ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី តាមចងកម្ម តែចាំស៊ីពែ កឹម សុខា!»

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 49
លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី តាមចងកម្ម តែចាំស៊ីពែ កឹម សុខា!» លិខិតមិត្តអ្នកអាន៖ «សម រង្ស៊ី តាមចងកម្ម តែចាំស៊ីពែ កឹម សុខា!»

តើលោក កឹម សុខា ពិតជាមិនអាចគេចពីចំណងកម្មរបស់លោក សម រង្ស៊ី បានមែនឬ?

ម្តងហើយម្តងទៀត លោក សម រង្ស៊ី តែងតាមចងកម្មលោក កឹម សុខា ឥតល្ហែឡើយជាពិសេសនៅពេលដែលដឹងថាលោក កឹម សុខា ប្រហែលជាអាចនឹងមានសេរីភាព លោក សម រង្ស៊ី តែងតែចេញមុខរឹតចំណងកម្មទៅលើលោក កឹម សុខា ជាដរាប។ ជាក់ស្តែង កាលពីយប់ថ្ងៃពុធទី ១១ ធ្នូ លោក សម រង្ស៊ី បាននិយាយតាមវិទ្យុអាស៊ីសេរីថា មានអង្គការធំៗពីររបស់អាល្លឺម៉ង់ បានជួយសរសេរកម្មវិធីនយោបាយឲ្យអតីតបក្សសង្គ្រោះជាតិ។ អង្គការទាំងពីរនោះគឺ អង្គការ Konrad Adenauer Stiftung Foundation និងអង្គការ Frederic Norman Foundation។

លោក សម រង្ស៊ី បាននិយាយអួតអាងថា ខ្លួនគាត់ក៏មានទំនាក់ទំនងជិតស្និទ្ធនិងស៊ីជម្រៅជាមួយអង្គការរបស់អាល្លឺម៉ង់ និងអង្គការរបស់សហរដ្ឋអាមេរិក NDI និង IRI ស៊ីជម្រៅជាងលោក កឹម សុខា ទៅទៀត ហើយលោក សម រង្ស៊ី ធ្វើជាជំរុញឲ្យរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ប្តឹងលោកស្រី មែកែល នាយករដ្ឋមន្ត្រីអាល្លឺម៉ង់ និងលោកត្រាំ ប្រធានាធិបតីអាមេរិកទៅតុលាការទៀតផង ពីព្រោះរដ្ឋាភិបាលទាំងពីរនេះមានជាប់ពាក់ព័ន្ធនឹងការជួយជ្រោមជ្រែងអតីតបក្សប្រឆាំង។ គេមិនដឹងថា ហេតុអ្វីបានជាលោក សម រង្ស៊ី ខំអូសរដ្ឋាភិបាលប្រទេសទាំងពីរមកភ្ជាប់ជាមួយសកម្មភាពខុសច្បាប់របស់ខ្លួនទេ ខណៈដែលមេដឹកនាំបរទេសពិសេសលោកដូណាល់ត្រាំទើបតែបញ្ជាក់ប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាខ្លួនគោរពអធិបតេយ្យភាពកម្ពុជារួចទៅហើយនោះ។

លោក សម រង្ស៊ី ធ្វើជាក្លាហានចង់ឲ្យរដ្ឋាភិបាលក្រុងភ្នំពេញប្តឹងរូបលោកពីបទក្បត់ជាតិដូចលោក កឹម សុខា ផងដែរ។ បើស្តាប់មួយភ្លែតទៅដូចជាលោក សម រង្ស៊ី កំពុងជួយឈឺឆ្អាលចំពោះលោក កឹម សុខា និងហាក់ដូចជា សម រង្ស៊ី ស្រឡាញ់ កឹម សុខា ណាស់ ចង់រួមសុខរួមទុក្ខជាមួយគ្នា។ ប៉ុន្តែ តាមការពិត នៅពីក្រោយរូបភាពនេះ គឺមានបង្កប់ដោយចេតនាអាក្រក់បំផុតរបស់លោក សម រង្ស៊ី ដែលចង់ដាក់បន្ទុកបន្ថែមទៅលើលោក កឹម សុខា ទៅវិញទេ។

