ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តមឯកអគ្គរាជទូត អ៊ិន តារា ស្នើឱ្យអ្នករាយការណ៍ពិសេសយកចិត្តទុកដាក់លើសកម្មភាពបង្ខំឱ្យផ្លាស់ទីលំនៅ ការឡោមព័ទ្ធភូមិ ការរឹបអូសទ្រព្យសម្បត្តិនិងទាហានខ្មែរដែលថៃចាប់ខ្លួន

ដោយ៖Sreyleak | ថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 231
ឯកឧត្តមឯកអគ្គរាជទូត អ៊ិន តារា ស្នើឱ្យអ្នករាយការណ៍ពិសេសយកចិត្តទុកដាក់លើសកម្មភាពបង្ខំឱ្យផ្លាស់ទីលំនៅ ការឡោមព័ទ្ធភូមិ ការរឹបអូសទ្រព្យសម្បត្តិនិងទាហានខ្មែរដែលថៃចាប់ខ្លួន ឯកឧត្តមឯកអគ្គរាជទូត អ៊ិន តារា ស្នើឱ្យអ្នករាយការណ៍ពិសេសយកចិត្តទុកដាក់លើសកម្មភាពបង្ខំឱ្យផ្លាស់ទីលំនៅ ការឡោមព័ទ្ធភូមិ ការរឹបអូសទ្រព្យសម្បត្តិនិងទាហានខ្មែរដែលថៃចាប់ខ្លួន

នៅសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្ស៊ឺណែវ បានអញ្ជើញថ្លែងបទអន្តរាគមន៍ដោយបានគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធដែលកំពុងបន្តជាមួយប្រទេសថៃ កាតព្វកិច្ចរបស់អ្នករាយការណ៍មិនអាចបញ្ចប់ដោយរបាយការណ៍តែប៉ុណ្ណោះទេ តែទាមទារភាពក្លាហានខាងសីលធម៌ ដើម្បីប្រឈមមុខ មិនមែនគេចវេស នឹងការរំលោភច្បាប់សិទ្ធិមនុស្ស និងមនុស្សធម៌ធ្ងន់ធ្ងរដែលប៉ះពាល់ដល់ជនស៊ីវិលកម្ពុជា និងទាហានដែលត្រូវបានចាប់ខ្លួន។

នាឱកាសនោះផងដែរ ឯកឧត្តមឯកអគ្គរាជទូត បានបញ្ជាក់បន្ថែមថា សកម្មភាពបង្ខំឱ្យផ្លាស់ទីលំនៅ ការឡោមព័ទ្ធភូមិ ការរឹបអូសទ្រព្យសម្បត្តិ និងការបណ្តេញចេញដោយបង្ខំមិនមែនជារឿងអរូបីទេ ប៉ុន្តែជារបួសរស់រវើកដល់សេចក្ដីថ្លៃថ្នូររបស់មនុស្ស និងមនសិការនៃក្រុមប្រឹក្សានេះ។ ការនៅស្ងៀមមិនមែនជាអព្យាក្រឹតភាពទេ ប៉ុន្តែជាការបោះបង់តួនាទី ពោលគឺភាពស្ងៀមស្ងាត់បំផ្លាញភាពមិនលំអៀង ឯករាជ្យភាព និងសុចរិតភាពរបស់អ្នកកាន់អាណត្តិ។

ជាមួយគ្នានោះផងដែរ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងសង្កត់ធ្ងន់ថា កម្ពុជានៅតែគាំទ្រការបន្តអាណត្តិអ្នករាយការណ៍ដោយសុច្ឆន្ទៈ និងភាពជាដៃគូដោយជឿជាក់លើកិច្ចសហប្រតិបត្តិ ដើម្បីបម្រើដល់បុព្វហេតុសិទ្ធិមនុស្សបានល្អបំផុត ព្រមទាំងសង្ឃឹមជឿជាក់ថា ការសន្ទនា តុល្យភាព និងការគោរព ជាមូលដ្ឋានគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការលើកកម្ពស់សិទ្ធិមនុស្សសម្រាប់ប្រជាជនទាំងអស់៕

អត្ថបទទាក់ទង