ខ្មែរប៉ុស្ដិ៍ Close

លោក សុខ លូ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ហាជីមិ សៃតុ នាយកសហព័ន្ធសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី៤ ខែមីនា ឆ្នាំ២០២២ ព័ត៌មានទូទៅ 53
លោក សុខ លូ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ហាជីមិ សៃតុ នាយកសហព័ន្ធសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន លោក សុខ លូ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ហាជីមិ សៃតុ នាយកសហព័ន្ធសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអនុញ្ញាតទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ហាជីមិ សៃតុ នាយកសហព័ន្ធសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន និងសហការី នៅសាលប្រជុំសាលាខេត្តបាត់ដំបង។

លោក ចំរើន សុផល អគ្គលេខាធិការ UPF-កម្ពុជា បានអានរបាយការណ៍ស្តីពីសកម្មភាព និងការងារសំខាន់ៗដែល UPF-កម្ពុជា បានអនុវត្ត និងមានកិច្ចសហការកន្លងមក។ លោកក៏បានលើកឡើងផងដែរ កន្លងថ្មីៗនេះសហព័ន្ធសន្តិភាពសកលបានផ្តល់ពានរង្វាន់សន្តិភាព ស៊ុនហាក់ ឆ្នាំ២០២២ (SUNHAK PEACE PRIZE) ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅសាធារណរដ្ឋកូរ៉េ កន្លងទៅនេះ។

ក្នុងនោះ លោក សុខ លូ បានមានប្រសាសន៍ស្វាគមន៍ និងថ្លែងអំណរគុណដល់អង្គការសហព័ន្ធសន្តិភាពសកល ដែលបានផ្តល់កិត្តិយសមកដល់លោកផ្ទាល់ក៏ដូចជារដ្ឋបាលខេត្តបាត់ដំបង។ លោកក៏បានឡើងផងដែរថាកន្លងមកកម្ពុជា យើងធ្លាប់បានឆ្លងកាត់សង្គ្រាមរាំរ៉ៃយូរអង្វែងណាស់មកហើយ ទើបមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសន្តិភាពដល់កម្ពុជាយ៉ាងពិតប្រាកដ។

លោក សុខ លូ បានបន្តទៀតថា ដោយសារមានសន្តិភាពនេះហើយទើបធ្វើឱ្យកម្ពុជា មានការអភិវឌ្ឍជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋខ្មែរបានដឹងគុណូបការៈដល់សម្តេច ដែលសម្តេចបានស្វែងរកសន្តិភាពយ៉ាងពិតប្រាកដមកដល់កម្ពុជា ដោយប្រើនយោបាយឈ្នះឈ្នះឱ្យប្រជាជនខ្មែរមានការបង្រួបបង្រួមគ្នា។

លោក ហាជីមិ សៃតុ បានសម្តែងក្តីរីករាយនិងថ្លែងអំណរគុណដល់លោកអភិបាល ខេត្ត ដែលបានអនុញ្ញាតឱ្យលោក និងសហការីបានចូលរជួបសម្តែងការគួរសម ។

ជាមួយគ្នានោះ លោកក៏បានកោតសរសើរដល់ប្រទេសកម្ពុជា ក៏ដូចជាខេត្តបាត់ដំបង បានធ្វើកាផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ រួមទាំងលោក មកដល់ពេលនេះ លោកក៏បានទទួលវ៉ាក់សាំងរួចរាល់ហើយដែរ ហើយលោកក៏បានជម្រាបជូនបន្ថែមអំពីផែនការសកម្មភាពការងារដែល UPF នឹងធ្វើបន្ត នៅក្នុងខេត្តបាត់ដំបង។

ដោយមើលឃើញពីស្នាដៃក្នុងការដឹកនាំ របស់លោកអភិបាលខេត្ត នៅក្នុងខេត្តបាត់ដំបង សហព័ន្ធសន្តិភាពសកលប្រចាំតំបន់ឥណ្ឌូចិន បានផ្តល់ងារលោកសុខ លូ ជាអគ្គរាជទូតសន្តិភាព (Ambassador For Peace)៕

អត្ថបទទាក់ទង