ហេតុអ្វីបានជាខ្ញុំអាច អះអាងនិយាយបានដូច្នេះ? សូមពិចារណាហេតុផលដូចខាងក្រោម៖

ទី១៖ សំដីលោក សម រង្ស៊ី នេះជាការផ្តល់នូវភស្តុតាងបន្ថែមដល់តុលាការកម្ពុជាដែលគ្រោងនឹងបើកសវនាការនៅពាក់កណ្តាលខែមករាឆ្នាំ២០២០លើករណីលោក កឹម សុខា។ ខ្ញុំនៅចាំបានថា ការចាប់ខ្លួនលោក កឹម សុខា បានធ្វើឡើងតាមរយៈសម្តីអះអាងរបស់គាត់ពាក់ព័ន្ធនឹងការជួយជ្រោមជ្រែងនិងបង្វឹកពីសំណាក់គ្រូជំនាញបរទេសអំពីយុទ្ធសាស្ត្រនិងយុទ្ធវិធីផ្តួលរំលំរដ្ឋាភិបាលដោយចម្លងយកតាមចលនាបដិវត្តន៍ពណ៌នៅយូហ្គោស្លាវីនិងស៊ែរប៊ី។ ឥឡូវនេះ សម រង្ស៊ី កំពុងប្រាប់តុលាការកម្ពុជាអោយដឹងថា នៅមានភស្តុតាងជាច្រើនទៀត ដែលអាចដាក់បន្ទុកបន្ថែមលើលោក «កឹម សុខា ពាក់ព័ន្ធនឹងបទក្បត់ជាតិដោយឃុបឃិតជាមួយបរទេស» ហើយជាពិសេស សម រង្ស៊ី ចង់បង្ហាញថា បក្សសង្គ្រោះជាតិដែលមាន កឹម សុខា ជាប្រធានបានឃុបឃិតជាមួយបរទេសជាច្រើនទៀតដែលកន្លងទៅគេមិនបានលើកមកនិយាយ។ ហេតុដូច្នេះហើយបានជា សម រង្ស៊ី លើកមកនិយាយជាសាធារណៈនៅពេលនេះក្នុងគោលបំណងបន្ថែមបន្ទុកលើ កឹម សុខា។

ទី២៖ សម រង្ស៊ី ចង់បញ្ឈឺចិត្ត កឹម សុខា៖ សម រង្ស៊ី ដឹងថា ខ្លួននៅក្រៅប្រទេសនិងមិនហ៊ានចូលមកឲ្យអាជ្ញាធរកម្ពុជាចាប់ខ្លួនទេ! ដូច្នេះ គាត់ក៏តាំងខ្លួនជាអ្នកក្លាហានដោយធ្វើជានិយាយផ្គើនឲ្យតុលាការកម្ពុជាចោទគាត់ ពីបទក្បត់ជាតិដូច កឹម សុខា ដែរដើម្បីឲ្យអ្នកគាំទ្ររបស់ខ្លួនដែលមិនបានពិចារណាវែងឆ្ងាយយល់ច្រឡំថា សម រង្ស៊ី ពិតជាក្លាហានមែន។ ប៉ុន្តែតាមពិត សម្តីរបស់ សម រង្ស៊ី យប់មិញនេះប្រៀបដូចជាយកចុងកាំបិទដ៏មុតស្រួចចាក់ចំបេះដូង កឹម សុខា។ បើនិយាយឲ្យចំគឺ សម រង្ស៊ី ចង់បញ្ឈឺចិត្ត កឹម សុខា ទាំងភ្នែកស្រស់តែម្តងពីព្រោះម្តងហើយម្តងទៀត គេតែងលឺលោក សម រង្ស៊ី និយាយថា គាត់មិនល្ងង់ឲ្យគេចាប់ដាក់គុកដូច កឹម សុខា ឡើយ។ ប៉ុន្តែពេលនេះ សម រង្ស៊ី បែរជានិយាយឌឺចង់ឲ្យតុលាការកម្ពុជា ចោទគាត់ដែរពីបទក្បត់ជាតិដូច កឹម សុខា ទៅវិញ។

ទី៣៖ សម រង្ស៊ី ក៏ចង់បង្ហាញថា បក្សសង្គ្រោះជាតិដែលមាន កឹម សុខា ជាប្រធាននោះ សមនឹងត្រូវតុលាការរំលាយចោលមែនហើយពីព្រោះនេះជាគណបក្សដែលកើតឡើងតាមគំនិតរបស់បរទេសនិងក្រោមខ្សែញាក់របស់បរទេសទាំងស្រុងព្រោះសូម្បីតែកម្មវិធីនយោបាយរបស់គណបក្សក៏បរទេសជាអ្នកសរសេរឲ្យដែរ។ ត្រង់ចំណុច នេះ សម រង្ស៊ី ចង់បង្ហាញឲ្យឃើញថា កឹម សុខា ជាមេបក្សដែលគ្មានសមត្ថភាព ពោលគឺគណបក្សសង្គ្រោះជាតិក្រោមការដឹកនាំរបស់ កឹម សុខា គ្មានចេះធ្វើអ្វីទាល់តែសោះក្រៅតែពីពឹងលើបរទេសទាំងស្រុង។

