សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន ចាប់ផ្តើមបើកកិច្ចប្រជុំកំពូលអាស៊ានបូក៣ តាម Video Conference
(Fresh News) ៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំអាស៊ានពិសេសស្តីពីបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ នៅរសៀល ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមេដឹកនាំអាស៊ានផ្សេងទៀត បានចាប់ផ្តើមបើកកិច្ចប្រជុំកំពូលអាស៊ានបូក៣ តាម Video Conference ដែលជជែកផ្តោតជាសំខាន់ទៅលើបញ្ហាបង្កឡើងដោយជំងឺកូវីដ-១៩ ជាមួយនឹង មេដឹកនាំប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងបន្ថែមទៀត។
ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះដែរ។
តាមការប្រកាសរបស់ក្រសួងការបរទេសកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីពីជំងឺកូវីដ-១៩ សម្តេចតេជោនាយករដ្ឋមន្រ្តី មានថ្លែងសុន្ទរកថាដ៏មានសារសំខាន់ចំនួន០២ ស្តីពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងកំណើនសេដ្ឋកិច្ចពិភពលោក ព្រមទាំងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃកូវីដ-១៩ ទៅលើសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចការសង្គមជារួម ដែលទាមទារឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាជាអន្តរជាតិ ប្រកបដោយប្រសិទ្ធិភាព និងទាន់ពេលវេលា ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងនៃកូវីដ-១៩នេះ។
ក្រសួងការបរទេសកម្ពុជា ចាត់ទុកកិច្ចប្រជុំកំពូលពិសេសទាំងពីរនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់បន្ថែមទៀត ដែលឆ្លុះបញ្ចាំងអំពីការរួបរួមរបស់អាស៊ាន តាមរយៈសកម្មភាពរួមនៃការជួយគ្នាទៅវិញទៅមក ការលើកកម្ពស់ការឆ្លើយតបដោយធ្វើសកម្មភាពយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព នៅក្នុងការគ្រប់គ្រងជំងឺ និងការពង្រឹងភាពរឹងមាំរបស់តំបន់ ស្របពេលជាមួយការត្រៀមលក្ខណៈរួចជាស្រេច ក្នុងការរិះរកកិច្ចសហប្រតិបត្តិការជាមួយដៃ គូខាងក្រៅរបស់អាស៊ាន និងសហគមន៍អន្តរជាតិ ក្នុងការលើកកម្ពស់ការត្រៀមខ្លួនជាស្រេច និងវិធានការឆ្លើយតប ដើម្បីកាត់បន្ថយ និងលុបបំបាត់ផលប៉ះពាល់ដោយសារកូវីដ-១៩។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេសស្តីពីជំងឺកូវីដ-១៩ សម្តេចតេជោ ហ៊ុន សែន បានលើកជាទស្សនៈទាន សម្រាប់បណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការបង្កើតមូលនិធិអាស៊ាន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដផងដែរ។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ ប្រទេសសមាជិកអាស៊ានទាំង១០ មានអ្នកឆ្លងជំងឺកូវីដ-១៩ ប្រមាណជាង២ម៉ឺននាក់ ក្នុងនោះ មនុស្សប្រមាណ៨៤៥នាក់បានស្លាប់បាត់បង់ជីវិត។ គិតត្រឹមថ្ងៃទី១៤ ខែមេសានេះ ៖
- កម្ពុជាមានអ្នកឆ្លង ១២២ករណី,
- វៀតណាម ឆ្លង២៦៥ករណី,
- ថៃ ឆ្លង២៥៧៩នាក់ (ស្លាប់ ៤០នាក់),
- ឥណ្ឌូណេស៊ី ឆ្លង៤៥៥៧នាក់ (ស្លាប់ ៣៩៩នាក់),
- ម៉ាឡេស៊ី ឆ្លង៤៨១៧នាក់ (ស្លាប់ ៧៧នាក់),
- ហ្វីលីពីន ឆ្លង៤៩៣២នាក់ (ស្លាប់៣ ១៥នាក់),
- សិង្ហបុរីឆ្លង ២៩១៨នាក់ (ស្លាប់៩នាក់),
- មីយ៉ាន់ម៉ា ឆ្លង៦២នាក់ (ស្លាប់៤នាក់),
- ឡាវឆ្លង ១៩នាក់,
- និងប្រុយណេឆ្លង ១៣៦នាក់ (ស្លាប់១នាក់)៕
សូមបញ្ជាក់ថា នៅឆ្នាំ២០២០នេះ ប្រទេសវៀតណាម ត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដទៃទៀត។ តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឱ្យមេដឹកនាំអាស៊ានសម្រេចជ្រើសយកកិច្ចប្រជុំនេះតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយជំនួសវិញ៕