សម្តេចតេជោ ហ៊ុន សែន ប្រកាសចាក់វ៉ាក់សាំងដូសទី៣ ជូនកុមារ-យុវវ័យ ចាប់ពីខែមករា ឆ្នាំ២០២២តទៅ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅខែមករា ឆ្នាំ២០២២ខាងមុខនេះ យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់កុមារ និងយុវវ័យ ចាប់ពីអាយុ ១២ឆ្នាំ ទៅអាយុ ១៨ឆ្នាំ ដែលមានចំនួនប្រមាណជា ២លាននាក់ ទូទាំងប្រទេស នឹងត្រូវចាប់ផ្តើមអនុវត្តចាក់ តាមវិធីសាស្ត្រផ្ការីក ដូចមនុស្សចាស់ដែរ។
សម្តេចបានបន្ថែមថា មនុស្សចាស់រហូតមកដល់ពេលនេះ បានចាក់វ៉ាក់សាំងដូសទី៣ ជាង ៣លាននាក់ ហើយ។ ការបញ្ចាក់នេះធ្វើឡើងក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព សម្ពោធសណ្ឋាគារ HYATT REGENCY ភ្នំពេញ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន បានសម្តែងភាពរីករាយ នៅពេលឃើញកុមារមានភាពក្លាហានស្ម័គចិត្តទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដោយសម្តេចបានសង្កត់ធ្ងន់ថា «អ្វីដែលខ្ញុំសប្បាយចិត្តជាងគេ គឺភាពក្លាហានរបស់កុមារ និយុវវ័យដែលពួកគេទៅចាក់វ៉ាក់សាំងដោយគ្មានការភ័យខ្លាច ហើយក្លាហាន មានរបៀបរៀបរយ ដែលគួរឱ្យសសើរ គួរឱ្យគោរព ព្រោះ ជីដូន-ជីតា ឪពុក-ម្តាយ បងៗ គេបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់៕