ខ្មែរប៉ុស្ដិ៍ Close

លោក Kishida បានងាកចេញពីរបបមូលធនថ្មី

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី២៨ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 44
លោក Kishida បានងាកចេញពីរបបមូលធនថ្មី លោក Kishida បានងាកចេញពីរបបមូលធនថ្មី

អស់រយៈពេល ៦ ខែ រដ្ឋបាលរបស់លោក Kishida ដោយមានការជួយពីទីប្រឹក្សាដែលមកពីបណ្តាសាកលវិទ្យាល័យ និងក្រុមហ៊ុននានាបានខិតខំប្រឹងប្រែងកែប្រែទម្រង់ថ្មីនៃរបបមូលធនរបស់នាយករដ្ឋមន្ត្រី Fumio Kishida ឱ្យទៅជាគោលនយោបាយដ៏រឹងមាំ។ ក៏ប៉ុន្តែលទ្ធផលចុងក្រោយដែលគណៈរដ្ឋមន្ត្រីបានអនុម័តនៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២២ បានធ្វើឱ្យអ្នកចូលរួមជាច្រើនខកចិត្តយ៉ាងខ្លាំង។

នៅពេលនិយាយដល់គោលការណ៍គ្រឹះ ដែលមានសារៈសំខាន់ចំពោះកំណើនសេដ្ឋកិច្ច និងការបែងចែកប្រាក់ចំណូលឱ្យបានកាន់តែស្មើភាពគ្នា លោក Kishida បានចុះញ៉មចំពោះការរិះគន់ពីគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច និងពីទីផ្សារហិរញ្ញវត្ថុដែល «បានចោទប្រកាន់លោកថា កំពុងលើកកម្ពស់របបសង្គមនិយម»

ជាក់ស្តែងការលើកកម្ពស់ការបែងចែកប្រាក់ចំណូលឡើងវិញដើម្បីកាត់បន្ថយវិសមភាព និងដើម្បីពង្រឹងតម្រូវការរបស់អ្នកប្រើប្រាស់ គឺជាធាតុផ្សំដ៏រឹងមាំមួយនៅក្នុងរូបមន្តម៉ាក្រូសេដ្ឋកិច្ចស្តង់ដារ។ អ្នករិះគន់ខ្លះបានលើកឡើងថា «ជាជាងការដាក់ចេញនូវវិធានការបែងចែកប្រាក់ចំណូលឡើងវិញ លោក Kishida អាចសម្រេចបាននូវកំណើនប្រាក់ឈ្នួលកាន់តែប្រសើរតាមរយៈការធ្វើកំណែទម្រង់ដោយផ្តោតលើការលើកកម្ពស់
ផលិតភាពការងារ»

បើទោះបីជាការលើកកម្ពស់ផលិតភាពការងារមានសារៈសំខាន់ក៏ដោយ ក៏វិធានការនេះតែមួយមុខនឹងមិនអាចជួយបង្កើនប្រាក់ឈ្នួលបានទេ។ ប្រាក់ឈ្នួលនៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានបន្តនៅទ្រឹង បើធៀបទៅនឹងសមាមាត្រកំណើនផលិតភាពនៅក្នុងប្រទេសជាច្រើន ហើយគម្លាតប្រាក់ឈ្នួលនៅជប៉ុនគឺមានលក្ខណៈធ្ងន់ធ្ងរជាងនៅបណ្តាប្រទេសអ្នកមានផ្សេងៗទៀត។

បញ្ហានេះគឺបណ្តាល មកពីឯកសារគោលនយោបាយជប៉ុន ដែលពោរពេញទៅដោយវោហារសាស្ត្រអំពីការទទួលបាន «វដ្តកំណើន និងការបែងចែកប្រកបដោយគុណធម៌» ក៏ប៉ុន្តែវាមិនមានការដាក់ចេញនូវវិធានការមុតមាំណាមួយដើម្បីអាចឈានទៅសម្រេចឱ្យបាននូវគោលដៅនេះទេ។

ការចុះចាញ់របស់លោក Kishida បានចាប់ផ្តើមឡើងភ្លាមៗ នៅក្រោយការស្បថចូលកាន់តំណែងនៅខែតុលា ឆ្នាំ ២០២១។ នៅក្នុងអំឡុងពេលកើតមាន «វិបត្តិ Kishida» តម្លៃទីផ្សារភាគហ៊ុនបានធ្លាក់ចុះ ដោយសារការអំពាវនាវរបស់លោកឱ្យបង្កើនមូលធន និងពន្ធលើប្រាក់ចំណេញឱ្យកាន់តែខ្ពស់ ដើម្បីឱ្យបណ្តាសេដ្ឋីដែលមានប្រាក់រាប់លាន លែងបង់ពន្ធទាបដូចកាលពីពេលមុនៗ។

