ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីអំពី លំនាំសំខាន់ៗនៃស្ថាបត្យកម្មខ្មែរ និងបដិមាសាស្រ្តបុរាណ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 36
អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីអំពី លំនាំសំខាន់ៗនៃស្ថាបត្យកម្មខ្មែរ និងបដិមាសាស្រ្តបុរាណ អាជ្ញាធរជាតិអប្សរាបើកវគ្គបណ្តុះបណ្តាលស្តីអំពី លំនាំសំខាន់ៗនៃស្ថាបត្យកម្មខ្មែរ និងបដិមាសាស្រ្តបុរាណ

អ្នកជំនាញអាជ្ញាធរជាតិអប្សរាទទួលការបណ្តុះបណ្តាលស្តីពី «លក្ខណៈពិសេសនៃបេតិកភណ្ឌខ្មែរ រួមមាន៖ លំនាំសំខាន់ៗនៃស្ថាបត្យកម្មខ្មែរ និងបដិសាស្រ្តបុរាណ» បង្រៀនដោយលោកសាស្ត្រាចារ្យ  Pierre Baptiste អ្នកជំនាញអភិរក្សនិងស្រាវជ្រាវនៃសារមន្ទីរ GUIMET នៃប្រទេសបារាំង។

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ ២៩ ខែឧសភា ឆ្នាំ២០១៨ ក្នុងគោលបំណងដើម្បីស្វែងយល់ពីទិដ្ឋភាពទូទៅនៃប្រវត្តិសាស្រ្ត បច្ចេកទេស សោភ័ណភាពនៃបេតិកភណ្ឌរបស់អារ្យធម៌ខ្មែរសម័យបុរាណ កំណត់កាលបរិច្ឆេទបដិមា និងប្រាសាទខ្មែរតាមបែបវិទ្យាសាស្រ្ត។

អ្នកជំនាញដែលចូលរួមក្នុងវគ្គសិក្សានេះ គឺជាមន្រ្តីនិងបុគ្គលិកបច្ចេកទេសនៃក្រុម I.T.A.L.I.A នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌ មជ្ឈមណ្ឌលអន្តរជាតិ និងតម្កល់ឯកសារអង្គរ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ និងក្រុមការងារអនុវត្តផែនការគ្រប់គ្រងទេសចរណ៍ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យ ចំណុះឱ្យអាជ្ញាធរជាតិអប្សរាសរុបចំនួន៤៥រូប។

អាជ្ញាធរជាតិអប្សរា តែងតែយកចិត្តទុកដាក់ចំពោះការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញដល់មន្ត្រីបុគ្គលិក ដើម្បីអភិវឌ្ឍន៍សមត្ថភាពនិងចំណេះដឹងក្នុងកិច្ចការអភិរក្សជួសជុសបុរាណដ្ឋានក្នុងតំបន់អង្គរឱ្យកាន់តែប្រសើរឡើង ដោយមានទាំងគ្រូជំនាញជាតិនិងអន្តរជាតិមកបង្រៀន។ លើសពីនោះទៀត ក្រៅពីយកចិត្តទុកដាក់លើការអភិរក្សនិងជួសជុល ក៏មានបង្រៀនជំនាញសង្គ្រោះបឋមដល់ភ្នាក់ងារទេសចរ ដើម្បីជួយសង្គ្រោះដល់ភ្ញៀវទេសចរដែលមកទស្សនានៅក្នុងតំបន់អង្គរឱ្យមានភាពកក់ក្តៅ និងសុវត្ថិភាពពេលពួកគេមានបញ្ហាផងដែរ៕