ខ្មែរប៉ុស្ដិ៍ Close

ទីបំផុតលោក សម រង្ស៉ី នៅតែមិនហ៊ានភ្នាល់ជាមួយលោក ហ៊ុន ម៉ាណែត ជុំវិញការបំភ្លៃរឿងសញ្ញាបត្រយោធាអាមេរិក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ ព័ត៌មានទូទៅ 68
ទីបំផុតលោក សម រង្ស៉ី នៅតែមិនហ៊ានភ្នាល់ជាមួយលោក ហ៊ុន ម៉ាណែត ជុំវិញការបំភ្លៃរឿងសញ្ញាបត្រយោធាអាមេរិក ទីបំផុតលោក សម រង្ស៉ី នៅតែមិនហ៊ានភ្នាល់ជាមួយលោក ហ៊ុន ម៉ាណែត ជុំវិញការបំភ្លៃរឿងសញ្ញាបត្រយោធាអាមេរិក

រហូតមកដល់រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ លោក សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ នៅតែមិនបង្ហាញប្រតិកម្មណាមួយចំពោះការបបួលភ្នាល់របស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅឡើយទេ ពាក់ព័ន្ធនឹងករណីទណ្ឌិតរូបនេះបានបំភ្លៃថា សញ្ញាបត្ររបស់ លោក ហ៊ុន ម៉ាណែត ដែលទទួលបានពី សាលាបណ្ឌិតសភាយោធាអាមេរិក (United States Military Academy) ឬហៅកាត់ថា West Point ជាសញ្ញាបត្រប្រភេទកម្រិតទី២ ឬសញ្ញាបត្រយោគយល់។

ការមិនហ៊ានចេញមកភ្នាល់ជាមួយលោក ហ៊ុន ម៉ាណែត នៅពេលនេះបានបង្ហាញថា សម រង្ស៉ី ជាអ្នកនយោបាយចាស់វស្សាកំសាកញី អ្នកនយោបាយអង្ករកំប៉ុង ធ្វើនយោបាយគ្មានយុទ្ធសាស្ត្រ និងគ្មានទំនួលខុសត្រូវ ហើយក៏បង្ហាញឲ្យឃើញច្បាស់ថា អ្វីដែលខ្លួនបាននិយាយមួលបង្កាច់ មិនមែនជាការពិតនោះឡើយ។

លោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា កាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បានចេញសារពិសេសមួយជាថ្មីម្តងទៀតផ្ញើជូន លោក សម រង្ស៉ី អ្នកនយោបាយចាស់វស្សា ដើម្បីឱ្យបញ្ជាក់ភស្តុតាង និងបបួលភ្នាល់ជុំវិញការព្យាយាមបង្ខូចកិត្តិយស សញ្ញាបត្រសាលាបណ្ឌិតសភាយោធាអាមេរិក។

នៅក្នុងលិខិតនេះបានសរសេរថា «ដើម្បីការពារនូវកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ខ្ញុំ ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរជាច្រើនរូបដែលកំពុងសិក្សា និងដែលបានបញ្ចប់ការសិក្សានៅសាលា West Point និងសាលាបណ្ឌិតសភាផ្សេងទៀតរបស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានាលើសកលលោក ខ្ញុំបានទាមទារឱ្យលោក សម រង្ស៊ី ធ្វើការបង្ហាញនូវភស្តុតាង ដើម្បីការពារនូវពាក្យសម្តីក្នុងចេតនាមាក់ងាយរបស់គាត់ តាមរយៈការភ្នាល់គ្នា»។

លោកបានបន្តថា៖ «ជាការឆ្លើយតបនៅពេលនោះ លោក សម រង្ស៊ី មិនត្រឹមតែមិនហ៊ានធ្វើការភ្នាល់នោះទេ ប៉ុន្តែបែរជាបង្វែរប្រធានបទ ហើយព្រមទាំងលើកឡើងថា “មិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ”។ sic. អ្វីដែលខ្ញុំស្មានមិនដល់ គឺអ្នកនយោបាយចាស់វស្សាម្នាក់នេះ មិនត្រឹមតែខ្វះភាពក្លាហាន ដើម្បីការពារអំណះអំណាងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបែរជាគាត់នៅតែបន្តវាយប្រហាខ្ញុំរឿងសញ្ញាប័ត្រ “ប្រភេទ២” ឬ “សញ្ញាប័ត្រយោគយល់” ដដែលៗ ហើយព្រមទាំងវាយប្រហារមាក់ងាយ ទៅលើនិស្សិតខ្មែរជាច្រើននាក់ទៀត ដែលរៀននៅក្រៅប្រទេស ដោយថាសាកលវិទ្យាល័យបរទេសផ្ដល់សញ្ញាបត្រក្លែងក្លាយ ឬសញ្ញាប័ត្រយោគយល់ អោយនិស្សិតទាំងនោះ»។

