ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រីថ្មីរបស់សិង្ហបុរីដែលកំពុងស្ថិតក្នុងបញ្ជីរង់ចាំ : អ្វីដែលអ្នកត្រូវដឹងអំពីលោក Lawrence Wong

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២ ព័ត៌មានអន្តរជាតិ 50
នាយករដ្ឋមន្ត្រីថ្មីរបស់សិង្ហបុរីដែលកំពុងស្ថិតក្នុងបញ្ជីរង់ចាំ : អ្វីដែលអ្នកត្រូវដឹងអំពីលោក Lawrence Wong នាយករដ្ឋមន្ត្រីថ្មីរបស់សិង្ហបុរីដែលកំពុងស្ថិតក្នុងបញ្ជីរង់ចាំ : អ្វីដែលអ្នកត្រូវដឹងអំពីលោក Lawrence Wong

បន្ទាប់ពីការសង្ស័យអស់រយៈពេលជាច្រើនខែមកនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Lawrence Wong ត្រូវបានគេរំពឹងទុកថា នឹងឡើងមកស្នងតំណែងបន្តពីលោក Lee Hsien Loong ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសសិង្ហបុរី។

នាយករដ្ឋមន្ត្រី Lee បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្រុមមេដឹកនាំវ័យក្មេងជំនាន់ទី៤ ឬ 4G បានផ្តល់ការគាំទ្រយ៉ាងលើសលប់ដល់លោក Wong ដែលមានអាយុ ៤៩ ឆ្នាំ ហើយគណៈរដ្ឋមន្ត្រីបច្ចុប្បន្នរបស់លោក ក៏បានសម្តែងនូវការគាំទ្រចំពោះការសម្រេចចិត្តនេះផងដែរ»។

លោក Lee ត្រូវបានគេរំពឹងថានឹងតែងតាំងលោក Wong ជាឧបនាយករដ្ឋមន្ត្រីក្នុងពេលឆាប់ៗនេះ ហើយឋានៈរបស់លោក Wong នៅក្នុងគណបក្សក៏អាចនឹងកើនឡើងផងដែរនៅក្នុងអំឡុងពេលនៃការជួបជុំប្រចាំឆ្នាំរបស់គណបក្សនៅចុងឆ្នាំនេះ។

ស្ថានភាពបានផ្លាស់ប្តូរកាលពីឆ្នាំមុន បន្ទាប់ពីអ្នកស្នងតំណែងរបស់លោក Lee គឺលោក Heng Swee Keat ដែលមានអាយុ ៦១ ឆ្នាំ បានធ្វើឱ្យប្រទេសមានការស្រឡាំងកាំង តាមរយៈការដកខ្លួនចេញដោយលើក ឡើងពីការត្រូវការមនុស្សវ័យក្មេងឱ្យឡើងមកជួយដឹកនាំប្រទេសនៅពេលដែលវីរុសរាតត្បាតកូវីដ-១៩ បានធូរស្រាល។

នៅមិន​ទាន់​មាន​ការ​បញ្ជាក់ណាមួយ​នៅ​ឡើយ​ទេ​ថា «តើ​ការ​ផ្ទេរ​អំណាច​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពេល​ណា​»។

ខាងក្រោមនេះគឺជា រឿងចំនួន ៤ ដែលអ្នកត្រូវដឹងអំពីបុរសដែល នឹងឡើងមកដឹកនាំប្រទេសសិង្ហបុរីក្នុងយុគសម័យក្រោយវីរុសរាតត្បាត។

ដូចមិត្តរួមការងាររបស់លោកដែរ លោក Wong គឺជាអ្នកដែលទទួលបានអាហារូបករណ៍រដ្ឋាភិបាលសម្រាប់ថ្នាក់បរិញ្ញាបត្រ។ ក៏ប៉ុន្តែខុសគ្នាពីមិត្តភក្តិរបស់លោកដែលភាគច្រើនបានចេញទៅសិក្សានៅសាកលវិទ្យាល័យលំដាប់កំពូលៗរបស់អង់គ្លេសដូចជា Oxford ឬ Cambridge លោក Wong បានសម្រេចចិត្តសិក្សាផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Wisconsin-Madison នៅក្នុងសហរដ្ឋអាមេរិក។

