ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន ៖ «ប្រាប់កុំឲ្យបំពានច្បាប់ ចោទថាគេលាបពណ៌»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 46
លិខិតមិត្តអ្នកអាន ៖ «ប្រាប់កុំឲ្យបំពានច្បាប់ ចោទថាគេលាបពណ៌» លិខិតមិត្តអ្នកអាន ៖ «ប្រាប់កុំឲ្យបំពានច្បាប់ ចោទថាគេលាបពណ៌»

មានសហជីពមួយក្រុមបានប្រមូលផ្តុំគ្នាទាមទារឲ្យក្រសួងការងារបញ្ឈប់ការលាបពណ៌សហជីព ពាក់ព័ន្ធនឹងបញ្ហាណាហ្គាវើលដ៏។ ហេតុផលដែលសហជីពទាំងនោះបានអះអាងថា ក្រសួងការងារលាបពណ៌ដល់ពួកគេ ពិតជាគួរឲ្យអស់សំណើច ពីព្រោះក្រសួងការងារបានប្រាប់ឲ្យមេសហជីពម្នាក់ឈ្មោះ យ៉ាង សោភ័ណ ដែលមិនពាក់ព័ន្ធនឹងណាហ្គាវើលដ៏សោះនោះ ឲ្យបញ្ឈប់សកម្មភាពញុះញង់កម្មករណាហ្គាវើលដ៏ឲ្យតវ៉ាខុសច្បាប់តទៅទៀត។

មូលហេតុដែលក្រសួងត្រូវបានណែនាំយ៉ាងដូច្នេះពីព្រោះតែមេសហជីពរូបនេះធ្វើការនៅកន្លែងផ្សេងសោះ ស្រាប់តែចូលខ្លួនមកដឹកនាំអតីតបុគ្គលិកណាហ្គាវើលដ៏ឱ្យធ្វើសកម្មភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ហើយប្រើហិង្សាលើអាជ្ញាធរមានសមត្ថកិច្ចថែមទៀត។ សកម្មភាពរបស់ យ៉ាង សោភ័ណ ដែលមកបញ្ជាអតីតបុគ្គលិកណាហ្គាវើលដ៏ឲ្យបំពានបម្រាមអាជ្ញាធរ ត្រូវបានគេមើលឃើញយ៉ាងច្បាស់ក្រឡែត។

ក្រសួងការងារក្នុងនាមអ្នកសម្របសម្រួលដោះស្រាយវិវាទការងារ បានព្យាយាមម្តងហើយម្តងទៀតអស់រយៈពេលជាច្រើនខែមកហើយដើម្បីដោះស្រាយបញ្ចប់វិវាទមួយនេះ ប៉ុន្តែបញ្ហានៅមិនទាន់អាចបញ្ចប់បានឡើយ ដោយសារតែមានមេដឹកនាំសហជីពដែលមិនយល់ច្បាប់ ចាំញុះញង់ពីក្រោយខ្នង។

បញ្ហានេះពិតជាងាយយល់ណាស់៖ តើមានច្បាប់ណាចាប់បង្ខំឲ្យថៅកែត្រូវយកបុគ្គលិកដែលគេមិនពេញចិត្ត ឬដែលគេបញ្ឈប់ពីការងារ ដោយមូលហេតុណាមួយដូចជាមូលហេតុកូវីដ-១៩ ជាដើមនោះឲ្យចូលធ្វើការវិញ? បើគ្មានច្បាប់បែបនេះទេ តើក្រសួងការងារឬសហជីពមានសិទ្ធិអ្វីទៅបង្ខំថៅកែឲ្យយកអតីតបុគ្គលិកណាហ្គាវើលដ៏ទាំងនោះវិញ? នេះជាចម្លើយដ៏ច្បាស់លាស់ចំពោះសំណួររបស់ យ៉ាង សោភ័ណ ដែលសួរថា តើខ្លួនធ្វើខុសត្រង់ណា? «គឺខុសត្រង់ច្បាប់មិនបានចែងអំពីការចាប់បង្ខំឲ្យថៅកែយកបុគ្គលិកដែលគេមិនត្រូវការឲ្យចូលធ្វើការឡើយ» តែខ្លួនឯងនៅតែល្ងង់តវ៉ាដោយគ្មានមូលដ្ឋានច្បាប់ទាល់តែសោះ។

