ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត ១០០លានដុល្លារ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១ ទស្សនៈ - នយោបាយ 34

ផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿង ទៅកាន់ផ្លូវជាតិលេខ៧ ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែងជិត ១០០គីឡូម៉ែត្រ ចំណាយថវិកាជិត ១០០លានដុល្លារអាមេរិក ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ។

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។ នៅក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រសាសន៍សំខាន់ៗដូចខាងក្រោម៖

  1. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជាមានមោទនភាពចំពោះសមិទ្ធផលផ្លូវជាតិលេខ១១។
  2. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ១១ មិនត្រឹមតភ្ជាប់អ្នកលឿង ក្រុងព្រៃវែង ទៅថ្នល់ទទឹងប៉ុណ្ណោះទេ តែក៏បានជួយទប់ទល់នឹងទឹកជំនន់ផងដែរ។
  3. សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១១ ត្រូវបានចុះហត្ថលេខាខ្ចីថវិកាចិន ប្រមាណ១០៦លានដុល្លារ ពេលសម្តេចទស្សនកិច្ចនៅចិន ក្នុងចន្លោះថ្ងៃទី១៤ ដល់ ១៧ ខែឧសភា ឆ្នាំ២០១៧។
  4. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ១១ សាងសង់រួចរាល់មុនពេលកំណត់ ១៤ខែ។
  5. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ១១ បានបម្រើដល់ការដឹកជញ្ជូនក្នុងខេត្ត និងតភ្ជាប់ជាមួយខេត្តដទៃ រួមទាំងការតភ្ជាប់ផ្លូវហាយវ៉េរបស់អាស៊ានផងដែរ។
  6. សម្តេចតេជោ ហ៊ុន សែន ផ្តាំផ្ញើតាមលោកឯកអគ្គរដ្ឋទូតចិន ថ្លែងអំណរគុណប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលតែងតែគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដែលមកដល់ពេលនេះ ចិន ជួយសាងសង់ផ្លូវជាង ៣ពាន់គីឡូម៉ែត្រ និងស្ពានជាច្រើនទៀត។
  7. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានចារឱ្យសិក្សាផ្លូវតភ្ជាប់រវាងស្រុកល្វាឯម ភ្ជាប់មកផ្លូវលេខ១១។
  8. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការសោកស្តាយដែលកូវីដ-១៩ មកបំផ្លាញថវិកាជាតិកម្ពុជា។ កុំអីសម្តេចប្រកាសសាងសង់ភ្លាមចំពោះគម្រោងសាងសង់ផ្លូវតភ្ជាប់ស្រុកល្វាឯម មកផ្លូវជាតិលេខ១១នេះ។
  9. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីកម្ពុជាជួបស្ថានភាពលំបាកដោយសារកូវីដ-១៩យ៉ាងណាក្តី តែកម្មវិធីជំនួយសង្គមមិនអាចលុបបំបាត់ ហើយអាចនឹងមានការសិក្សាបន្ថែម ដោយសម្តៅគ្របដណ្តប់លើមនុស្សចាស់។
  10. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនទុកឱ្យពលរដ្ឋណាម្នាក់ត្រូវស្លាប់ដោយការអត់បាយនោះឡើយ។ ការប្រកាសប្តេជ្ញានេះ ត្រូវបានដាក់ចេញនៅថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ ថ្ងៃដែលសម្តេចទទួលបានការគាំទ្រជាប្រធានក្រុមប្រឹក្សារដ្ឋ។
  11. សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចជាបេក្ខភាពមួយរូប ដែលទទួលបានការគាំទ្រ ១០០ភាគរយ ពីសភាឱ្យធ្វើជាប្រធានក្រុមប្រឹក្សារដ្ឋ ខុសពីបេក្ខភាពមុនៗ។
  12. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខទុក្ខរបស់ប្រជាពលរដ្ឋត្រូវតែយកចិត្តទុកដាក់ ដែលជាគោលនយោបាយមួយរបស់សម្តេច ចាប់តាំងពីពេលត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សារដ្ឋនៅឆ្នាំ១៩៨៥មកម្ល៉េះ។