កាសែត The Straits Times បានលើកឡើងថា «លោកសម្រេចចិត្តទៅសិក្សានៅសហរដ្ឋអាមេរិកព្រោះតន្ត្រីករដែលលោកចូលចិត្តគឺស្ថិតនៅសហរដ្ឋអាមេរិក»។ ខុសគ្នាពីមិត្តភក្តិរបស់លោកដែលបានទៅសិក្សានៅអនុវិទ្យាល័យលំដាប់ៗ លោក Wong បានចូលរៀននៅសាលាមួយកន្លែងក្បែរតំបន់ Marine Parade ដែលជាកន្លែងលោករស់នៅ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ដាច់​ដោយ​ឡែក​ពី​គ្នា​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នាយក​រដ្ឋ​មន្ត្រី Lee និង លោក Wong បាន​សង្កត់​ធ្ងន់​ថា «សិទ្ធិ​ដឹក​នាំ​មិន​គួរជាការទទួល​មរតក​នោះទេ»។ ជាក់ស្តែង លោក Wong ដែលនឹងឈានចូលវ័យ ៥០ ឆ្នាំនៅក្នុងខែធ្នូនេះ មិនមែនមកពីគ្រួសារអ្នកនយោបាយទេ ដែលនេះគឺជាប្រវត្តិដ៏ចាំបាច់សម្រាប់ភាពជាអ្នកដឹកនាំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ភាគច្រើន។

ឪពុក​របស់​លោក​កើត​នៅ​ហៃណាន និងបានផ្លាស់​ទៅកាន់ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ក្មេង ហើយបន្ទាប់​មក​ក៏បានមកកាន់ប្រទេស​សិង្ហបុរី​ និងបានធ្វើ​ការ​ផ្នែក​លក់។ ម្តាយរបស់លោកកើតនៅប្រទេសសិង្ហបុរី និងជាគ្រូបង្រៀននៅសាលាបឋមសិក្សាដែលលោក Wong និងបងប្រុសរបស់លោករៀន។

លោក Wong ចេះលេងហ្គីតាតាំងពីលោកមានអាយុ ៨ ឆ្នាំ។ លោក​បាន​ប្រើ​ជំនាញ​តន្ត្រី​របស់​លោក​​នៅក្នុង​អំឡុង​ពេល​ដែលលោកកំពុងសិក្សា​នៅ​សាកលវិទ្យាល័យ​នៅ​អាមេរិក។ លោកធ្លាប់បានប្រាប់កាសែត The Straits Times ថា «លោក ស្រលាញ់ប្រភេទតន្ត្រី Rock, Blues និង Soul»។

«លោក Wong បានរៀបការជាលើកទី២ បន្ទាប់ពីបានលែងលះ ហើយលោកមិនមានកូននោះទេ»។ ពាក់ព័ន្ធនឹងអាជីពជាមន្ត្រីរាជការនៅមុនពេលចូលប្រឡូកក្នុងឆាកនយោបាយ លោកបានកាន់ការងារធំៗមួយចំនួននៅក្នុងការិយាធិបតេយ្យរបស់ប្រទេស បូករួមទាំងតំណែងជាលេខាផ្ទាល់ (Principal Private Secretary) របស់នាយករដ្ឋមន្ត្រី។ លោក​បាន​បម្រើ​ការ​ក្នុង​តំណែង​នេះចាប់​ពី​ឆ្នាំ ២០០៥ ដល់​ឆ្នាំ ២០០៨។

លោក Wong គឺជាបុគ្គលដ៏ម៉ឺងម៉ាត់នៅក្រោមការគ្រប់គ្រងរបស់លោក Lee នៅក្នុងទសវត្សរ៍ឆ្នាំ២០១០ ដោយក្នុងនោះ លោកបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ សហគមន៍ និងយុវជន ហើយបន្ទាប់មកបានឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជាតិនៅចន្លោះឆ្នាំ ២០១២ ដល់ ២០២០។

បន្ទាប់ពីការស្ទង់មតិឆ្នាំ២០២០ ដែលធ្វើឡើងនៅចំពេលកើតមានការរាតត្បាតនៃវីរុសកូវីដ-១៩ លោក Lee បានតែងតាំងលោក Wong ជា រដ្ឋមន្ត្រីក្រសួងអប់រំ។