ខុសមួយទៀតគឺការញុះញង់ឲ្យប្រើហិង្សាប្រឆាំងអាជ្ញាធរសាធារណៈ។ ជាក់ស្តែង ថ្ងៃនេះក៏ដូចលើកមុនៗដែរ ក្រុមអតីតបុគ្គលិកណាហ្គាវើលដ៏មួយក្តាប់តូចនេះបានបំពានយ៉ាងកំរោលទៅលើអាជ្ញាធរមានសមត្ថកិច្ចដោយបានបុកទម្លាយបារ៉ាស់របស់សមត្ថកិច្ចដល់ទៅ២។ ប៉ុន្តែ សមត្ថកិច្ចនៅតែបន្តនូវការអត់ធ្មត់ខ្ពស់។

ក្នុងករណីណាហ្គាវើលដ៏នេះ ដំណោះស្រាយមានតែការត្រួតពិនិត្យយ៉ាងដិតដល់អំពីសំណងដែលត្រូវផ្តល់ជូនបុគ្គលិក ដែលត្រូវគេបញ្ឈប់ទាំងនោះដើម្បីធានាថា ក្រុមហ៊ុនពិតជាបានគោរពតាមច្បាប់ការងារមែន។

ត្រង់ចំណុចនេះ ក្រសួងការងារបានបញ្ជាក់ជារឿយៗថា ក្រុមហ៊ុនណាហ្គាវើលដ៏ពិតជាបានផ្តល់សំណងត្រឹមត្រូវតាមច្បាប់ការងារគ្រប់ប្រការទាំងអស់។ ប៉ុន្តែផ្ទុយទៅវិញ គេក៏មិនដែលបានឃើញឬបានលឺសហជីពនិយាយអំពីបញ្ហាសំណងនេះសោះ ខណៈដែលក្រុមហ៊ុនពិតជាបានគោរពតាមគោលការណ៍ច្បាប់យ៉ាងត្រឹមត្រូវ។

ដូច្នេះ តើហេតុអ្វីបានជាមេសហជីពអស់សុពលភាពឈ្មោះ ឈឹម ស៊ីថរ នៅតែដឹកនាំអតីតបុគ្គលិកមួយក្តាប់តូចនេះធ្វើបាតុកម្ម ហើយមិនព្រមទទួលយកសំណង?

មិនត្រឹមតែដឹកនាំធ្វើបាតុកម្មខ្លួនឯងតែប៉ុណ្ណោះទេ ថែមទាំងបានទៅទៅកៀរគរគ្នីគ្នាមកជួយស្រែកជួយខ្សឹប ជួយស៊ីញ៉ូភ្នែកឲ្យបាតុករបំពានបម្រាមអាជ្ញាធរថែមទៀត។ ក្រសួងការងារបានមើលឃើញសកម្មភាពជ្រុលនិយម និងខុសឆ្គងរបស់សហជីពទាំងនោះ ហើយបានណែនាំឲ្យបញ្ឈប់ជាបន្ទាន់។ ប៉ុន្តែសហជីពមិនស្គាល់ច្បាប់ទាំងនោះបែរជាស្រែកថាក្រសួងការងារលាបពណ៌ទៅវិញ។

ចុះធ្វើមេសហជីពយ៉ាងដូចម្តេចបើមិនស្គាល់ច្បាប់ការងារផង?