  13. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ធ្វើយ៉ាងណាកុំឱ្យមានការបាត់បង់ជីវិតដោយសារអាកាសធាតុចុះត្រជាក់ខ្លាំង។
  14. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃទី០៥ ខែធ្នូ ម្សិលមិញនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ តែ១៦នាក់ប៉ុណ្ណោះ។
  15. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អគារព្យាបាលអ្នកជំងឺកូវីដ-១៩ របស់វិស័យឯកជនមួយចំនួនត្រូវប្រគល់ត្រឡប់ទៅឱ្យម្ចាស់របស់គេវិញ។
  16. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានណែនាំឱ្យសាងសង់មជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានទំហំធំ និងមានផ្នែកសង្គ្រោះបន្ទាន់ច្រើន។
  17. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពហុកីឡដ្ឋានមរតកតេជោ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៨ ខែធ្នូ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃសម្ពោធពហុកីឡដ្ឋានជាតិមរតកតេជោ នឹងមានអ្នកចូលរួមជាង ១ម៉ឺននាក់។
  18. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវគ្រប់គ្រងថវិកាដោយប្រយ័ត្នប្រយែងបំផុត ដើម្បីបង្កាហានិភ័យណាមួយបង្កឡើងដោយជំងឺកូវីដ-១៩។
  19. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណមិត្តចិន និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរខេត្តព្រៃវែង និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ដែលបានសហការគ្នាធ្វើឱ្យសម្រេចការសាងសង់ផ្លូវលេខ១១។
  20. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងធំៗចំនួន៣ទៀត ដែលកម្ពុជាត្រូវសាងសង់រួមមាន៖ ស្ពានឆ្លងកាត់ទន្លេមេគង្គនៅក្រចេះ, ផ្លូវតភ្ជាប់ពីស្រុកស្ទោង ទៅកាន់ខេត្តក្រចេះ និងផ្លូវស្ពានឆ្លងកាត់ទន្លេសាប តភ្ជាប់កំពង់ឆ្នាំង និងកំពង់ធំ។
  21. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ក៏កំពុងសិក្សាផ្លូវតភ្ជាប់ខេត្តបាត់ដំបង និងសៀមរាបផងដែរ។ សម្តេចតេជោ បានបញ្ជាក់ថា គម្រោងទាំងនេះ ដើម្បីតភ្ជាប់បណ្តាញផ្លូវនៅកម្ពុជា ដើម្បីពលរដ្ឋធ្វើដំណើរទៅមុខ ដោយមិនបាច់ត្រឡប់ក្រោយ។
  22. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជាបុគ្គលមួយរូប ដែលបានល្បីខ្លាំងដោយសារតែ ប៉ុលពត និងត្រីភាគី ហើយត្រូវផ្សាយបន្តដោយសារព័ត៌មានថៃ មានបាងកកប៉ុស្តិ៍ និងឌឹណេសិន។
  23. សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនខ្វល់នឹងរឿងក្រុមប្រឆាំងជេរនោះទេ ហើយសម្តេចក៏ឱ្យពួកគេត្រៀមជេរ លោក ហ៊ុន ម៉ាណែត ផងដែរ។
  24. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការពន្លឿនការនាំចូលផ្លែមៀន និងត្រីប្រា ជាសមិទ្ធផលដ៏ធំកើតចេញពីជំនួបពិភាក្សារវាងសម្តេច និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន កាលពីពេលថ្មីៗនេះ។
  25. សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នឹងឃើញវត្តមានម្ហូបអាហារធ្វើពីត្រីប្រាខ្មែរ លើតុអាហាររបស់ចិន។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការនាំចូលត្រីប្រាពីសំណាក់ចិន នឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់អ្នកចិញ្ចឹមត្រីប្រា។