ប៉ុន្តែលោក Kishida បានដកថយវិញយ៉ាងលឿន ហើយដំណើរថយក្រោយនេះបានបន្តកើតមាននៅពេលដែលលោក Kishida យល់ថា «លោកមិនអាចបង្កការខកចិត្តដល់សហព័ន្ធធុរកិច្ចដ៏ធំឈ្មោះ Keidanren នៅមុនការបោះឆ្នោតសភាជាន់ខ្ពស់នៅខែកក្កដាបានទេ»។

ក្នុងនាមជាមេដឹកនាំរបស់ក្រុមបក្ស LDP ដែលមានកម្លាំងចុះខ្សោយ លោកក៏មិនចង់បង្កការអាក់អន់ចិត្តដល់ក្រុមអភិរក្សនិយម ដែលមានកម្លាំងកាន់តែខ្លាំង និងដែលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី លោក Shinzo Abe និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Taro Aso នោះដែរ។

បញ្ហានេះបានធ្វើឱ្យលោក Kishida មិនមានជម្រើសអ្វីផ្សេងក្រៅតែពីការដាក់ឱ្យអនុវត្តឡើងវិញនូវវិធានការដ៏បរាជ័យដែលដាក់ចេញរួចហើយដោយអ្នកកាន់តំណែងមុនៗ។ ពាក់ព័ន្ធនឹងប្រាក់ឈ្នួល លោក Kishida បានអនុវត្តនូវការអង្វរក ដែលមិនទទួលបានផ្លែផ្កា ដែលនោះគឺ «ការសុំឱ្យក្រុមហ៊ុននានាដំឡើងប្រាក់ឈ្នួលចំនួន ៣% ក្នុងមួយឆ្នាំ»

លោកក៏បានដាក់ឱ្យអនុវត្តឡើងវិញផងដែរនូវគោលដៅដែលមានអាយុកាល ១២ ឆ្នាំ ដែលនោះគឺ «ការសម្រេចឱ្យបាននូវប្រាក់ឈ្នួលអប្បរមាចំនួន ៧,៤ ដុល្លារអាមេរិកក្នុងមួយម៉ោង ក៏ប៉ុន្តែលោកមិនបានដាក់ ចេញនូវកាលកំណត់ច្បាស់លាស់ដើម្បីឈានឱ្យដល់កម្រិតនេះទេ» (អត្រាប្រាក់ឈ្នួលបច្ចុប្បន្នមានចំនួន ៦,៨៩ ដុល្លារអាមេរិកក្នុងមួយម៉ោង)។

លោកបានស្នើឱ្យបង្កើនកម្រិតនៃការបន្ធូរបន្ថយពន្ធបណ្តោះអាសន្នដែលផ្តល់ឱ្យបណ្តាក្រុមហ៊ុនដែលយល់ព្រមដំឡើងប្រាក់ឈ្នួលក្នុងកម្រិតជាក់លាក់ណាមួយ បើទោះបីជាវិធានការ នេះមិនបាននាំមកនូវផ្លៗផ្កាគួឱ្យកត់សម្គាល់ណាមួយកាលពីអតីតកាលក៏ដោយ។

នៅពេលដែលមន្ត្រី និងអ្នកជំនាញពីខាងក្រៅដែលបានចូលរួមនៅក្នុងផែនការនេះ បានលើកឡើងអំពីកង្វះដំណោះស្រាយជាក់លាក់ ពួកគេត្រូវបានប្រាប់ឱ្យ «រង់ចាំសិនរហូតដល់ក្រោយការបោះឆ្នោតសភាជាន់ខ្ពស់»

ទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុនមានការព្រួយបារម្ភថា «ការលើកឡើងនូវសេចក្តីលម្អិតអាចបង្កការមិនសប្បាយចិត្តនៅក្នុងចំណោមក្រសួង និងក្រុមនានាដែលជាហេតុអាចបង្កផលប៉ះពាល់ដល់គណបក្ស LDP នៅក្នុងការបោះឆ្នោតនៅពេលខាងមុខ»។

គណៈរដ្ឋមន្ត្រីបានសន្យាដល់អ្នកដែលបានសម្តែងការខកចិត្តចំពោះដំណើរការនេះថា «នៅត្រឹមចុងឆ្នាំ 2022 ខ្លួននឹងបង្ហាញ ផែនការរយៈពេល ៥ ឆ្នាំយ៉ាងលម្អិត»។ ក៏ប៉ុន្តែមនុស្សជាច្រើន បានសម្តែងនូវទំនុកចិត្តតិចតួចណាស់។ បញ្ហាចម្បងនៅក្នុងការបែងចែកប្រាក់ចំណូលឡើងវិញគឺ «គម្លាតរវាងក្រុមហ៊ុនសាជីវកម្ម និងពលរដ្ឋ»។

