិងការខកចិត្តរបស់ពួកគេចំពោះបរិយាកាសធុរកិច្ចបច្ចុប្បន្ននៅក្នុងប្រទេសចិន ដោយក្នុងនោះ ពួកគេបានលើកឡើងអំពីការរំខានដោយសារវីរុសកូវីដ-១៩ ក៏ដូចជាការផ្តោតសំខាន់តែទៅលើការធ្វើនយោបាយ។

លោក Joerg Wuttke ដែលជាប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំប្រទេសចិនបាននិយាយកាលពីសប្តាហ៍មុនថា «យើងកំពុងប្រឈមមុខនឹងឧបសគ្គផ្នែកមនោគមវិជ្ជា និងភាពមិនប្រាកដប្រជាកាន់តែខ្ពស់។ ភាពអាចទាយទុកជាមុនបានជួបប្រទះនឹងបញ្ហា ដោយសារការផ្លាស់ប្តូរនូវគោលនយោបាយមានលក្ខណៈខុសប្រក្រតី និងត្រូវបានធ្វើឡើងកាន់តែញឹកញាប់»។

សភាពាណិជ្ជកម្មសហភាពអឺរ៉ុបបានលើកឡើងនៅក្នុងរបាយការណ៍ប្រចាំឆ្នាំថា «បណ្តាក្រុមហ៊ុនអឺរ៉ុបកំពុងជ្រើសរើសយកវិធីសាស្ត្រដែលមានតម្លៃថ្លៃនិងគ្មានប្រសិទ្ធភាព ដែលនោះគឺការបង្កើតប្រព័ន្ធដាច់ដោយឡែកពីគ្នា ដែលមួយគឺសម្រាប់ប្រទេសចិន និងមួយទៀតគឺសម្រាប់ពិភពលោក»។

បើទោះបីជាតួលេខផ្លូវការបានបង្ហាញថា «ការវិនិយោគផ្ទាល់ពីបរទេសបានកើនឡើង ២១,៥% ដល់ចំនួន ១២៣,៩ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៧ ខែដំបូង» ក៏ដោយ ក៏ការពណ៌នារបស់រដ្ឋាភិបាលដែលបានចាត់ទុកប្រទេសចិនជាចំណុចកណ្តាលនៃការវិនិយោគ បានមើលរំលងនូវការពិតដែលថា «ប្រាក់ភាគច្រើនបានហូរកាត់ទីក្រុងហុងកុង ហើយច្រើនជាង ៨០% នៃការវិនិយោគរបស់អឺរ៉ុប គឺមានប្រភពមកពីក្រុមហ៊ុនធំៗមួយចំនួនតូចប៉ុណ្ណោះ»។

ក្រុមហ៊ុន Rhodium Group ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កបានលើកឡើងកាលពីពេលថ្មីៗនេះថា «តាមពិតទៅក្រុមហ៊ុនអឺរ៉ុបថ្មីៗមិនបានចូលមកកាន់ទីផ្សាររបស់ចិនទេនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ»។ ទីក្រុងប៉េកាំងបានបង្កើនវោហាសាស្ត្ររបស់ខ្លួនអំពីការបើកចំហ ហើយនាយករដ្ឋមន្ត្រី Li Keqiang ក៏បានប្តេជ្ញាដែរថា «ប្រទេសចិននឹងអនុវត្តបទប្បញ្ញត្តិប្រកបដោយតម្លាភាព, ស្ថិរភាព និងដែលអាចព្យាករបាន ដើម្បីធានាថាប្រទេសចិននឹងនៅតែជាទីផ្សារដ៏ទាក់ទាញបំផុតនៅក្នុងពិភពលោកសម្រាប់ការវិនិយោគ»។

អ្នកស្រាវជ្រាវ និងអ្នកសេដ្ឋកិច្ចរបស់រដ្ឋាភិបាលមានទំនោរចាត់ទុកបញ្ហាសេដ្ឋកិច្ចបច្ចុប្បន្នជា «បញ្ហារយៈពេលខ្លី» ដែលបង្កឡើងដោយវីរុសរាតត្បាត។ ប៉ុន្តែ អ្នកវិនិយោគបរទេសនៅតែមានការសង្ស័យថា «រដ្ឋាភិបាលអាចនឹងមិនដោះស្រាយបញ្ហាកង្វល់ដ៏ធ្ងន់ធ្ងរបំផុតរបស់ពួកគេនៅក្នុងពេលឆាប់ៗនេះទេ ជាពិសេសពាក់ព័ន្ធនឹងគោលនយោបាយកូវីដ-១៩ ដ៏តឹងរ៉ឹង»។