  26. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាក្រោយពេលមានរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជា នឹងធ្វើឱ្យកម្ពុជាអស់កង្វល់រឿងរកវ៉ាក់សាំង។
  27. សម្តេចតេជោ ហ៊ុន សែន បានណែនាំ និងដាក់បទបញ្ជាឱ្យប្រញាប់ប្រញាលពិនិត្យ និងផ្តល់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋនៅតាមព្រំដែន។
  28. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកជេរប្រមាថសម្តេច ប្រហែលជាមានក្រុមគ្រួសារស្លាប់ដោយសារជំងឺកូវីដ-១៩ ហើយត្រូវបូជានៅតាមទីតាំងដែលសម្តេចបានរៀបចំ។
  29. សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មនឹងសម្តីលោក ង៉ូវ ស៊ុនជាន មេបញ្ជាការការពារព្រំដែនវៀតណាម ដែលថ្លែងក្នុងសន្និសីទព័ត៌មាន នៅទីក្រុងហូជីមិញ ដែលឱ្យទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ពីកម្ពុជា។ សម្តេចតេជោ បានថ្លែងថា សម្តេចមិនអាចទទួលយកបានការថ្លែងនេះឡើយ។ សម្តេចតេជោ បានចោទសួរថា ការរាតត្បាតជំងឺកូវីដ-១៩នៅវៀតណាមបច្ចុប្បន្ន ជាបាបកម្មឬយ៉ាងណា។
  30. សម្តេចតេជោ ហ៊ុន សែន ប្រតិកម្ម និងទទួលយកមិនបានចំពោះសម្តីមេទ័ពព្រំដែនវៀតណាម ដែលបាននិយាយថា កម្ពុជាជាប្រភពនាំឱ្យឆ្លងមេរោគកូវីដ-១៩ទៅវៀតណាម
  31. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តីមេទ័ពព្រំដែនវៀតណាម បានផ្តល់នូវការឈឺចាប់ដ៏ខ្លាំងក្លាមួយសម្រាប់សម្តេច។ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចមិនប្រឆាំងវៀតណាមទេ តែសម្តីរបស់មេទ័ពវៀតណាមរូបនេះ ជាការប្រមាថចំពោះប្រជាពលរដ្ឋកម្ពុជា។
  32. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តីមេទ័ពព្រំដែនវៀតណាម ជាការធ្វើឱ្យសម្តេចរើបម្រាស់ក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជា។
  33. សម្តេចតេជោ ហ៊ុន សែន បានសួរទៅមេទ័ពព្រំដែនរបស់វៀតណាមរូបនេះ គួរសូមទោសសម្តេចតេជោ និងប្រជាពលរដ្ឋកម្ពុជាដែរទេ? សម្តេចតេជោ ហ៊ុន សែន ចង់ឃើញអនុរដ្ឋការពារជាតិវៀតណាម កែតម្រូវសម្តីរបស់ខ្លួន ដែលធ្លាប់និយាយថា កម្ពុជា ជាប្រភពនាំចូលកូវីដ-១៩។
  34. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានស្នើរដ្ឋាភិបាលវៀតណាមឱ្យដកតំណែងមេទ័ពព្រំដែនរូបនេះ តែរដ្ឋាភិបាលដកចេញពីព្រំដែន យកទៅធ្វើជាអនុរដ្ឋមន្ត្រីការពារជាតិវៀតណាម។
  35. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសកម្ពុជាមិនអាចឱ្យនរណាប្រមាថនោះឡើយ ទោះបីកម្ពុជាតូច ឬក្រក៏ដោយ។
  36. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ចូលជាធរមាននៅខែមករា ឆ្នាំ២០២២ នឹងធ្វើឱ្យដង្ហើមសេដ្ឋកិច្ចកម្ពុជាកាន់តែប្រសើរ។
  37. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកាសគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត សម្តៅដល់អត្ថន័យចំនួន២។ អត្ថន័យទី១ ជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជនដទៃទៀត។ ដូច្នេះបេក្ខភាពក្នុងបក្សផ្សេងទៀត ចង់ប្រកួតប្រជែង គឺសុំដាក់ពាក្យ។ អត្ថន័យទី២ គឺបញ្ជាក់ពីដំណើរការប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោត មិនមែនតាមរយៈវិធីផ្សេងទេ។
  38. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា គឺមាន៤ខ្សែត្រៀម។