ក្រោយមក ជាមួយនឹងការសម្រេចចិត្តរបស់លោក Heng ក្នុងការលាលែងពីតំណែងកាលពីឆ្នាំមុន តំណែងផ្នែកហិរញ្ញវត្ថុរបស់លោក Lee ត្រូវបានប្រគល់ទៅឱ្យលោក Wong ។ លោក Lee និងអតីតនាយករដ្ឋមន្ត្រីសិង្ហបុរី Goh Chok Tong សុទ្ធតែធ្លាប់បានបម្រើការជាប្រធានហិរញ្ញវត្ថុរបស់ប្រទេស នៅមុនពេលចូលកាន់ការងារនយោបាយលំដាប់កំពូល។

ក្រុមអ្នកសង្កេតការណ៍បាននិយាយថា «លោក Wong បានចូលមកកាន់តួនាទីជាសហប្រធានម្នាក់នៃក្រុមការងារកូវីដ-១៩ របស់ប្រទេស»។ បើទោះបីជាពេលខ្លះ លោកបានរងនូវការរិះគន់ដោយសារការដាក់ចេញ និងការដកចេញនូវវិធានការរឹតបន្តឹងរបស់រដ្ឋាភិបាលក៏ដោយ ក៏អាកប្បកិរិយាដែលមិនអាចប្រកែកបានរបស់លោក Wong បានធ្វើឱ្យមនុស្សជាច្រើនពេញចិត្តនឹងលោក សូម្បីតែក្នុងចំណោមអ្នកដែលធ្លាប់បានផ្តល់ចំណាត់ថ្នាក់ទាបដល់រូបលោក សម្រាប់តំណែងជានាយករដ្ឋមន្ត្រីក៏ដោយ។

លោក Elvin Ong ដែលជាជំនួយការសាស្រ្តាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បាននិយាយថា «លោក Wong ក៏បាននិយាយទៅកាន់ប្រជាជនសិង្ហបុរីផងដែរអំពីបញ្ហាចម្រូងចម្រាសមួយចំនួនដូចជាបញ្ហាពូជសាសន៍ ហើយជាទូទៅ លោកបានធ្វើកិច្ចការទាំងនេះបានយ៉ាងល្អ»។

នៅក្នុងលិខិតអបអរសាទរទៅកាន់លោក Wong រដ្ឋមន្ត្រីសុខាភិបាល Ong Ye Kung បានលើកឡើងថា «លោក Wong ដាក់ចិត្តនិងកាយរបស់លោកទៅក្នុងអ្វីដែលលោកកំពុងធ្វើ ហើយលោកមិនដែលទាមទារចង់បានការកោតសរសើរ ឬការគាំទ្រឡើយ»។

អ្នកវិភាគបានផ្តល់យោបល់ថា «លោក Wong ទំនងជាមិនបង្កផលរំខាន ហើយអាចនឹងមិនធ្វើការផ្លាស់ប្តូរមេដឹកនាំចាស់ៗច្រើនទេ ហើយចំពោះផ្នែកការទូតក៏នឹងមិនមានការផ្លាស់ប្តូរច្រើនដែរ។ លោក Felix Tan ដែលជាអ្នកវិភាគនយោបាយមកពីសាកលវិទ្យាល័យ «Nanyang Technological University» បាននិយាយថា «វាប្រហែលជាមិនមានការផ្លាស់ប្តូរដ៏ធំដុំណាមួយនោះឡើយ ហើយគោលនយោបាយការបរទេសរបស់សិង្ហបុរី តែងតែផ្សារភ្ជាប់ទៅនឹងអព្យាក្រឹតភាព និងផលប្រយោជន៍ជាតិរបស់ខ្លួន»។

មេដឹកនាំហិរញ្ញវត្ថុធ្លាប់មានទំនាក់ទំនងជាទៀងទាត់ជាមួយមន្ត្រីកំពូលៗនៅក្នុងប្រទេសចិន និងសហរដ្ឋអាមេរិក។ លោក Wong ក៏ធ្លាប់ធ្វើជារដ្ឋមន្ត្រីទទួលបន្ទុកលើទីក្រុងសេដ្ឋកិច្ចចិន-សិង្ហបុរី «Tianjin» ផងដែរ ដែលជាគម្រោងមួយក្នុងចំណោមគម្រោងសំខាន់ៗទាំង៣ របស់រដ្ឋាភិបាលក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ផ្អែកលើចំណុច​នេះ លោក​​មាន​ការ​ផ្លាស់ប្តូរ​បទពិសោធន៍ជាមួយ​មេដឹកនាំ​ចិន​នៅទីក្រុង​ប៉េកាំង និង​ Tianjin ហើយលោក Wong បច្ចុប្បន្នជាសហប្រធានក្រុមប្រឹក្សាសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយសិង្ហបុរី-សៀងហៃ។

