ខ្មែរប៉ុស្ដិ៍ Close

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់កងទ័ព និងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់នៅពេលមានកិច្ចប្រជុំផ្សេងៗ គ្រាកម្ពុជាធ្វើជាប្រធានអាស៊ាន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 59
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់កងទ័ព និងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់នៅពេលមានកិច្ចប្រជុំផ្សេងៗ គ្រាកម្ពុជាធ្វើជាប្រធានអាស៊ាន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រាប់កងទ័ព និងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដើម្បីការពារសន្ដិសុខ សណ្ដាប់ធ្នាប់នៅពេលមានកិច្ចប្រជុំផ្សេងៗ គ្រាកម្ពុជាធ្វើជាប្រធានអាស៊ាន

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានណែនាំដល់បណ្ដាកងឯកភាពទ័ព ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីត្រៀមលក្ខណៈការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ និងអន្ដរជាតិ នៅពេលចូលរួមកិច្ចប្រជុំផ្សេងៗ គ្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន នៅឆ្នាំ២០២២នេះ។

ការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍បូកសរុបលទ្ធផលសកម្មភាពការងារយោធា-សន្តិសុខ ឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ របស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក។

បន្ថែមពីការណែនាំឲ្យត្រៀមលក្ខណៈការពារសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងគ្រាដែលកម្ពុជាធ្វើជាប្រធានអាស៊ានហើយនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានឲ្យត្រៀមលក្ខណៈដើម្បីការពារដំណើរការឃោសនា និងការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះផងដែរ។

បន្ថែមពីនេះ លោកក៏បានឲ្យត្រៀមបម្រុងកម្លាំង មធ្យោបាយ និង សម្ភារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ ព្រមទាំងការបន្តការយកចិត្តទុកដាក់គិតគូរលើកស្ទួយជីវភាព និងសម្រួលដោះស្រាយការលំបាកផ្សេងៗ របស់គ្រួសារយោធិន និងអតីតយុទ្ធជន តាមរយៈសកម្មភាពមួយចំនួនដូចជា ការផ្តល់នូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចាំបាច់នានា និងការស្វែងទីផ្សាសម្រាប់ផលិតផលដែលគ្រួសារយោធិន និងអតីតយុទ្ធជនផលិតបាន ជាដើម។

លោក ហ៊ុន ម៉ាណែត ក៏មិនភ្លេចឲ្យបណ្ដាកងឯកភាពចំណុះទាំងអស់ ត្រូវបន្តចូលរួមអនុវត្តវិធានការសុខាភិបាល «៣ការពារ និង៣កុំ» ឲ្យបានខ្ជាប់ខ្ជាប់ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងអង្គភាព ជាពិសេសនៅចំពោះមុខប្រភេទមេរោគកូវីដ-១៩ បំប្លែងថ្មីៗនានាដែលអាចកើតមានឡើងជាបន្តបន្ទាប់។

លោកបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី កម្ពុជាអាចគ្រប់គ្រងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ បានល្អប្រសើរ ដែលជោគជ័យនេះបានមកពីការចូលរួមចំណែកយ៉ាងសកម្មរបស់ កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក របស់កងទ័ពជើងគោក ក្នុងនាមជាកម្លាំងស្នូលមួយនៅក្នុងប្រតិបត្តិការអនុវត្តបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលលើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងគ្រប់កិច្ចការជាច្រើន ជាអាទិ៍ ការការពារសន្តិសុខនៅតាមមណ្ឌលព្យាបាល និងមណ្ឌលចត្តាឡីស័ក, ការដឹកជញ្ជូនស្បៀងចែកជូនប្រជាពលរដ្ឋ, ការចូលរួមអនុវត្តវិធានការបិទខ្ទប់, ការចុះបាញ់ថ្នាំសម្លាប់មេរោគតាមទីកន្លែងសាធារណៈ, ការជួយដឹកជញ្ជូនប្រជាពលករត្រលប់, ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស ជាដើម។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងកងទ័ពជើងគោក ដែលពេញមួយឆ្នាំកន្លងទៅនេះ បានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី និងភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរស្របតាមផែនការ ក៏ដូចជាការឆ្លើយតបបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពយថាហេតុផ្សេងទៀត ជាពិសេសការចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលជាបញ្ហាប្រឈមចំពោះមុខដ៏ស្រួចស្រាល់ និងសូមបន្តកិច្ចខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីសម្រេចបានសមិទ្ធផលកាន់តែល្អ ប្រសើរជូនជាតិ ប្រជាជន និងមាតុភូមិយើង៕

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត

អត្ថបទទាក់ទង