គួរកត់សម្គាល់ថា ចាប់តាំងពីកឹម សុខា ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញាឆ្នាំ ២០១៧ មក សម រង្ស៊ី តែងតែរិះរកមធ្យោបាយដើម្បីរារាំងការដោះលែងកឹម សុខា ជាដរាប។ ជាក់ស្តែង សម រង្ស៊ី ធ្លាប់បានប្រកាសយក សេរីភាព កឹម សុខា មកភ្នាល់ជាមួយលោក ហ៊ុន សែន ដោយដាក់លក្ខខ័ណ្ឌឲ្យលោកនាយក រដ្ឋមន្ត្រីចុះចេញពីអំណាចប្រសិនបើលោក កឹម សុខា មិនត្រូវបានដោះលែងឲ្យមានសេរីភាពទេ។ ការប្រកាសភ្នាល់បែបនេះបន្ទាប់ពីមានដំណឹងខ្សឹបខ្សៀវថា លោក កឹម សុខា អាចត្រូវគេដោះលែងកាលកំឡុងខែមីនាកន្លងទៅ។ ក្រោយមកទៀត លោក សម រង្ស៊ី និយាយថា ការដោះលែងលោក កឹម សុខា តែម្នាក់គ្មាន ន័យទេបើមិនឲ្យបក្សសង្គ្រោះជាតិរស់ឡើងវិញ។

សម រង្ស៊ី ក៏ធ្លាប់និយាយជាញឹកញាប់ថា បើរដ្ឋាភិបាលក្រុងភ្នំពេញកាត់ទោស កឹម សុខា រួចហើយស្នើសុំឲ្យព្រះមហាក្សត្រលើកលែងទោស គឺជាឆាកល្ខោនមួយតែប៉ុណ្ណោះ។ ឥឡូវនេះ ពេលដឹងថា សំណុំរឿងក្តីកឹម សុខា បានឈានដល់ការបើកសវនាការក្នុងពេលឆាប់ៗ និងដោយក្តីបារម្ភខ្លាចក្រែង កឹម សុខា ត្រូវមានសេរីភាពធ្វើនយោបាយឡើងវិញ សម រង្ស៊ី ក៏ស្រាប់តែចេញមកបង្ហាញភស្តុតាងថ្មីៗទៀតដើម្បីដាក់បន្ទុកលើ កឹម សុខា បន្ថែមទៀតនៅពេលដែលក្រុមមេធាវីការពារក្តីកំពុងរកមធ្យោបាយនិងហេតុផលដើម្បីដោះបន្ទុកលោក កឹម សុខា។

តើទាំងអស់នេះមិនមែនជាឧបាយកលរបស់ សម រង្ស៊ីដើម្បីរារាំង កឹម សុខា មិនឲ្យរួចខ្លួនដោយបន្តជាប់គុកទៀតទេរឺ?

ហេតុផលទាំងឡាយដូចបានលើកឡើងខាងដើម គឺជាទឡ្ហីករណ៍គ្រប់គ្រាន់ដែលបង្ហាញថា សម រង្ស៊ី នៅតែតាមចងកម្មជាមួយ កឹម សុខា ដល់ទីបញ្ចប់មិនព្រមលែងឡើយ។ នៅម្ខាងតាមចងកម្ម តែនៅម្ខាងទៀត សម រង្ស៊ី នៅតាមស៊ីពែ កឹម សុខា រហូតមិនព្រមដកថយដែរតាមរយៈការទន្ទិញពាក្យដដែលៗថា «កឹម សុខា-សម រង្ស៊ី ជាមនុស្សតែមួយ» ដើម្បីបោកប្រាស់អ្នកគាំទ្រ។ ប៉ុន្តែ នៅលើសមរភូមិជាក់ស្តែងក្នុងអតីតបក្សប្រឆាំងវិញ សម រង្ស៊ី និងកឹម សុខា មានតែម្នាក់ ពោលគឺមានតែមនុស្សម្នាក់ទេដែលត្រូវដឹកនាំអតីតបក្សសង្គ្រោះជាតិគឺ កឹម សុខា។ ដោយហេតុដូច្នេះហើយ សំរាប់ សម រង្ស៊ី មានតែបន្តទុក កឹម សុខា អោយនៅក្នុងគុកទេទើប សម រង្ស៊ី មានលេសបន្តតាំងខ្លួនជាប្រធានស្តីទីបានតទៅទៀត។ ផ្ទុយទៅវិញបើ កឹម សុខា មានសេរីភាពធ្វើនយោបាយឡើងវិញ គឺជីវិតនយោបាយរបស់ សម រង្ស៊ី ក៏ត្រូវបញ្ចប់ដែរ។ នេះគឺជាហតុផលពិតប្រាកដដែល សម រង្ស៊ី ត្រូវតាមចងកម្ម តែចាំស៊ីពែ កឹម សុខា៕

ដោយ ៖ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមនៃសាកលវិទ្យាល័យកំពង់ចាម