លោក Eugene Tan ដែលជាអ្នកសង្កេតការណ៍នយោបាយដ៏យូរឆ្នាំ និងជាសាស្ត្រាចារ្យផ្នែកច្បាប់នៅសាកលវិទ្យាល័យគ្រប់គ្រងសិង្ហបុរីបាននិយាយថា «មេដឹកនាំសិង្ហបុរីបានបន្តទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន បើទោះបីជាសិង្ហបុរីបានបង្កើនការការពារផលប្រយោជន៍របស់ខ្លួន នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ»។

លោក​បាន​បន្ត​ថា​ «ស្ថានភាព​នេះ​ទំនង​ជា​នឹងមិន​មាន​ការផ្លាស់​ប្តូរ​នោះទេ បើទោះបីជាមាន​ការ​ផ្ទេរ​អំណាច​ក៏ដោយ»។ លោករំពឹងថា «លោក Wong នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នៅពេលដែលការធ្វើដំណើរទៅកាន់ចិនដីគោកបើកដំណើរការឡើងវិញ ហើយការធ្វើដំណើរអាចនឹងធ្វើឡើងជាប្រចាំឆ្នាំ ប្រសិនបើលោកបានកាន់តួនាទីជានាយករដ្ឋមន្ត្រី»។

លោក Chong Ja Ian ដែលជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បាននិយាយថា «គេនឹងបន្តរង់ចាំមើលថា តើលោកWong មានសមត្ថភាពក្នុងការដឹកនាំប្រទេសនៅក្នុងពេលវេលាដែលពោរពេញទៅដោយភាពច្របូកច្របល់ដែរឬទេ»។

លោកបានបន្តថា «ប្រសិនបើពិភពលោកស្ថិតក្នុងភាពតានតឹងកាន់តែខ្លាំង និងអាចឈានទៅរកការផ្លាស់ប្តូរ សំណួរដ៏សំខាន់មួយគឺថា តើអ្នកដែលអាចរក្សាស្ថានការណ៍ឱ្យនៅដំណើរការល្អ ជាជម្រើសល្អជាង ឬអ្នកដែលអាចប្រតិកម្មបានយ៉ាងឆាប់រហ័ស និងអាចឆក់យកឱកាស គឺជាជម្រើសល្អជាង»។

លោក Elvin Ong មកពីសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) បាននិយាយថា «រដ្ឋមន្ត្រីសុខាភិបាល Ong Ye Kung និងរដ្ឋមន្ត្រីក្រសួងអប់រំ Chan Chun Sing ដែលធ្លាប់ត្រូវបានគេចាត់ទុកជាគូប្រជែងដ៏ក្តៅគគុកនៅក្នុងការប្រកួតប្រជែងយកតំណែងកំពូល អាចនឹងក្លាយជាឧបនាយករដ្ឋមន្ត្រីរបស់លោក Wong»។

លោក Eugene Tan ក៏បានរំពឹងទុកដែរថា «លោក Ong និង Chan នឹងស្ថិតនៅក្នុងចំណោមមេទ័ពកំពូលៗរបស់លោក Wong ហើយការផ្លាស់ប្តូរនេះនឹងអាចរក្សាបាននូវភាពស៊ីសង្វាក់គ្នានៅក្នុងគណៈរដ្ឋមន្ត្រី, គណបក្ស និងក្រុម 4G»។

នាយករដ្ឋមន្ត្រី Lee បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «លោក Wong មានការគាំទ្រលើសលប់ពីក្រុម 4G ហើយលោក Wong ចាំបាច់ត្រូវបង្កើតក្រុម ដែលនឹងគោរពការសម្រេចចិត្តរបស់លោក ហើយនឹងគាំទ្រគោលនយោបាយរបស់លោក បូករួមទាំងការមានមេទ័ព ដែលអាចជួយពង្រឹងតួនាទីរបស់លោកក្នុងនាមជាអ្នកដឹកនាំប្រទេស»។