  39. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានអ្នកស្នើសម្តេចឱ្យពន្លឿនការឆ្ពោះទៅកាន់តំណែងនាយករដ្ឋមន្ត្រីរបស់លោក ហ៊ុន ម៉ាណែត។ សម្តេចតេជោ បានបញ្ជាក់តបថា មិនអាចធ្វើទៅបាននោះឡើយ គឺមិនអាចយកលោក ហ៊ុន ម៉ាណែត មកដឹកនាំថ្នាក់ដឹកនាំចាស់ៗ ដែលធ្លាប់ពលោក ហ៊ុន ម៉ាណែត។
  40. សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា សម្តេចជាអ្នកជំរុញឱ្យសម្តេច ជា ស៊ីម ធ្វើប្រធានគណបក្សប្រជាជនកម្ពុជា។
  41. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូនប្រុសទាំង៣ បានធ្វើជាសេនាធិការជូនសម្តេច។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានបញ្ញវន្តជុំវិញខ្លួន១០នាក់។ ប៉ុន្តែអ្នកយកមកនៅជាប់ខ្លួន ឧស្សាហ៍ហៅមកជំនុំ គឺកូនប្រុស៣នាក់។
  42. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បេក្ខភាពនាយករដ្ឋមន្ត្រីម្នាក់ទៀត ដែលបានត្រៀមបម្រុងទុក ក៏បានចេញមកគាំទ្រលោក ហ៊ុន ម៉ាណែត ផងដែរ។
  43. សម្តេចតេជោ ហ៊ុន សែន បានបញ្ចេញមនុស្ស៧ក្រុម ស្ទង់មតិតាមទាមកាហ្វេជុំវិញប្រសាសន៍សម្តេចគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី។
  44. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ហើយក៏នឹងអញ្ជើញថ្វាយព្រះរាជដំណើរចុងក្រោយនៅថ្ងៃបូជាព្រះសពផងដែរ។
  45. សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងមិនគួរចំណាយពេលចេះដឹងរឿងគណបក្សប្រជាជនកម្ពុជានោះទេ គួរទៅប្រឹងជួយជ្រោមជ្រែងបក្សប្រឆាំងរបស់ខ្លួនទៅ។
  46. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចជជែកជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ក្នុងជំនួបកាលពីថ្ងៃទី០១ ខែធ្នូ ថា ប្រសិទ្ធភាពវ៉ាក់សាំងរបស់ចិន បានធ្វើឱ្យការឆ្លងជំងឺកូវីដ-១៩ បានធ្លាក់ចុះ។
  47. សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវប្រជាពលរដ្ឋប្រកាន់ខ្ជាប់វិធានការ «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
  48. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពហុកីឡដ្ឋានជាតិមរតកតេជោ ជាកាដូរបស់ប្រធានាធិបតីចិន ជូនរាជរដ្ឋាភិបាល ជូនសម្តេច និងប្រជាជនកម្ពុជា។
  49. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងបក្សប្រជាជនកម្ពុជា មានមនុស្សជាច្រើនមានលទ្ធភាពជានាយករដ្ឋមន្ត្រី។
  50. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកាន់តំណែងនាយករដ្ឋមន្ត្រី ឱ្យបានស្មើយ៉ាងហោចណាស់ ស្មើសម្តេច ពញាយ៉ាត ដែលបានគ្រងរាជ្យ ៤៣វស្សា។
  51. សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវពលរដ្ឋខ្មែរងើបឡើងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កុំឱ្យគេមើលប្រមាថមើលងាយ។
  52. សម្តេចតេជោ ហ៊ុន សែន បានថ្លែងជាថ្មីទៀតថា សម្តេចនឹងអញ្ជើញទៅមីយ៉ាន់ម៉ា ដើម្បីជជែកជាមួយលោក មីង អោងឡាំង។
  53. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសសមាជិកអាស៊ាន មិនត្រូវដើរឱ្យហួសពីធម្មនុញ្ញអាស៊ាន ដោយទៅលូកលាន់កិច្ចការផ្ទៃក្នុងប្រទេសសមាជិកនោះឡើយ។
  54. សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា សមាជិកថ្មី ប៉ុន្តែសមាជិកចាស់ មិនប្រាកដចាស់ទេ ព្រោះមានមេដឹកនាំថ្មី។ ដោយឡែកសមាជិកថ្មី មិនប្រាកដថ្មីទេ ព្រោះមានមេដឹកនាំចាស់៕

Fresh News


អត្ថបទទាក់ទង