ខ្មែរប៉ុស្ដិ៍ Close

    ICAPP ចេញសេចក្តីថ្លែងការណ៍រួម៖ ការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៥ របស់កម្ពុជាប្រព្រឹត្តទៅស្របតាមការបោះឆ្នោតជាសកល

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 1231

    ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ របស់ ICAPP បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ របស់កម្ពុជា នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ បានប្រព្រឹត្តទៅស្របតាមការបោះឆ្នោតជាសកល ដោយការបោះឆ្នោតសម្ងាត់ និងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នីតិរដ្ឋ និងសិទ្ធិមនុស្សសកល ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាជាភាគី។

    សេចក្តីថ្លែងការណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ លោក Ramin Mamandov សមាជិកសភាមកពីប្រទេស Azerbaijan សមាជិកក្រុមប្រឹក្សាភិបាលនៃគណបក្ស New Azerbaijan និងជាសហប្រធានក្រុមយុវជននៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៉ី (ICAPP) លោក Soltan Mammadov សមាជិកសភាមកពីគណបក្ស New Azerbaijan លោក Aldwin Requejo តំណាងការិយាល័យ លោក Jose de Venecia ប្រធានស្ថាបនិកនៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៉ី លោក ឯក ណាត ដាកាល់ ប្រធានគណបក្សគ្រួសារនេប៉ាល់ និងលោក Wu Chuanbing តំណាងបក្សកុម្មុយនិស្តចិន បានបំពេញបេសកកម្មសង្កេតការណ៍ ដើម្បីសង្កេតការណ៍ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានធ្វើឡើង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នៅព្រះរាជាណាចក្រកម្ពុជា។

    សេចក្តីថ្លែងការណ៍ បន្ថែមថា ក្នុងអំឡុងពេលបេសកកម្មសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ដោយមានការគាំទ្រ និងសម្របសម្រួលពី គ.ជ.ប គណៈប្រតិភូបានចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងអង្គការសង្គមស៉ីវិលក្នុងស្រុក។ យើងក៏មានឱកាសពិភាក្សា និងផ្លាស់ប្តូរទស្សនៈ និងសិក្សាអំពីបច្ចុប្បន្នភាពផ្នែកច្បាប់ និងនយោបាយក្នុងប្រទេស ខណៈដែល គ.ជ.ប បាន និងកំពុងដឹកនាំការរៀបចំ និងការប្រព្រឹត្តទៅនៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ ក្នុងន័យធានាថា ការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅស្របតាម គោលការណ៍នៃការរួមបញ្ចូល តម្លាភាព ភាពសេរី និងយុត្តិធម៌។

    គណៈប្រតិភូក៏បានជួបជាមួយថ្នាក់ដឹកនាំនៃវេទិកាសម្ព័ន្ធសង្គមស៉ីវិលកម្ពុជា អ្នកសង្កេតការណ៍ក្នុងស្រុក និងអន្តរជាតិ និងអ្នកគិតឯករាជ្យ។ ជាលទ្ធផលនៃកិច្ចប្រជុំ គណៈប្រតិភូមានទស្សនៈថា បានផ្តល់ឱកាសស្មើៗគ្នាដល់គណបក្សនយោបាយទាំងអស់ក្នុងការជជែកដេញដោល និងថ្លែងសាររបស់គណបក្សខ្លួនទៅកាន់អ្នកបោះឆ្នោតក្នុងពេលឃោសនាបោះឆ្នោត។ លើសពីនោះ គណៈប្រតិភូបានដឹងថា គណបក្សនយោបាយដែលបានចុះឈ្មោះទាំងអស់ អាចធ្វើសកម្មភាពឃោសនាបោះឆ្នោតបានដោយសេរី ហើយថ្នាក់ដឹកនាំអាចធ្វើដំណើរទូទាំងប្រទេស ដើម្បីប្រមូលការគាំទ្រគណបក្សនយោបាយរៀងៗខ្លួន។

    នៅថ្ងៃបោះឆ្នោត គណៈប្រតិភូបានចុះទៅពិនិត្យការិយាល័យបោះឆ្នោតភ្លាមៗ មុននឹងបើក ដើម្បី បានមើលការត្រៀមរៀបចំរបស់បុគ្គលិក គ.ជ.ប ដើម្បីធានាឱ្យដំណើរការបោះឆ្នោត មានភាពត្រឹមត្រូវ។ ជាលទ្ធផល គណៈប្រតិភូបានកត់សម្គាល់ថា វិជ្ជាជីវៈ និងភាពស្មោះត្រង់របស់បុគ្គលិក គ.ជ.ប មានស្តង់ដារខ្ពស់។ ជាងនេះទៅទៀត ដើម្បីទទួលបានការយល់ដឹងច្រើនបំផុតអំពីដំណើរការបោះឆ្នោត គណៈប្រតិភូក៏បានអនុវត្តសកម្មភាពសង្កេតការណ៍របស់ខ្លួននៅតាមការិយាល័យបោះឆ្នោតមួយចំនួនផងដែរ ដូចនេះគណៈប្រតិភូបានសង្កេតឃើញថា អាជ្ញាធរកម្ពុជាគ្រប់លំដាប់ថ្នាក់បានបង្កើតនូវលក្ខខណ្ឌអំណោយផលសម្រាប់គ្រប់គណបក្សនយោបាយទាំងអស់ក្នុងការចូលរួម ដោយសេរី និងយុត្តិធម៌ ក្នុងដំណើរការបោះឆ្នោតទូទាំងប្រទេស។