ទាំងលោក Ong និង Chan បូករួមជា មួយនឹងសមាជិកសភាផ្សេងទៀតនៃគណបក្ស PAP ក៏បានធ្វើការអបអរសាទរចំពោះលោក Wong ផងដែរ។

សន្លឹកបៀរបន្ទាប់គឺជាការរុះរើគណៈរដ្ឋមន្ត្រី។ លោក Eugene Tan បាននិយាយថា «លោក Wong ប្រាកដណាស់នឹងត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ដោយនឹងចូលកាន់តំណែងបន្តពីនាយករដ្ឋមន្ត្រីដែលស្ថិតក្នុងបញ្ជីរង់ចាំមុនគឺលោក Heng»។

នៅឆ្នាំនេះ គណបក្ស PAP បានរៀបចំការបោះឆ្នោតសម្រាប់គណៈកម្មាធិការប្រតិបត្តិមជ្ឈិមរបស់ខ្លួន ដោយក្នុងនោះ សមាជិកគណបក្សសំខាន់ៗត្រូវបានជ្រើសរើសឱ្យចូលទៅក្នុងជួរផ្ទៃក្នុង/កម្មាភិបាលជិតស្និទ (Inner Cycle)។

នៅជុំចុងក្រោយ លោក Heng ត្រូវបានដំឡើងឋានៈជាជំនួយការទី១ របស់អគ្គលេខាធិការ ខណៈដែលលោក Chan Chun Sing ត្រូវបានដំឡើងឋានៈជាជំនួយការទី២ របស់អគ្គលេខាធិកា។ មុខតំណែងដែល លោក Wong និងមិត្តរួមការងាររបស់លោកត្រូវបានផ្តល់ឱ្យនៅឆ្នាំនេះ បានបង្ហាញថា «តើនរណានឹងក្លាយជាឧបនាយករដ្ឋមន្ត្រីរបស់លោក Wong នៅពេលដែលលោកចូលកាន់តំណែងជានាយករដ្ឋមន្ត្រី»។

ការស្ទង់មតិបន្ទាប់នឹងធ្វើឡើងនៅឆ្នាំ ២០២៥។ លោក Tan បាន និយាយថា «សម្រាប់ពេលនេះ វាមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យលោក Wong ក្លាយជាមុខមាត់ដ៏លេចធ្លោររបស់គណបក្ស និងរដ្ឋាភិបាល និងដើម្បីឱ្យលោកអាចដើរចេញពីស្រមោលរបស់លោកនាយករដ្ឋមន្ត្រី Lee។ លោក Wong នឹងត្រូវជួបប្រទះនូវបញ្ហាប្រឈមជាច្រើនជាពិសេសគឺការជំរុញការគាំទ្រនៅក្នុងចំណោមប្រជាពលរដ្ឋវ័យក្មេង»។

គណបក្ស PAP បានកាន់កាប់សភាភាគច្រើនចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ ១៩៦០ ។ ការធ្លាក់ចុះនៃសម្លេងគាំទ្រមកនៅត្រឹម ៦១,២% នៃសន្លឹកឆ្នោតទាំងអស់ ដែលបានបោះនៅក្នុងការស្ទង់មតិឆ្នាំ២០២០ គឺជាលទ្ធផលដ៏អន់ខ្សោយមួយសម្រាប់គណបក្សនេះ។

គណបក្ស​ប្រឆាំង​ «​Workers’Party» បាន​ធ្វើ​ការ​ចូល​រួម​យ៉ាង​សកម្មនៅ​ក្នុង​ការ​បោះឆ្នោត​នោះ ក៏ប៉ុន្តែកាលពីពេល​ថ្មីៗ​នេះ​ គណបក្សនេះកំពុងរងនូវ​​រឿង​អាស្រូវ​ផ្ទៃក្នុង​។

លោក Felix Tan បាននិយាយថា «សម្រាប់ថ្ងៃខាងមុខ លោក Wong នឹងត្រូវបង្កើតឱ្យមានគំរូនៃភាពជាអ្នកដឹកនាំផ្ទាល់ខ្លួន ហើយលោកត្រូវស្វែងរកចំណុចពិសេសមួយចំនួន ដើម្បីទាក់ទាញការគាំទ្រពីប្រជាជនសិង្ហបុរី»៕ South China Morning Post

អត្ថបទទាក់ទង