ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ ពានរង្វាន់សន្តិភាពនេះ មិនមែនបានមកដោយសារខ្ញុំតែម្នាក់ឯងនោះទេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 70
សម្តេចតេជោ ហ៊ុន សែន៖ ពានរង្វាន់សន្តិភាពនេះ មិនមែនបានមកដោយសារខ្ញុំតែម្នាក់ឯងនោះទេ សម្តេចតេជោ ហ៊ុន សែន៖ ពានរង្វាន់សន្តិភាពនេះ មិនមែនបានមកដោយសារខ្ញុំតែម្នាក់ឯងនោះទេ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២នេះ មិនមែនបានមកដោយសារតែសម្តេចតែម្នាក់ឯងនោះទេ ហើយក៏មានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសាកសមនឹងទទួលបាននូវពានរង្វាន់សន្តិភាពនេះ ដោយសារពួកគេបានចូលរួមគាំទ្រយ៉ាងសកម្មដល់ការខិតខំប្រឹងប្រែងរបស់សម្តេចនៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពនៅប្រទេសកម្ពុជា។ សម្តេច បានថ្លែងដូចនេះនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីទទួលពានរង្វាន់ស្នាដៃសន្តិភាពពិសេសរបស់ស្ថាបនិក អង្គការសន្តិភាពសកល ដែលប្រារព្ធធ្វើនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះអតីតព្រះមហាវីរៈក្សត្រ សម្តេចព្រះនរោត្តម សីហនុ ព្រះវររាជមាតា និងសម្តេចព្រះបាទ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន ដែលបានបំពេញព្រះរាជតួនាទីក្នុងការលើកកម្ពស់នូវស្មារតីនៃសាមគ្គីជាតិរវាងប្រជាជនកម្ពុជា ក្នុងឋានៈជាមហាគ្រួសារតែមួយ។

នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រួសាររបស់សម្តេច ចំពោះការស្រឡាញ់ និងការគាំទ្រដល់ដំណើរការស្វែងរកសន្តិភាពសម្រាប់ប្រទេសកម្ពុជា និងអរគុណមេដឹកនាំនិងសមាជិករាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀត ព្រមទាំងកម្លាំងប្រដាប់អាវុធពីគ្រប់ភាគីដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីកសាងនិងលើកកម្ពស់សន្តិភាព ព្រមទាំងអរគុណបណ្តាប្រទេសជាមិត្តនិងសហគមន៍អន្តរជាតិនានាដែលបានផ្តល់ជំនួយ នៅក្នុងដំណើរការស្វែងរកសន្តិភាពសម្រាប់កម្ពុជា និងការកសាងប្រទេសឡើងវិញក្រោយសង្រ្គាម។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះជនរួមជាតិដែលតែងតែបានគាំទ្រ និងសាទរចំពោះគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់នូវបរិយាកាសអំណោយផលសម្រាប់ការជំរុញនូវប្រព័ន្ធអេកូឡូស៊ីសន្តិភាពដ៏រឹងមាំមួយនៅកម្ពុជា៕

អត្ថបទទាក់ទង