ខ្មែរប៉ុស្ដិ៍ Close

ការកសាងរដ្ឋាភិបាលឌីជីថល គឺដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 91
ការកសាងរដ្ឋាភិបាលឌីជីថល គឺដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ ការកសាងរដ្ឋាភិបាលឌីជីថល គឺដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ការដាក់ឱ្យដំណើរការគោលនយោបាយឌីជីថលកម្ពុជារបស់រាជរដ្ឋាភិបាល គឺជាការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវា សាធារណៈឱ្យកាន់តែល្អប្រសើរ ក៏ដូចជាការអនុវត្តន៍កម្មវិធីកំណែ ទម្រង់ស៊ីជម្រៅ ដែលនឹងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈមានការផ្លាស់ប្ដូរកាន់តែល្អប្រសើរ និងសមិទ្ធផលជាច្រើនបន្ថែមទៀត នឹងត្រូវសម្រេចបាននៅពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋាភិបាលឌីជីថលជាតួអង្គជំរុញកំណើនថ្មី តាមរយៈការបង្កើនចំណូលរដ្ឋនិងការកាត់បន្ថយពេលវេលាការងារស្ទួន ចំណាយសាធារណៈ និងផលប៉ះពាល់បរិស្ថាន ព្រមទាំងសម្រួលការផ្លាស់ប្តូរទិន្នន័យរវាងក្រសួងស្ថាប័ននិងរំហូរការងាររដ្ឋបាល។ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល តម្រូវឱ្យរៀបចំរំហូរការងារឡើងវិញ និងសម្រួលការគ្រប់គ្រង ការបែងចែក ដំណើរការ និងការតាមដានលើការងារប្រកបដោយតម្លាភាព គណនេយ្យភាព និងសមធម៌។

សម្តេតេជោបានបន្តថា ជោគជ័យនៃបរិវត្តកម្មវិធីឌីជីថលជាមូលដ្ឋានចម្បងសម្រាប់រាជ រដ្ឋាភិបាល ដើម្បីឈានទៅសម្រេចគោលបំណងចុងក្រោយគឺការបម្រើសេវាសាធារណៈតាមតម្រូវការប្រជាពលរដ្ឋនៅគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។ ដំណើរការ នៃបរិវត្តកម្មឌីជីថលត្រូវបាននាំមុខដោយការកសាងរដ្ឋាភិបាលឌីជីថលដែលជាសសរស្តម្ភសម្រាប់ជំរុញធុរជន និងប្រជាពលរដ្ឋឱ្យចាប់យកបច្ចេកវិទ្យាឌីជីថលប្រកបដោយភាពជឿទុកចិត្ត។

សម្តេចតេជោ បានបន្តទៀតថា រាជរដ្ឋាភិបាលនឹងអនុវត្តគោលនយោបាយចាំបាច់នានា ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ សំដៅធានាប្រព័ន្ធអេកូឡូស៊ីឌីជីថលដែលមានភាពរឹងមាំធន់នឹងវិបត្តិផ្សេងៗ ព្រមទាំងឆ្លើយតបទាន់ពេលវេលានឹងការវិវត្តនៃបច្ចេកវិទ្យាឌីជីថល។

សម្តេចតេជោ ក៏បាន បញ្ជាក់ថា ចក្ខុវិស័យ ការកសាង រដ្ឋាភិបាលឌីជីថលដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ”ដែលមានយន្តការថ្នាក់ជាតិដឹកនាំ សម្របសម្រួល និងអនុវត្តដោយមានការរៀបចំគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល អង្គភាពទទួលបន្ទុកបរិវត្តកម្មឌីជីថលនៅតាមក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិ ការរៀបចំកញ្ចប់ថវិកាជាតិអាទិភាព និងការជ្រើសរើសមន្ត្រីជំនាញជាដើម។

សម្តេចតេជោ មានជំនឿដ៏មុតមាំលើសារៈសំខាន់និងភាពចាំបាច់ដែលកម្ពុជាត្រូវកសាងរដ្ឋាភិបាលឌីជីថល ដោយក្រសួងស្ថាប័ននិងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវធ្វើការជាធ្លុងមួយ និងមានសមត្ថភាពបម្រើសេវាសាធារណៈតាមតម្រូវការ និងទាន់ពេលវេលា។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ផងដែរថា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ ត្រូវបាន រៀបចំដើម្បីឆ្លើយតបនឹងដំណើរការនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលមានសសរស្តម្ភសំខាន់ចំនួន៣គឺ ពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល ដោយការកសាងរដ្ឋាភិបាលឌីជីថលត្រូវចាប់ផ្តើមមុន ដើម្បីជំរុញការចាប់យក ការប្រើប្រាស់ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងសេដ្ឋកិច្ចនិងសង្គមទាំងមូល។

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ បានបន្តថា ប្រគល់ភារកិច្ចដល់ក្រសួង ដឹកនាំរៀបចំ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្នុងគោលបំណង កសាងរដ្ឋាភិបាលឆ្លាត ដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាឌីជីថលជាប្រព័ន្ធអេកូឡូស៊ី សម្រាប់ការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចនិងការកែទម្រង់ប្រកបដោយតម្លាភាព និងភាពជឿទុកចិត្តដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដោយបរិយាបន្ន៕

ប្រភព៖ វិទ្យុជាតិកម្ពុជា