លោកបានបន្តថា និស្សិតខ្មែរដែលធ្លាប់បានសិក្សា ឬកំពុងសិក្សានៅក្រៅប្រទេសទាំងអស់ប្រហែលជាយល់ច្បាស់ហើយថា តើពួកគេត្រូវខិតខំប្រឹងប្រែងយ៉ាងណាខ្លះ ទម្រាំបានទទួលសញ្ញាបត្របញ្ចប់ការសិក្សាពីបណ្តាសាលានៅក្រៅប្រទេស។ ជាថ្មីម្ដងទៀតដើម្បីជាការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ ក្នុងនាមជានិស្សិតម្នាក់ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស និងដើម្បីជាតំណាងឲ្យនិស្សិតខ្មែរទាំងអស់ដែលរៀននៅក្រៅប្រទេសដែលត្រូវលោក សម រង្សី មើលងាយ លោក ហ៊ុន ម៉ាណែត សូមបបួលលោក សម រង្ស៊ី ធ្វើការភ្នាល់គ្នាម្ដងទៀត ហើយសង្ឃឹមថាលោក សម រង្ស៊ី នឹងមិនប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសម្ដងទៀតទេ (មាន់ត្រចៀកស គឺវាយគេពីក្រោយខ្នង ដល់គេបកមកវាយតបវិញ រត់គេចបាត់ដល់ពេលគេដើរចេញ គឺវាចាប់ផ្តើមដេញវាយគេពីក្រោយខ្នងទៀត)នោះទេ។

លក្ខណ្ឌនៃការភ្នាល់នេះត្រូវបានលោក ហ៊ុន ម៉ាណែត រៀបរាប់ដូច្នេះថា៖

«ខ្ញុំបានរៀននៅបណ្ឌិតសភាយោធាអាមេរិក (West Point) ថ្នាក់បរិញ្ញាបត្រ, នៅសាកលវិទ្យាល័យញូវយ៉ក (New York University) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និង នៅសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University) នៅចក្រភពអង់គ្លេស ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច។

បើសិនជាលោក សម រង្ស៊ី អាចអោយសាលាទាំងបីនេះបញ្ជាក់ថា ហ៊ុន ម៉ាណែត កាលនៅរៀនទីនោះគឺគ្មានសមត្ថភាព ឬរៀនក្រោមស្តង់ដារបស់សាលា ហើយសាលាបានផ្ដល់សញ្ញាបត្រឱ្យ ហ៊ុន ម៉ាណែត ដែលជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ ខ្ញុំនឹងលាលែងពីបេក្ខភាពជានាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជន។ ផ្ទុយទៅវិញបើលោក សម រង្ស៊ី មិនអាចឲ្យសាលាបញ្ជាក់ជាផ្លូវការថា សញ្ញាប័ត្រដែលសាលាទាំងនោះផ្តល់អោយ ហ៊ុន ម៉ាណែត ជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ទេនោះ សូមលោកសម រង្ស៊ី លាឈប់ពីឆាកនយោបាយចាប់ពីពេលនេះតទៅ។

ករណីលោក សម រង្ស៊ី ឯកភាព ដើម្បីអោយមានតម្លាភាពក្នុងការបញ្ជាក់នេះ យើងអាចរៀបចំក្រុមការងារចម្រុះមួយ ដែលរួមមានភាគីខាងលោក សម រង្ស៊ី និងភាគីខាងខ្ញុំ ដើម្បីទំនាក់ទំនងសុំការបំភ្លឺពីសាលាទាំងបីដែលខ្ញុំធ្លាប់រៀន។ បន្ថែមលើនេះ យើងក៏អាចអោយក្រុមការងាររបស់វិទ្យុអាស៊ីសេរី, VOA, RFI,…,។ល។ ទៅយកពត៌មានផ្ទាល់តែម្តង កុំអោយលោកបារម្ភថារាជរដ្ឋាភិបាលកម្ពុជាដាក់សម្ពាធទៅលើសាលាទាំងបីនោះមិនអោយបញ្ជាក់ការពិត។

តើលោក សម រង្ស៊ី ហ៊ានភ្នាល់ជាមួយខ្ញុំទេ?

ខ្ញុំសង្ឃឹមថាលោក សម រង្សី នឹងមិនចេញសារដូចលើកមុន ដែលសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេង។ ព្រោះកូនក្មេងម្នាក់នេះលែងជឿអ្នកនយោបាយចាស់វស្សាដែលនិយាយបាតដៃខ្នងដៃ ឬប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសទៀតហើយ។
ខ្ញុំសង្ឃឹមថាអ្នកនយោបាយចាស់វស្សាដូចលោក សម រង្ស៊ី ប្រាកដជាមានភាពហានក្លា ក្នុងការការពារនូវអំណះអំណាងរបស់ខ្លួន ដែលបានលើកឡើងជាសាធារណៈម្តងហើយ ម្តងទៀត ដើម្បីវាយប្រហារក្មេងជំនាន់ក្រោយដូចជារូបខ្ញុំ។