    បើតាមសេចក្តីថ្លែងការណ៍ដដែល គណៈប្រតិភូបានកត់សម្គាល់ថា អត្រាអ្នកទៅបោះឆ្នោតមានលើសពី 77.9 ភាគរយនៃបញ្ជីឈ្មោះអ្នកបោះឆ្នោត ដែលបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ប្រជាជនកម្ពុជាក្នុងដំណើរការនយោបាយ និងលទ្ធិប្រជាធិបតេយ្យ ជាពិសេសក្នុងការលើកកម្ពស់តម្លៃសិទ្ធិមនុស្ស និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ទោះបីជាយ៉ាងណាក៏ដោយ ទោះបីជាមានការតវ៉ាខ្លះដែល គ.ជ.ប បានទទួលក៏ដោយ ក៏គណៈប្រតិភូមិនឃើញមានឧប្បត្តិហេតុណាមួយ ដែលអាចប៉ះពាល់ដល់ដំណើរការ ឬលទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ នេះឡើយ។

    សេចក្តីថ្លែងការណ៍ បានសង្កត់ធ្ងន់យ៉ាងដូច្នេះ «សរុបសេចក្តីមក គណៈប្រតិភូជឿជាក់យ៉ាងមុតមាំថា ការបោះឆ្នោតបានប្រព្រឹត្តទៅដោយសន្តិវិធី ដោយសេរី យុត្តិធម៌ តម្លាភាព និងបរិយាប័ន្ន។ គណៈប្រតិភូបានសង្កេតឃើញថា ការបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២ ប្រព្រឹត្តទៅស្របតាមការបោះឆ្នោតជាសកលដោយការបោះឆ្នោតសម្ងាត់ និងស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នីតិរដ្ឋ និងសិទ្ធិមនុស្សសកល ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាជាភាគី»

    បើតាមសេចក្តីថ្លែងការណ៍ដដែល បន្តថា «គណៈប្រតិភូសូមថ្លែងអំណរគុណចំពោះឱកាស ដើម្បីសង្កេតមើលដោយផ្ទាល់នូវដំណើរលទ្ធិប្រជាធិបតយ្យ ដែលកំពុងបន្តនៃប្រទេសកម្ពុជាសម័យទំនើប និងរីករាយយ៉ាងក្រៃលែងក្នុងការអបអរសាទរដល់ គ.ជ.ប សម្រាប់វិជ្ជាជីវៈរបស់ខ្លួន និងប្រជាជនកម្ពុជាសម្រាប់ការចូលរួមយ៉ាងសកម្មក្នុងការបោះឆ្នោត។ ជាមួយគ្នានេះ យើងសូមជូនពរឱ្យកម្ពុជា ទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស នីតិរដ្ឋ សន្តិភាព និងការអភិវឌ្ឍ។ ជោគជ័យនៃការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ នៅតែជាជំហានដ៏សំខាន់មួយទៀតក្នុងការជំរុញកំណែទម្រង់ដែលកំពុងបន្តរបស់ព្រះរាជាណាចក្រ ដើម្បីសម្រេចបាននូវសេចក្តីប្រាថ្នារបស់ប្រជាជនចំពោះសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ»

    ក្នុងស្មារតីនេះ គណៈប្រតិភូ បានអំពាវនាវដល់សហគមន៍អន្តរជាតិ គ្រប់គណបក្សនយោបាយ និងអ្នកពាក់ព័ន្ធទាំងអស់ សហការក្នុងន័យស្ថាបនាជាមួយប្រជាជនកម្ពុជា និងជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវភាពបន្តនៃសង្គមកម្ពុជាប្រកបដោយសន្តិភាព សុខដុមរមនា និងរួមចំណែកបន្ថែមទៀតដល់សង្គមជាតិ។ ការអភិវឌ្ឍ និងវិបុលភាពរបស់ប្រទេស ដែលនឹងជួយធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងក្រៅតំបន់៕ Fresh News

    អត្ថបទទាក់ទង