សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារ ជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារ ជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ
នៅព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានសំដែងនូវសេចក្ដីគោរពជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជា ទទួលបានសុខសន្តិភាព និងស្ថិរភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះ ហើយនយោបាយនេះ មិនទុកឱ្យអ្នកណាម្នាក់ នៅក្រៅឆាកឡើយ ហើយមិននាំឱ្យមានការសងសឹកគ្នាទៅវិញទៅមកទៅ ផ្ទុយទៅវិញ ជំរុញបាននូវការធ្វើសមាហរណកម្មទូទាំងប្រទេសតែម្ដង ។ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏សូមសម្ដែងនូវការគោរពផងដែរ ចំពោះការដឹកនាំកម្ពុជា ទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដូចទីក្រុងភ្នំពេញ ជារាជធានីមួយដែលដូចជារាជធានីនាប្រទេសដទៃទៀត ដែលជាប្រទេសអភិវឌ្ឍន៍ក្នុងពិភពលោក។

ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលបានប្ដេជ្ញាចិត្តនាំប្រទេស ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ចំពោះការលើកឡើងដ៏ល្អអំពីកម្ពុជា ហើយបានសុំឲ្យឯកឧត្ដម ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសម៉ាល់ឌីវផង ជួយជម្រុញអ្នកវិនិយោគពិនិត្យមើលសក្កដានុពលនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើយ៉ាងណា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែធំធាត់ឡើង ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនឯកឧត្តម អាប់ឌូឡា សាហ៊ីដ អំពីភាពអនុគ្រោះនៃការវិនិយោគនៅកម្ពុជា ជាពិសេស នៅលើវិស័យកសិកម្ម។ សម្ដេចបានមានប្រសាសន៍ថា កម្ពុជា បានអនុញ្ញាតឱ្យជនបរទេសមកបណ្ដាក់ទុន១០០% ជាពិសេស នៅក្នុងការដាក់ទុនលើវិស័យកសិកម្ម ដូចជាការដាក់ម៉ាស៊ីនកិនស្រូវ, ការវិនិយោគទៅលើឃ្លាំងស្តុកស្រូវ និងការប្រមូលទិញស្រូវផ្ទាល់ពីកសិករ ដើម្បីកិន ហើយសម្រាប់នាំចេញទៅប្រទេសដទៃ។ ក្នុងន័យនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្នើសុំឱ្យឯកឧត្តម លើកទឹកចិត្តឱ្យអ្នកវិនិយោគម៉ាល់ឌីវ ពិនិត្យលើការវិនិយោគលើកសិផលស្រូវ-អង្ករ សម្រាប់ការនាំចេញទៅប្រទេសម៉ាឌីវផ្ទាល់ ៕





