ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកាយវិការរបស់ជប៉ុន ចំពោះមេបញ្ជាការកងទ័ពជើងគោកកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 53
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកាយវិការរបស់ជប៉ុន ចំពោះមេបញ្ជាការកងទ័ពជើងគោកកម្ពុជា សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកាយវិការរបស់ជប៉ុន ចំពោះមេបញ្ជាការកងទ័ពជើងគោកកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា «ឥឡូវនេះកំពុងមានទស្សនកិច្ចរបស់មេបញ្ជាការជើងគោករបស់កម្ពុជាទៅប្រទេសជប៉ុន ដែលខ្ញុំសុំយកឱកាសនេះថ្លែងនូវការអរគុណនិងវាយតម្លៃខ្ពស់ សម្រាប់កាយវិការរបស់ជប៉ុន ចំពោះមេបញ្ជាការជើងគោកកម្ពុជា ឬនិយាយមួយបែបចំពោះកូនប្រុសរបស់ខ្ញុំ នៅត្រង់ថា ស្ថានភាពកូវីដ-១៩ បានបង្កើតឡើងនូវស្ថានភាពដ៏លំបាក ការធ្វើដំណើរវាមិនងាយស្រួលទេ ក៏ប៉ុន្តែជប៉ុនបានបញ្ជូនយន្តហោះពិសេសមួយ មកទទួលគណៈប្រតិភូ និង ហ៊ុន ម៉ាណែត ធ្វើដំណើរទៅកាន់ជប៉ុន ហើយថ្ងៃស្អែកនេះ ម៉ាណែត អាចនឹងវិលត្រឡប់មកកាន់កម្ពុជាវិញ»។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ថ្លែងដូចនេះក្នុងឱកាសសម្តេចអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការស្ពានចំនួន០៧កន្លែង នៃគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ប្រមាណ ៣៥លានដុល្លារសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។

សម្តេចតេជោ បានបន្តថា «អ្វីដែលខ្ញុំគិតថាវាជាចំណុចពិសេសមួយទៀត គឺទៅក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក ក៏ប៉ុន្តែពេលទៅដល់ត្រូវបានទទួលជួប ធ្វើសវនាការ និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន ម្សិលមិញនេះ មានការជួបជាមួយមេបញ្ជាការកងទ័ពជើងគោក អគ្គបញ្ជាការ និងរដ្ឋមន្ត្រីការពារជាតិ ហើយព្រឹកនេះជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីស៊ីដា»។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្ថែមថា «ខ្ញុំពិតជាមានការអរគុណ ជាមួយនឹងកាយវិការក្នុងការទំនាក់ទំនងជាមួយនឹងមេបញ្ជាការជើងគោករបស់កម្ពុជា ដែលក្នុងនោះជាកូនប្រុសរបស់ខ្ញុំ ចំណុចគួរឱ្យកត់សម្គាល់ គឺម៉ាណែត បានជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន ៣រូបរួចមកហើយ បានន័យថា នាយករដ្ឋមន្ត្រីជប៉ុន ៣រូបហើយ ដែលបានផ្តល់នូវកិត្តិយសសម្រាប់ ម៉ាណែត ទី១នៅឆ្នាំ២០១០ គឺឯកឧត្តម យូគីអូ ហាតូយ៉ាម៉ា ទី២ គឺឆ្នាំ២០១៦ ពេលប្រជុំអាស៊ីអ៊ឺរ៉ុប នៅឯប្រទេសម៉ុងហ្គោលី ឯកឧត្តម ស៊ីនហ្សូ អាបេ ក៏បានអញ្ជើញ ហ៊ុន ម៉ាណែត ទៅសារជាថ្មីម្តងទៀត ដល់ឆ្នាំ២០១៨ ទើប ហ៊ុន ម៉ាណែត បានទៅទស្សនកិច្ចនៅជប៉ុន ហើយឯកឧត្តម ស៊ីនហ្សូ អាបេ ទទួលជួបសវនាការ ហើយលើកនេះទៅក្នុងនាមជាមេបញ្ជាការជើងគោក ក៏ប៉ុន្តែត្រូវបានទទួលស្វាគមន៍ សម្តែងការគួរសមជាមួយនឹងនាយករដ្ឋមន្ត្រី នេះអាចចាត់ទុកថាជាលក្ខណៈពិសេសមួយ នៅក្នុងចំណោមនៃលក្ខណៈពិសេសនៃផ្នែកការទូតក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលខ្ញុំសូមថ្លែងអំណរគុណ ជាមួយនឹងការយកចិត្តទុកដាក់លើទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្វីដែលកម្ពុជាកំពុងទទួលផលពេលនេះ គឺវាជាចំណែកនៃទំនាក់ទំនងល្អរវាងកម្ពុជា និងជប៉ុន ដែលសម្តេចតេជោផ្ទាល់ រួមជាមួយមេដឹកនាំជប៉ុន ជាពិសេសអតីតនាយករដ្ឋមន្ត្រីជប៉ុនឯកឧត្តម ស៊ីនហ្សូ អាបេ ដែលជម្រុញទំនាក់ទំនងនេះ ឱ្យដល់ជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ដោយឆ្នាំនេះជាខួបលើកទី ៦៩ នៃទំនាក់ទំនងវងាង កម្ពុជា-ជប៉ុន ហើយក៏ជាខួបលើកទី៣០ ថ្ងៃដែលកងទ័ពរក្សាសន្តិភាពរបស់ជប៉ុន ចេញមករក្សាសន្តិភាពក្រៅប្រទេសជាលើកដំបូង គឺមកកាន់ប្រទេសកម្ពុជាតែម្តង ហេតុដូច្នេះហើយបានជាឆ្នាំនេះយើងមានផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក៕

អត្ថបទទាក់ទង