ខ្មែរប៉ុស្ដិ៍ Close

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសមជាមួយ នាយករដ្ឋមន្រ្តីជប៉ុន អំឡុងពេលបំពេញទស្សនកិច្ច

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 51
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសមជាមួយ នាយករដ្ឋមន្រ្តីជប៉ុន អំឡុងពេលបំពេញទស្សនកិច្ច ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលជួបសម្តែងការគួរសមជាមួយ នាយករដ្ឋមន្រ្តីជប៉ុន អំឡុងពេលបំពេញទស្សនកិច្ច

នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ អំឡុងបំពេញទស្សនកិច្ចនៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានជួបសម្ដែងការគួរសមជាមួយ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុន ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត នាពេលនេះ បាននិងកំពុងបំពេញទស្សនកិច្ច នៅក្នុងប្រទេសជប៉ុន។ អំឡុងទស្សនកិច្ចនេះ លោកបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក HAYASHI Yoshimasa រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន, នាយឧត្តមសេនីយ៍ Yamazaki Koji អគ្គមេបញ្ជាការកងស្វ័យការពារជប៉ុន, នាយឧត្តមសេនីយ៍ Yoshida Yoshihide មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងលោក Nobuo Kishi រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនផងដែរ។

បើតាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា គឺមាននាយករដ្ឋមន្ត្រីជប៉ុន ចំនួន៣រូបហើយ ដែលបានអនុញ្ញាតឱ្យ លោកបណ្ឌិត លោក ហ៊ុន ម៉ាណែត ជួបសម្តែងការគួរសម ដែលក្នុងនោះមាននៅឆ្នាំ២០១០, ២០១៨ និង ឆ្នាំ២០២២។

លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជាកូនប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយត្រូវបានស្នើឡើងជាអ្នកបន្តវេនដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី ផងដែរ។ នៅក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ នាយករដ្ឋមន្ត្រី គីស៊ីដា នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកនាយករដ្ឋមន្ត្រីជប៉ុន បានមានប្រសាសន៍ថា លោកពិតជា ចង់លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងប្រទេសទាំងពីរ។

លោកនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនមានបំណងចង់ពង្រឹងទំនាក់ទំនងជាមួយកម្ពុជាដែលជាប្រធានអាស៊ាននៅឆ្នាំនេះ និងដើម្បីជំរុញគោលគំនិតតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដែលសេរីនិងបើកចំហ។

លោក ហ៊ុន ម៉ាណែត បានមកបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ចំពេលនៃខួប៣០ឆ្នាំដែលជប៉ុនបានបញ្ជូនកងកម្លាំងស្វ័យការពារ ទៅក្រៅប្រទេសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដើម្បីបំពេញប្រតិបត្តិការរក្សាសន្តិភាព (PKO) ក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩២។

ដំណើរទស្សនកិច្ចរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុននាពេលនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។ ក្នុងទស្សនកិច្ចនេះ រដ្ឋាភិបាលជប៉ុន បានផ្តល់កិត្តិយសជូន ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដោយបានបញ្ជូនយន្តហោះពិសេសមកដឹកដោយផ្ទាល់ សម្រាប់ដំណើរដំពេញទស្សនសកិច្ច នៅក្នុងប្រទេសជប៉ុន។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគតមកពីគណបក្សប្រជាជនកម្ពុជា កាលពីឆ្នាំ២០១៨ បានអញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុនផងដែរ៕ Fresh News

អត្ថបទទាក់ទង