លោក សម រង្ស៊ី បានវាយប្រហារឪពុករបស់ខ្ញុំជាច្រើនទស្សវត្សហើយ ប៉ុន្តែទៅមុខមិនរួច។ ឥឡូវបែរមកវាយប្រហារលើខ្ញុំដែលជាក្មេងជំនាន់ក្រោយទៅវិញ។ បើលោកជ្រុលជាធ្វើអញ្ចឹងទៅហើយ សូមលោកបង្ហាញភាពក្លាហានផងទៅ កុំអោយក្មេងមើលស្រាលថាមនុស្សចាស់វស្សាតែគ្មានភាពហានក្លា ក្នុងការទទួលខុសត្រូវចំពោះអ្វីដែលខ្លួនបាននិយាយឬធ្វើ។ ណាមួយលោកមានអាយុច្រើនជាងឪពុកខ្ញុំផង គួរកុំអោយខូចឈ្មោះ នៅចំពោះមុខក្មេងជំនាន់ក្រោយ។

ជាសីលធម៌និងគុណធម៌ក្នុងការរស់នៅ ខ្ញុំតែងតែគោរពមនុស្សចាស់ទុំ។ ប៉ុន្តែបើមនុស្សដែលមានវ័យចំណាស់ អាងតែមានអាយុច្រើនហើយ ធ្វើការងារគ្មានការទទួលខុសត្រូវ ជាពិសេសធ្វើការវាយប្រហារដោយគ្មានមូលដ្ឋានមកលើរូបខ្ញុំ នោះខ្ញុំគ្មានជម្រើសអ្វីក្រៅពីការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំទេ។ សូមកុំចោទថាខ្ញុំមិនស្គាល់ចាស់ទុំ»។

ជុំវិញករណីនេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីខែតុលា ឆ្នាំ២០១៩ ក៏បានចេញមុខការពារដល់សញ្ញាបត្រថ្នាក់ឧត្តមសិក្សាទាំងអស់ ដែលផ្តល់ដោយគ្រឹះស្ថានឧត្តមសិក្សានានា នៅសហរដ្ឋអាមេរិក។ ប្រតិកម្មនេះធ្វើឡើងបន្ទាប់ពីមានការវាយប្រហារអំពីគុណភាពសញ្ញាបត្ររបស់ លោក ហ៊ុន ម៉ាណែត ដែលផ្តល់ដោយ សាលាបណ្ឌិតសភាយោធាសហរដ្ឋអាមេរិក West Point។

អ្នកស្រី Emily V. Zeeberg អ្នកនាំពាក្យស្ថានទូតអាមេរិក ធ្លាប់បានបញ្ជាក់ប្រាប់ Fresh News តាម Email ថា ជនទាំងឡាយដែលបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬវិទ្យាស្ថានថ្នាក់ឧត្តមសិក្សា នឹងទទួលបានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌ នៃគ្រឹះស្ថានសិក្សាទាំងនោះបាន ដោយមិនប្រកាន់ប្រទេសកំណើតទេ។

អ្នកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកបញ្ចប់ការសិក្សានៅមហាវិទ្យាល័យ សាកលវិទ្យាល័យ ឬវិទ្យាស្ថានថ្នាក់ឧត្តមសិក្សា នឹងទទួលបានសញ្ញាបត្រ ឬវិញ្ញាបនបត្រ ប្រសិនបើពួកគេបំពេញតាមលក្ខខណ្ឌ នៃគ្រឹះស្ថានសិក្សាទាំងនោះបាន។ ប្រទេសកំណើតរបស់និស្សិត គឺមិនមែនជាបញ្ហាឡើយ»។

លោកស្រី បានអួតអំពីគុណភាពសិក្សានៅសហរដ្ឋអាមេរិក ដោយបញ្ជាក់យ៉ាងដូច្នេះថា៖ «គ្រឹះស្ថានថ្នាក់ឧត្តមសិក្សារបស់អាមេរិក មានឈ្មោះល្បីរន្ទឺដោយសារ តែគុណភាពគ្មានគូប្រៀប ហើយអាចផ្តល់ជំនាញភាសាអង់គ្លេសយ៉ាងល្អឥតខ្ចោះ ដើម្បីត្រៀមសម្រាប់អាជីព នាពេលអនាគត»។

សូមបញ្ជាក់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាអគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ក្រៅពីនោះលោកមានតួនាទី និងដឹកនាំសកម្មភាពជាច្រើនទៀត ក្នុងកិច្ចការរដ្ឋ និងសង្គម។ សម្រាប់តំណែងក្នុងបក្ស លោកក៏ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលផងដែរ។ លោក ហ៊ុន ម៉ាណែត បានបញ្ចប់ការសិក្សាផ្នែកយោធា នៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, បញ្ចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេសផងដែរ៕

អត្ថបទទាក់ទង