ដូណាល់ ត្រាំ ព្រមាន គីម ជុងអ៊ុន ប្រយ័ត្នមានវាសនាដូច ហ្គាដាហ្វី
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានធានាអះអាងកាលពីថ្ងៃទី១៧ឧសភាម្សិលមិញនេះថា លោក គីម ជុងអ៊ុន នឹងនៅតែអាចរក្សាតំណែងជាមេដឹកនាំកូរ៉េខាងជើងដដែល ប្រសិនបើលោកយល់ព្រមបោះបង់ចោលកម្មវិធីផលិតអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែបើលោក គីម ជុងអ៊ុន បដិសេធមិនធ្វើតាម លោកនឹងមានវាសនាដូច ម៉ូអាម៉ា ហ្គាដាហ្វី អតីតមេដឹកនាំប្រទេសលីប៊ី ដែលត្រូវទាញទម្លាក់ពីតំណែង និងត្រូវបានសម្លាប់នៅក្នុងឆ្នាំ២០១១។
លោក ដូណាល់ ត្រាំ/ រូបភាព៖ Time
បន្ថែមពីនេះ លោក ត្រាំ បញ្ជាក់ថា កូរ៉េខាងជើងនឹងទទួលបានការការពារយ៉ាងរឹងមាំថែមទៀតផងពីសហរដ្ឋអាមេរិក ក្នុងលក្ខខណ្ឌណាដែលជំនួបកំពូលរវាងប្រទេសទាំង២នៅថ្ងៃទី១២មិថុនាខាងមុខ ទទួលបានផ្លែផ្កាល្អ។ “គាត់ (គីម ជុងអ៊ុន) នឹងនៅក្នុងប្រទេសរបស់គាត់ ហើយដឹកនាំប្រទេសគាត់។ ប្រទេសគាត់នឹងសម្បូរសប្បាយណាស់” នេះជាសម្ដីរបស់ប្រធានាធិបតីអាមេរិក។
សូមបញ្ជាក់ថា ការព្រមានរបស់លោក ត្រាំ ធ្វើឡើងក្រោយពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានគំរាមលុបចោលជំនួបកំពូលរវាងកូរ៉េខាងជើង-អាមេរិក ដែលនឹងរៀបចំឡើងនៅក្នុងប្រទេសសិង្ហបុរី។
កូរ៉េខាងជើង ប្រាប់ថា ការទាមទាររបស់អាមេរិកឲ្យខ្លួនបោះបង់ចោលនុយក្លេអ៊ែរមានលក្ខណៈជាឯកតោភាគី ហើយការលើកយកគំរូពីលីប៊ីជារឿងមិនទំនងទាល់តែសោះ៕
លោក គីម ជុងអ៊ុន/ រូបភាព៖ Reuters
លោក ម៉ូអាម៉ា ហ្គាដាហ្វី/ រូបភាព៖ africanexponent