ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាកំពុងដំណើរការរៀបចំវង់ទស្សនាថ្មីនៅប្រាសាទនាគព័ន្ធ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 43
អាជ្ញាធរជាតិអប្សរាកំពុងដំណើរការរៀបចំវង់ទស្សនាថ្មីនៅប្រាសាទនាគព័ន្ធ អាជ្ញាធរជាតិអប្សរាកំពុងដំណើរការរៀបចំវង់ទស្សនាថ្មីនៅប្រាសាទនាគព័ន្ធ

វង់ទស្សនាថ្មីនៅប្រាសាទនាគព័ន្ធ ត្រូវបានគិតគូររៀបចំក្នុងគោលបំណងលើកស្ទួយតម្លៃនៃប្រាសាទជាស្នាដៃក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដែលតាំងទីនៅចំកណ្តាលផ្ទៃទឹកបារាយណ៍ជ័យតដាក (បារាយណ៍ខាងជើង) ព្រមទាំងផ្តល់ជូនភ្ញៀវទេសចរនូវបទពិសោធន៍ទស្សនាថ្មីៗ ប្រកបដោយសុវត្ថិភាព និងផាសុកភាព។

លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ មានប្រសាសន៍ថា ខ្សែទស្សនាថ្មីនៅប្រាសាទនាគព័ន្ធនេះគ្រោងរៀបចំជា៣ប្រភេទ ដែលក្នុងនោះមាន៖

  • ខ្សែទស្សនាក្នុងប្រាសាទ៖ នឹងនាំភ្ញៀវទេសចរឱ្យដើរទស្សនាបានគ្រប់ជ្រុងទាំង៤នៃប្រាសាទរាងកាកបាទនេះ ព្រមទាំងអាចផ្តិត យករូបភាពរួមស្អាតៗនៃប្រាសាទផងដែរ ។
  • ខ្សែទស្សនាក្រៅប្រាសាទ៖ ជាខ្សែទស្សនាថ្មីដែលក្រុមការងារនៃអាជ្ញាធរជាតិអប្សរាចំណាយពេលសិក្សាស្រាវជ្រាវ និងរៀបចំ។ ខ្សែទស្សនានេះ នឹងអនុញ្ញាតឱ្យទេសចរអាចស្វែងយល់ពីរចនាសម្ពន្ធនៃកោះដែលមានប្រាសាទនៅកណ្តាល ព្រមទាំងទេសភាពធម្មជាតិ និងសត្វដែលមានវត្តមាននៅទីនេះ បូករួមទាំងការទស្សនាប្រាសាទផងដែរ។
  • ខ្សែទស្សនាសម្រាប់ទេសចរជិះទូក៖ ក្នុងបំណងលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់អង្គរ និងការគិតគូរពីបរិស្ថាន ខ្សែទស្សនាពិសេសមួយដែលមិនត្រឹមតែជួយជ្រោមជ្រែងសកម្មភាពសហគមន៍ទេសចរណ៍ទូកនោះទេ គឺថែមទាំងធ្វើឱ្យប្រាសាទមានជីវិតរស់ឡើងវិញផងដែរ។ ត្រង់ចំណុចនេះបានន័យថា ផែខាងកើត និងខាងលិចនៃប្រាសាទនាគព័ន្ធនឹងត្រូវមានដំណើរការម្តងទៀត ព្រោះថាភ្ញៀវទេសចរនឹងចាប់ផ្តើមការទស្សនាដោយជិះទូកចេញពីផែនៅខាងកើតប្រាសាទព្រះខ័នមកឈប់ចតនៅផែខាងលិចនៃនាគព័ន្ធដើម្បីឡើងទៅចាប់ផ្តើមការដើរទស្សនាប្រាសាទ រួចចាកចេញពីប្រាសាទតាមផែខាងកើតវិញ ដើម្បីបន្តដំណើរដោយទូកទៅសួនបណ្តុះកូនរុក្ខជាតិក្រាំងក្រូច និងប្រាសាទតាសោម។

លោក សេង សុធារ៉ា ក៏បានបញ្ជាក់ផងដែរថា ភ្ញៀវទេសចរដែលជាជនពិការជិះលើរទេះរុញក៏ត្រូវបានគិតគូរផ្លូវទស្សនាជូនប្រកបដោយសុវត្ថិភាព អាចគយគន់ ​និងផ្តិតយករូបភាពប្រាសាទបានផងដែរ។

យ៉ាងណាមិញ សំណើខ្សែទស្សនាខាងលើ នឹងត្រូវដាក់ជូនអ្នកជំនាញការ និងថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាពិនិត្យវាយតម្លៃ អនុម័តមុននឹងឈានទៅដាក់ដំណើរការ ក្រោយពេលស្ពានប្រាសាទនាគព័ន្ធត្រូវបានស្ថាបនារួច៕

អត្ថបទ៖ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ
រូបភាព៖ យី សុថា

អត្ថបទទាក់ទង