លោកស្រី Alicia Garcia Herrero ដែលជាប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅក្រុមហ៊ុន Natixis បាននិយាយថា «វាមិនមានសញ្ញាច្បាស់លាស់ណាមួយដែលអាចបញ្ជាក់ថា លោក Xi នឹងផ្លាស់ប្តូរគោលនយោបាយ Zero Covid របស់លោកនៅដើមដំបូងនៃអាណត្តិទី៣ របស់លោកនោះទេ»។ ធនាគារបានព្យាករថា «គោលនយោបាយ Zero Covid តែមួយ នឹងកាត់បន្ថយកំណើនចំនួន ២% នៅឆ្នាំនេះ»។

ជាមួយនិងការថយចុះនៃតារាងតុល្យការរបស់គ្រួសារដែលជាហេតុបង្កផលប៉ះពាល់ដល់ការប្រើប្រាស់ ទីក្រុងប៉េកាំងបានងាកទៅរកការវិនិយោគដែលដឹកនាំដោយរដ្ឋដើម្បីជំរុញតួលេខកំណើន។ ការវិនិយោគលើទ្រព្យសកម្មឯកជន បានកើនឡើង ២,៧% ពីមួយឆ្នាំទៅមួយឆ្នាំ ដល់ចំនួន ១៧,៨ ទ្រីលានយ័ន (២,៤ ទ្រីលានដុល្លារ)។

ក្រុមហ៊ុនឯកជនបានចូលរួមចំណែក ៥៥,៣៤% នៃការវិនិយោគសរុបក្នុងរយៈពេល ៨ ខែដំបូង ដែលជាកម្រិតទាបបំផុត បើគិតចាប់តាំងពីខែមីនា ឆ្នាំ ២០១១។ នៅក្នុងខេត្ត Guangdong ដែលជាខេត្តសេដ្ឋកិច្ច និងជាខេត្តនាំចេញដ៏កំពូលរបស់ប្រទេសចិន ការវិនិយោគឯកជនបានធ្លាក់ចុះ ៤,៥% នៅក្នុងឆមាសទី១ នៃឆ្នាំនេះ បើធៀបនឹងការកើនឡើងចំនួន ១៨,៣% នៅក្នុងឆមាសទី១ នៃឆ្នាំ ២០២១។

សម្រាប់សហគ្រាសធុនតូចនិងមធ្យមជាច្រើន ការអាចបន្តររស់រានមានជីវិតបាន គឺជាបញ្ហាសំខាន់ជាងការពង្រីកអាជីវកម្ម ដោយក្នុងនោះភាគច្រើននៃពួកគេបានផ្តោតសំខាន់លើការរក្សាប្រាក់ចំណូលនិងលំហូរសាច់ប្រាក់។ ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនបានធ្វើឱ្យអ្នករចនាម៉ូត Liu Yun ជួបប្រទះនឹងកង្វះខាតថវិកា និងមានភាពមិនប្រាកដប្រជាអំពីអនាគត។

លោក Liu ដែលមានដើមកំណើតនៅទីក្រុង Zhuhai ក្នុងខេត្ត Guangdong ត្រូវបានអតិថិជនជំពាក់ប្រាក់ប្រហែល ១០ លានយ័ន (១,៣ លានដុល្លារអាមេរិក)។ ក៏ប៉ុន្តែលោកមិនដឹងថា «លោកនឹងទទួលបានប្រាក់នេះនៅពេលណានោះទេ»។ លោក Liu បាននិយាយថា «មនុស្សកាន់តែច្រើនបានយល់ស្របថា ស្ថានភាពនៅឆ្នាំក្រោយនឹងមានលក្ខណៈកាន់តែអាក្រក់ជាងនេះ»។