ក្រុមហ៊ុនសាជីវកម្មកំពុងប្រមូលទុកនូវប្រាក់ចំណេញដុល (Retained Earnings) ដែលជាប្រាក់ចំណេញដែលពួកគេមិនបង្វែរចូលទៅក្នុងសេដ្ឋកិច្ចតាមរយៈការដំឡើងប្រាក់ឈ្នួល, ការវិនិយោគ, ឬការបង់ពន្ធ។ ចាប់ពីឆ្នាំ 2000 ដល់ឆ្នាំ 2020 «ប្រាក់ចំណេញដុល» បានបន្តកើនឡើងខ្លាំង ខណៈដែលប្រាក់ឈ្នួលរបស់កម្មករនិងការវិនិយោគ បានបន្តធ្លាក់ចុះ។

រដ្ឋាភិបាលបានបង្កើនបញ្ហា តាមរយៈការដំឡើងពន្ធម្តងហើយម្តងទៀតលើអ្នកប្រើប្រាស់ ទន្ទឹមនឹងការកាត់បន្ថយអត្រាពន្ធលើក្រុមហ៊ុនសាជីវកម្ម។ អស់រយៈពេលជាយូរមកហើយ ច្បាប់របស់ជប៉ុនមានចែងអំពីការផ្តល់ប្រាក់ឈ្នួលដោយស្មើភាពគ្នាសម្រាប់ការងារដូចគ្នារវាងកម្មករមានជំនាញ និងកម្មករគ្មានជំនាញ និងរវាងមនុស្សប្រុស និងមនុស្សស្រី។

ប៉ុន្តែ គ្មានស្ថាប័នណាមួយរបស់រដ្ឋាភិបាលទទួលបន្ទុកលើការស៊ើបអង្កេតលើការរំលោភបំពាន ដើម្បីដាក់ទណ្ឌកម្មលើអ្នកប្រព្រឹត្តខុសនោះទេ។ កាន់តែអាក្រក់ថែម ទៀតនោះគឺ «តុលាការបានលុប ចោលផ្នែកខ្លះនៃច្បាប់ ដោយបានប្រកាន់ជំហរគាំទ្រនិយោជកដែលជាហេតុបង្កឱ្យមានការរើសអើង»។ ច្បាប់ទាំងនេះចាំបាច់ត្រូវតែពង្រឹងការអនុវត្តឡើងវិញ។

ការបង្កើនប្រាក់ឈ្នួលអប្បរមាមានឥទ្ធិពលខ្លាំងក្លាណាស់ ដោយក្នុងនោះ វានឹងជួយបង្កើនប្រាក់ចំណូលរបស់កម្មករ ដែលស្ថិតនៅក្រោមអត្រាប្រាក់ឈ្នួលអប្បរមា។ ក្នុងចំណោមប្រទេស OECD ទាំង ២១ ប្រទេសជប៉ុនបានស្ថិតក្នុងលេខរៀងទី ១៨ ក្នុងនាមជាប្រទេសដែលមានប្រាក់ឈ្នួលអប្បរមាឆ្នាំ ២០២០ ស្មើនឹងចំនួន ៤៥% នៃប្រាក់ឈ្នួលមធ្យមរបស់ប្រទេស (National Median Wage)។

នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ជាទូទៅ វាមានចំនួន ៥២% ខណៈដែលចំនួន ៥០% គឺជាចំនួនដែលត្រូវបានចាត់ទុកថាស្ថិតនៅក្នុងបន្ទាត់នៃភាពក្រីក្រ។ បច្ចុប្បន្ន ដើម្បីអាចសម្រេចបានគោលដៅចំនួន ៥២% ប្រទេសជប៉ុននឹងត្រូវផ្តល់ប្រាក់ឈ្នួលរហូតដល់ ៨,៥ ដុល្លារក្នុងមួយម៉ោង។

វាមិនមែនជារឿងដ៏លំបាកនោះទេក្នុងការស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាពចំពោះបញ្ហានេះ។ ក៏ប៉ុន្តែបញ្ហាប្រឈមដ៏សំខាន់គឺការជំនះឱ្យបាននូវការប្រឆាំងផ្នែកនយោបាយចំពោះផែនការរបស់
លោក Kishida៕ East Asia Forum

អត្ថបទទាក់ទង