ទីបំផុត បេសកកម្មរុករកយន្តហោះ MH370 ត្រូវបានបញ្ចប់ជាផ្លូវការ ក្រោយធ្វើឡើងអស់រយៈពេល ៤ ឆ្នាំ
ការស្វែងរកយន្តហោះដែលបានបាត់ខ្លួន MH370 នឹងត្រូវបិទបញ្ចប់ជាផ្លូវការ បន្ទាប់ពីដំណើរការអស់រយៈពេលជាង ៤ឆ្នាំ និងត្រូវបានចំណាយទឹកប្រាក់ដើម្បីរុករករាប់សិបលានដុល្លារអាមេរិក។
(ក្មេងៗកំពុងសរសេរឈ្មោះលើជញ្ជាំងដែលមានឈ្មោះ MH370 ដែលបាត់ខ្លួន កាលពីឆ្នាំ២០១៤)
គណៈរដ្ឋមន្ត្រីម៉ាឡេស៊ី បានយល់ព្រមលើសំណើរបស់ក្រុមហ៊ុនអាមេរិក Ocean Infinity ក្នុងការពន្យារពេលរុករក ចាប់តាំងពីដើមឆ្នាំ២០១៨ រហូតដល់ថ្ងៃទី២៩ ខែឧសភា ប៉ុន្តែមកទល់ពេលនេះ មិនទាន់មានដំណឹង ឬភស្តុតាងណាមួយបញ្ជាក់ពីមូលហេតុនៃការបាត់ខ្លួននេះនៅឡើយទេ។
លោក Anthony Loke Shew Fook រដ្ឋមន្ត្រីដឹកជញ្ជូនម៉ាឡេស៊ី បានថ្លែងពីទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៣ឧសភាថា ប្រតិបត្តិការស្វែងរកជើងហោះហើររបស់អាកាចរណ៍ម៉ាឡេស៊ី នឹងមិនមានការពន្យារពេលតទៅទៀតទេ។
(យន្តហោះរបស់អាកាសចរណ៍ម៉ាឡេស៊ី នៅព្រលានយន្តហោះកូឡាឡាំពួរ)
យន្តហោះរបស់អាកាសចរណ៍ម៉ាឡេស៊ី នៅព្រលានយន្តហោះកូឡាឡាំពួរ យន្តហោះ MH370 បានបាត់ខ្លួន កាលពីឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩ ដែលនៅលើយន្តហោះ។
យន្តហោះនេះ បានធ្វើដំណើរពីក្រុងកូឡាឡាំពួរ ទៅកាន់ក្រុងប៉េកាំង ប្រទេសចិន ប៉ុន្តែបានបាត់ពីរ៉ាដា ពេលកំពុងធ្វើដំណើរ។ ការបាត់ខ្លួនរបស់ MH370 ត្រូវចាត់ទុកជាអាថ៌កំបាំងដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្ត្រ។
ប្រទេសដែលធ្លាប់ចូលរួមក្នុងការស្វែងរក MH370 មាន ម៉ាឡេស៊ី ចិន និងអូស្ត្រាលី ដោយធ្វើការរុករកលើផ្ទៃក្រឡា ៧១ម៉ឺនគីឡូម៉ែត្រការ៉េនៅមហាសមុទ្រឥណ្ឌា ដែលគេសង្ស័យថាជាទីតាំងដែលយន្តហោះបានធ្លាក់។ ការរុករក ត្រូវបានក្រសួងដឹកជញ្ជូនអូស្ត្រាលីប៉ាន់ស្មានថា មានទំហំទឹកប្រាក់ ជាង ១៥០លានដុល្លារអាមេរិក៕