សម្តេចតេជោ ហ៊ុន សែន ៖ លើកទឹកចិត្តឱ្យកុមារកំព្រាទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្នុងឱកាសកសាងអនាគតដ៏ល្អ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុមារដែលកើតមកដែលត្រូវបានគេបង្ហោះបង់ចោល នេះជាភាពអាក្រក់ នាំឱ្យកុមារហាក់មានជីវិតអភ័ព្វ តែផ្ទុយទៅវិញបែរជាមានភ័ព្វសំណាងទៅវិញ ដោយមានមណ្ឌលសម្រាប់ថែទាំកុមារកំព្រា ដោយបានចិញ្ចឹមបីបាច់ថែរក្សាពួកគេ រហូតដល់អនាគតពួកគេនឹងក្លាយទៅជាធនធានមនុស្សដ៏ពូកែផងដែរ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ក្នុងឱកាស អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ «ភូមិកុមារ SOS» ដែលជាមណ្ឌលសម្រាប់ចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រា ដែលត្រូវបានបោះបង់ចោល និងកុមារដែលមិនមានការថែទាំសមរម្យ ស្ថិតនៅភូមិលេខ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ហើយការសាងសង់លើផ្ទៃដីសរុបជាង ១ម៉ឺនម៉ែត្រក្រឡា មានអគារសរុបចំនួន ៩ខ្នង ចំណាយថវិកាសរុប ១,៥៣១,២៤៨ ដុល្លារអាមេរិក។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ខុសពីសម័យសម្តេច និងថ្នាក់ដឹកនាំជាច្រើន បានកើតមកក្នុងជីវិតចុងកន្ទុយសង្គ្រាម បានខិតខំស្វែងរកការសិក្សា និងឆ្លងកាត់ការរស់នៅដ៏លំបាក ដើម្បីចំណេះដឹង និងការខិតខំស្វែងរកសន្តិភាពបានមកដល់សព្វថ្ងៃនេះ។ សម្តេច ថ្លែងបញ្ជាក់ថា មនុស្សគ្រប់រូបចាប់កំណើតមកសុទ្ធតែគ្មានសំលៀកបំពាក់ដូចគ្នាទាំងអស់ ដូច្នេះមិនអាចវាយតម្លៃបានទេ ទៅពាក្យថា មានភ័ព្វសំណាងបានកើតលើទឹកដីអ្នកមាន មានសមត្ថភាពខ្ពស់ នេះមិនត្រូវទាំងស្រុងឡើយ អ្នកមានភ័ព្វសំណាងកើតក្នុងប្រទេសអ្នកមាន តែមិនប្រាកដថាមានខួរក្បាលពូកែគិតនោះទេ៕