ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទស្សនាទីក្រុងអ៊ីស្តានប៊ុល តាមនាវាទេសចរណ៍លើផ្ទៃទឹកសមុទ្រ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី២១ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 7
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទស្សនាទីក្រុងអ៊ីស្តានប៊ុល តាមនាវាទេសចរណ៍លើផ្ទៃទឹកសមុទ្រ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញទស្សនាទីក្រុងអ៊ីស្តានប៊ុល តាមនាវាទេសចរណ៍លើផ្ទៃទឹកសមុទ្រ

បន្ទាប់ពីពិធីបើកវេទិកាធុរកិច្ចកម្ពុជា-តួកគី រួចហើយមក នៅរាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអញ្ជើញធ្វើដំណើរ ទស្សនាទីក្រុងអ៊ីស្តានប៊ុល តាមនាវាទេសចរណ៍លើផ្ទៃទឹកសមុទ្រ។

សូមបញ្ជាក់ដែរថា សាធារណរដ្ឋតួកគីមានផ្ទៃក្រឡាទំហំជាង៧៨៣ពាន់គីឡូម៉ែត្រក្រឡា ដែលមានព្រំដែនជាប់ និងប្រទេស អាមេនីអាសៃបៃហ្សង់ ប៊ុលហ្ការី ហ្សកហ្សី ក្រិក អឺរ៉ង់ អីរ៉ាក់ និងស៊ីរី និងមានប្រជាជនរស់នៅ ជាង៨០លាននាក់។ រដ្ឋធានីរបស់សាធារណរដ្ឋតួកគី គឺអង់ការ៉ា។ លើវិស័យសេដ្ឋកិច្ច សាធារណរដ្ឋតួកគី មាន GDP សរុប ២ពាន់១៧៣ទ្រីលានដុល្លារអាមេរិក ក្នុងនោះ GDP សម្រាប់មនុស្សម្នាក់ៗមាន២ម៉ឺន៦ពាន់៩០០ដុល្លារ។

ប្រទេសតួកគី មានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ៧% ផលិតផលក្នុងស្រុកតាមវិស័យ ក្នុងនោះសេវាកម្មមានជាង៦១% ឧស្សាហកម្មជាង៣១% និងកសិកម្មមានជា៦%។ ការនាំចេញសំខាន់ៗរបស់តួកគី គឺសម្លៀកបំពាក់ គ្រឿងម្ហូប ក្រណាត់ គ្រឿងដែក និងសម្ភារ:ដឹកជញ្ជួន ដោយឡែកសម្រាប់ការនាំចូលរួមមាន គ្រឿងម៉ាស៊ីន ប្រេង វត្ថុគីមី ផលិតផលពាក់ កណ្តាលសម្រេច និងសម្ភារៈដឹកជញ្ជូន។

លើទំនាក់ទំនងការទូត កម្ពុជា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយតួកគី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៩៤ ក្នុងនោះនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៣ សាធារណរដ្ឋតួកគី បានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួននៅរាជធានីភ្នំពេញ។ បច្ចុប្បន្នកម្ពុជាមានស្ថាន ឯកអគ្គកុងស៊ុលកិត្តិយសចំនួនពីរ នៅសាធារណរដ្ឋតួកគី ក្នុងនោះកម្ពុជាគ្រោងនឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួន នៅទីក្រុងអង់ការ៉ា នៅឆ្នាំ២០១៩ខាងមុខងដែរ៕

អត្ថបទទាក់ទង