ទិន្នន័យពីការិយាល័យស្ថិតិជាតិបានឱ្យដឹងថា «រយៈពេលជាមធ្យមសម្រាប់អ្នកផលិតក្នុងការទទួលបានការបង់សងបំណុលវិញ គឺមានចំនួន ៥៤,២ ថ្ងៃ បើគិតត្រឹមខែកក្កដា បើធៀបនឹង ៥១,៦ ថ្ងៃ កាលពីឆ្នាំមុន និងប្រហែល ៤០ ថ្ងៃ ក្នុងចន្លោះឆ្នាំ ២០១៥-២០១៧»។ ទោះជាយ៉ាងណាក៏ដោយ អាជីវកម្មមួយចំនួនបានលើកឡើងថា «ស្ថានភាពជាក់ស្តែងគឺមានលក្ខណៈអាក្រក់ជាងនេះ»។

លោក Xie Junping ដែលបើករោងចក្រផលិតក្រណាត់តូចមួយនៅខេត្ត Zhejiang បាននិយាយថា «រយៈពេលនៃការបង់សងប្រាក់ត្រឡប់មកវិញបានកើនឡើងទ្វេដង ដល់ ៤-៦ ខែ បើគិតចាប់ពីចុងឆ្នាំមុន។ នេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរ ជាពិសេសសម្រាប់អាជីវកម្មខ្នាតតូច ដែលមានលំហូរសាច់ប្រាក់ផុយស្រួយ»។

លោក Ren Zhengfei ដែលជាស្ថាបនិកក្រុមហ៊ុន Huawei Technologies បាននិយាយកាលពីខែមុនថា «ក្រុមហ៊ុនឯកជនដ៏ធំបំផុតរបស់ប្រទេសចិននឹងធ្វើការផ្តោតសំខាន់លើប្រាក់ចំណេញ និងលំហូរសាច់ប្រាក់ ទន្ទឹមនឹងការដកខ្លួនចេញពីអាជីវកម្មបន្ទាប់បន្សំដែលមិនសូវមានសារៈសំខាន់»។ បណ្តាក្រុមហ៊ុនអ៊ីនធឺណិតយក្ខរបស់ចិនដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ក៏បានកាត់បន្ថយកម្លាំងពលកម្មរបស់ពួកគេផងដែរ ដែល មួយផ្នែក បណ្តាលមកពីការបង្ក្រាបរបស់ទីក្រុងប៉េកាំងលើវិស័យនេះកាលពីដើមឆ្នាំនេះ។

វិនិយោគិនឯកជននិងបរទេសជាច្រើនកំពុងរង់ចាំសញ្ញាគោលនយោបាយនៅក្នុងសមាជបក្សលើកទី ២០ ដែលនឹងសម្រេចសមាសភាពអ្នកដឹកនាំជំនាន់ថ្មី បូករួមនឹងការកំណត់ទិសដៅរបស់ប្រទេសសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។ សូម្បីតែប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្រដោយរដ្ឋ ដូចជា «Economic Daily» ក៏កំពុងអំពាវនាវផងដែរឱ្យមានគោលនយោបាយច្បាស់លាស់ប្រកបដោយស្ថិរភាព។

លោក Tang Dajie ដែលជាអ្នក ស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថាន «Chinese Enterprise Institute» ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំងបាននិយាយថា «សមាជបក្សនឹងមានសារៈសំខាន់សម្រាប់យុទ្ធសាស្ត្រអាជីវកម្ម ក៏ប៉ុន្តែមានក្រុមហ៊ុនតិចតួចណាស់ដែលបានរំពឹងថា ស្ថានភាពនឹងវិលទៅរកភាពធម្មតាវិញភ្លាមៗបន្ទាប់ពីសមាជនៅខែតុលា»។

លោកបានបន្តថា «សញ្ញាគោលនយោបាយដែលមានសារៈសំខាន់បំផុតគឺការផ្លាស់ប្តូរគោលនយោបាយគ្រប់គ្រងវីរុសរាតត្បាត។ ការដោះស្រាយគោលនយោបាយកូវីដ-១៩ នឹងបង្កើនទំនុកចិត្តទីផ្សារ ក៏ប៉ុន្តែប្រទេសចិនក៏កំពុងប្រឈមនឹងបញ្ហាបរិយាកាសអន្តរជាតិដ៏ស្មុគស្មាញខ្លាំងផងដែរ។ បញ្ហាជាច្រើនគួរតែត្រូវបានដោះស្រាយដោយផ្អែកលើគំនិតរបស់មនុស្ស ដែលមាននិន្នាការជំរុញកំណែទម្រង់»៕

South China Morning Post