តើលោក Olaf Scholz ដែលទើបក្លាយជាអធិការបតីអាល្លឺម៉ង់ថ្មី ជានរណា?
សមាជិកសភាអាល្លឺម៉ង់ នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១ បានបោះឆ្នោតតែងតាំងលោក អូឡាហ្វ សូលស៍ (Olaf Scholz) មកពីគណបក្សសង្គមប្រជាធិបតេយ្យអាល្លឺម៉ង់ (SDP) ជាអធិការបតីថ្មីជាផ្លូវការ ជាការបិទបញ្ចប់ការកាន់អំណាចអស់រយៈពេល ១៦ឆ្នាំ របស់លោកស្រី អាន់ជែលឡា មើគែល។
លោក Olaf Scholz មានអាយុ ៦៣ឆ្នាំ ដែលធ្លាប់កាន់តំណែងជាអធិការបតីរងអាល្លឺម៉ង់ និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅក្រោមរដ្ឋាភិបាលដឹកនាំដោយលោកស្រី មឺគែល ទទួលបានសំឡេងគាំទ្រភាគច្រើន នៅក្នុងចំណោមសំឡេងបោះឆ្នោតពីសមាជិកសភា ៣៩៥រូប មកពីសភាជាន់ទាប។
ការឡើងកាន់តំណែងរបស់លោក Olaf Scholz គឺជាការបិទបញ្ចប់ការកាន់អំណាចអស់រយៈពេល ១៦ឆ្នាំ របស់លោកស្រី អាន់ជែលឡា មើគែល ក្នុងនាមជា អធិការបតីអាល្លឺម៉ង់ និងនៅចំពេលអាល្លឺម៉ង់កំពុងប្រឈមមុខនឹងរលកទី ៤ ដ៏កាចសាហាវនៃ COVID-19, ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន និងនយោបាយការបរទេសចំពោះចិន ដែលសុទ្ធជាបញ្ហារង់ចាំលោក Scholz ដោះស្រាយ។
តើលោក Olaf Scholz ជានរណា?
- លោក Olaf Scholz មានអាយុ ៦៣ឆ្នាំ គឺជាអ្នកនយោបាយអាល្លឺម៉ង់ម្នាក់ មកពីគណបក្សសង្គមប្រជាធិបតេយ្យអាល្លឺម៉ង់ (Social Democratic Party)។
- រយៈពេលជាច្រើនទសវត្សរ៍មកនេះ លោកធ្លាប់បានកាន់តំណែងសំខាន់ៗជាច្រើន ក្នុងនោះរួមមាន៖ សមាជិកសភា, ចៅហ្វាយក្រុងនៃទីក្រុងកំពង់ផែ ហាំប៊ឺក (Hamburg), រដ្ឋមន្ត្រីក្រសួងការងារ និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅក្នុងជួររដ្ឋាភិបាលចម្រុះ ដឹកនាំដោយអតីតអធិការបតីអាល្លឺម៉ង់ លោកស្រី មើគែល។
- លោក Scholz កើតនៅឆ្នាំ១៩៥៨ ក្នុងទីក្រុង អូសណាព្រូក (Osnabrück) តែធំដឹងក្ដីនៅក្នុងទីក្រុងហាំបឺគ (Hamburg) ប្រទេសអាល្លឺមង់។
- លោកបាន ចូលជាសមាជិកគណបក្សសង្គមប្រជាធិបតេយ្យអាល្លឺម៉ង់ (SPD) តាំងតែអាយុ ១៧ឆ្នាំមកម្ល៉េះ។ មុននឹងឈានជើងចូលឆាកនយោបាយ, លោកធ្លាប់ជា មេធាវីម្នាក់នៅក្នុងទីក្រុង Hamburg ហើយក្រោយមកទើបលោកជាប់ឆ្នោត ជាសមាជិកសភានៅឆ្នាំ១៩៩៨។
- នៅទសវត្សរ៍ឆ្នាំ២០០០, លោកបានក្លាយជា អគ្គលេខាធិការគណបក្ស SPD នៅក្រោមការដឹកនាំរបស់អតីតអធិការបតីអាល្លឺម៉ង់ លោក Gerhard Schroeder ដែលជាមគ្គទេសក៍របស់លោក។
- នៅពេលលោកស្រី មើគែល ឡើងកាន់តំណែងជាអធិការបតីជំនួសលោក Schroeder នៅឆ្នាំ២០០៥, លោក Scholz បានកាន់តំណែងជា
រដ្ឋមន្ត្រីក្រសួងការងារពីឆ្នាំ២០០៧ ដល់ឆ្នាំ២០០៩ និងបានក្លាយជាតួអង្គមួយដ៏សំខាន់ ក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ចនៅពេលនោះ។ - ពីឆ្នាំ២០១១ ដល់ ឆ្នាំ២០១៨ លោក Scholz បានកាន់តំណែងជាចៅហ្វាយក្រុង Hamburg និងនៅឆ្នាំ២០១៨ លោកកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ហើយក៏ធ្លាប់ កាន់តំណែងជាអនុអធិការបតីអាល្លឺម៉ង់ផងដែរ។
គួរបញ្ជាក់ថា លោក Scholz ត្រូវបានគេស្គាល់ថា ជាមនុស្សម្នាក់ដែលយល់យ៉ាងស៊ីជម្រៅ ចំពោះដំណើរការនយោបាយ ហើយដោយសារតែហេតុនេះឯង ទើបលោកត្រូវគេយកទៅប្រដូចនឹង ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។
បើតាមលោក ម៉ាស៊ែល ហ្វ្រាតសឺ (Marcel Fratzscher) ជាប្រធានវិទ្យាស្ថានអាល្លឺម៉ង់សម្រាប់ ការស្រាវជ្រាវសេដ្ឋកិច្ច (German Institute for Economic Research) នៅក្រោមរដ្ឋាភិបាលដឹកនាំដោយលោក Scholz ប្រទេសអាល្លឺម៉ង់នឹងមានទំនោរកាន់តែច្រើន ទៅរកសហរដ្ឋអាមេរិកនៅលើឆាកអន្តរជាតិ ហើយប្រឹងប្រែងរក្សាឱ្យបាននូវសាមគ្គីភាពនៃសហភាពអឺរ៉ុប៕ Fresh News