សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាក់វ៉ាកសាំងដូសជំរុញ ការពារជំងឺកូវីដ-១៩ រួចរាល់ហើយ និងអំពាវនាវដល់ជនរួមជាតិទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា
នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ហើយ នៅភូមិគ្រឹះរបស់សម្តេចនាក្រុងតាខ្មៅ។
ក្នុងឱកាសនោះ សម្តេចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន និងទាំងដូសជំរុញ ដើម្បីការពារខ្លួនយើង គ្រួសារយើង ភូមិឃុំយើង និងសង្គមជាតិយើង។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារយ៉ាងដូច្នេះថា «ពីរនាក់បានហើយ! ថ្ងៃនេះខ្ញុំ និងភរិយាចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីការពារកូវីដ-១៩។ គ្មានជម្រើសអ្វីឱ្យល្អជាងការចាក់វ៉ាក់សាំង គួបផ្សំជាមួយវិធានការសុខាភិបាល ៣ការពារ និង៣កុំនោះទេ។
ខ្ញុំមានកម្លាំងការពារយ៉ាងរឹងមាំនៅគ្រប់ទីកន្លែង តែពួកគាត់មិនអាចការពារខ្ញុំ មិនឱ្យឆ្លងកូវីដ ១៩ បានឡើយ។ ប្រពន្ធ និងកូនៗព្រមទាំងចៅៗរបស់ខ្ញុំក៏មិនអាចការពារខ្ញុំបានដែរ។ និយាយរួមគ្មានអ្នកណាអាចការពារខ្ញុំបានឡើយ គឺមានតែរូបខ្ញុំខ្លួនឯងប៉ុណ្ណោះ ទើបអាចការពារខ្លួនខ្ញុំបាន។
សូមបងប្អូនជនរួមជាតិអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ទាំងដូសមូលដ្ឋាន ទាំងដូសជំរុញ ដើម្បីការពារខ្លួនយើង គ្រួសារយើង ភូមិឃុំយើង និងជាតិយើង»៕