ច្បាប់បានចែងអំពីការផ្តល់សំណងនៅពេលថៅកែបញ្ឈប់បុគ្គលិកកម្មករ! ចុះហេតុអ្វីបានជាគេសងហើយមិនព្រមទទួលសំណងហើយនៅតែតវ៉ាសុំចូលធ្វើការវិញ? និយាយតាមបែបឡូហ្សិក បើសិនជាថៅកែត្រូវការពួកគេឲ្យនៅធ្វើការ ម៉្លេះគេមិនបញ្ឈប់ពីការងារទេ។ នៅក្នុងពិភពលោកយើងនេះ គ្មានអ្នកជំនួញឯណាដែលមិនស្រឡាញ់ និងមិនប្រាថ្នាចង់បានបុគ្គលិកល្អៗមកធ្វើការនោះទេ? តែក៏គ្មានថៅកែណាប្រាថ្នាចង់បានបុគ្គលិកដែលបើកប្រាក់ខែហើយមិនធ្វើការ និងចាំតែបង្កបញ្ហានោះដែរ។

សរុបមកកវិញ អតីតបុគ្គលិកណាហ្គាវើលដ៏ភាគច្រើនបានយល់អស់ហើយអំពីគោលការណ៍ច្បាប់ ហើយសុខចិត្តទទួលយកសំណងជាបន្តបន្ទាប់។ នៅសល់តែអតីតបុគ្គលិកមួយក្តាប់តូចដែលនៅបន្តការតវ៉ាខុសច្បាប់ក្រោមការញុះញង់របស់សហជីពមួយចំនួន និងដោយមានការគាំទ្រនិងលើកទឹកចិត្តពីក្រោយឆាកពីពួកបរទេសដើម្បីបម្រើរបៀបវារៈនយោបាយ និងភូមិសាស្ត្រនយោបាយ។ ទោះជាយ៉ាងណា អាជ្ញាធរមានសមត្ថកិច្ច នៅតែខំអត់ធ្មត់ដល់កម្រិតខ្ពស់បំផុត ។ ចំណែកឯ ក្រសួងការងារឯណោះវិញថែមទាំងបានសន្យា សម្របសម្រួលជួយស្វែងរកការងារថ្មីជូនអតីតបុគ្គលិកទាំងនោះថែមទៀតផង។

ដូច្នេះ ដល់ពេលហើយ ដែលមេសហជីពទាំងនោះត្រូវភ្ញាក់ខ្លួន ហើយស្វែងយល់អំពីច្បាប់ការងារឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យបន្តដឹកនាំបុគ្គលិកនិយោជិតធ្វើការតវ៉ាដោយខុសច្បាប់តទៅទៀត។ ដល់ពេលហើយដែលអតីតបុគ្គលិកណាហ្គាវើលដ៏ត្រូវដកខ្លួនចេញពីអ្នកចិញ្ចឹមបាតុកម្មខុសច្បាប់ទាំងនោះ ហើយវិលទៅទទួលយកសំណង និងទៅរកការងារថ្មីដើម្បីជីវភាពខ្លួននិងក្រុមគ្រួសារ។ ដល់ពេលហើយដែលអាជ្ញាធរមានសមត្ថកិច្ចគួរពិចារណាអំពីវិធានការផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តខុសច្បាប់។ ដល់ពេលហើយដែលអង្គការសមាគមទាំងឡាយគប្បីបញ្ឈប់សកម្មភាពការពារផលប្រយោជន៍សួនតួរបស់ខ្លួននិងបក្ខពួកខ្លួនតទៅទៀត ពីព្រោះសកម្មភាពបែបនេះមិនត្រឹមត្រូវនោះទេ ហើយពួកគេក៏គួរគប្បីយល់ឱ្យបានច្បាស់ថា ការព្រមានឲ្យបញ្ឈប់សកម្មភាពមិនត្រឹមត្រូវណាមួយដែលនាំដល់ការបំពានច្បាប់ គឺមិនមែនជាការលាបពណ៌នោះទេ តែជាការប្រាប់និងដាស់តឿនឲ្យដឹងខ្លួនមុននឹងវិធានការច្បាប់ត្រូវបានប្រកាន់យក៕

ដោយ : អ្នកនយោបាយតុកាហ្វេ

នាង ឈឹម ស៊ីថរ

អត្ថបទទាក់ទង