ខ្មែរប៉ុស្ដិ៍ Close

មកស្គាល់រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាថ្ងៃនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានអន្តរជាតិ 932
មកស្គាល់រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាថ្ងៃនេះ លោកស្រី Retno L. P. Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី

លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី (Retno L. P. Marsudi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ចាប់ពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

ការបំពេញទស្សនកិច្ចរបស់ រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី ធ្វើឡើងតបតាមការអញ្ជើញរបស់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី នឹងមានជំនួបជាមួយ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដោយនឹងពិភាក្សាលើទិដ្ឋភាពមួយចំនួននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងអាទិភាពនានារបស់កម្ពុជា ពេលធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ រវាងកម្ពុជា និងឥណ្ឌូណេស៊ី ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី សម្រាប់ផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជាតិទាំងពីរ និងពិភពលោក។

ខាងក្រោមនេះគឺជាប្រវត្តិរូបសង្ខេបរបស់លោកស្រី៖

លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី កើតនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៦២ នៅក្នុងទីក្រុង សេម៉ារ៉ាង (Semarang) ប្រទេសឥណ្ឌូណេស៊ី។ លោកស្រីត្រូវបានតែងតាំង ជារដ្ឋមន្ត្រីការបរទេសក្នុងនាមជាស្ត្រីដំបូងគេបំផុតរបស់ឥណ្ឌូណេស៊ី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤។

លោកស្រី ម៉ារស៊ូឌី បានបញ្ចប់ការសិក្សាជំនាញទំនាក់ទំនងអន្តរជាតិ មកពីសាកលវិទ្យាល័យ ហ្កាតចាស់ ម៉ាដា (Gadjah Mada) ក្នុងទីក្រុង យ៉ូកយ៉ាកាតា (Yogyakarta) នៅឆ្នាំ១៩៨៥។ លោកស្រីក៏បានបញ្ចប់ការសិក្សាលើជំនាញជាច្រើនផ្សេងទៀតផងដែរ ក្នុងនោះរួមមាន «ច្បាប់សហភាពអឺរ៉ុប» នៅឯសាកលវិទ្យាល័យឡាអេ មានមូលដ្ឋានក្នុងប្រទេសហូឡង់ និង «ការសិក្សាពីសិទ្ធិមនុស្ស» នៅឯសាកលវិទ្យាល័យអូស្លូ នៃប្រទេសន័រវែស។

លោកស្រី បានរៀបការជាមួយលោក អាហ្គូស ម៉ារស៊ូឌី ( Agus Marsudi) ដែលជាស្ថាបត្យករម្នាក់ បញ្ចប់ការសិក្សាមកពីសាកលវិទ្យាល័យ ឌែលហ្វ៍ (Delft University) នៅក្នុងប្រទេសហូឡង់ និងសាកលវិទ្យាល័យហ្កាតចាស់ ម៉ាដា (Gadjah Mada)។ លោកស្រី ម៉ារស៊ូឌី និងលោក អាហ្គូស មានកូនប្រុស ២នាក់ដែល
សុទ្ធតែបានរៀបការរួចហើយ និងមានចៅប្រុសម្នាក់ ដែលបានសម្រាលកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះ។

ប្រវត្តិការងារ

លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី បានចូលបម្រើការងារក្នុងក្រសួងការបរទេសឥណ្ឌូណេស៊ី នៅឆ្នាំ១៩៨៦ ដោយលោកស្រីធ្លាប់បានបម្រើការលើតួនាទីជាច្រើន ដូចខាងក្រោម៖

  • រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី (ចាប់ពីខែតុលា ឆ្នាំ២០១៤ មកទល់នឹងបច្ចុប្បន្ន)
  • ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំប្រទេសហូឡង់ (ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៤)
  • អគ្គនាយកទទួលបន្ទុកកិច្ចការអាមេរិក និងអឺរ៉ុប (ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២)
  • ឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី ប្រចាំប្រទេសន័រវែស និងសាធារណរដ្ឋអ៉ីស្លង់ (ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៨)
  • នាយកទទួលបន្ទុកកិច្ចការអឺរ៉ុបខាងលិច (ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៥)
  • នាយកទទួលបន្ទុកកិច្ចសហប្រតិបត្តិការថ្នាក់តំបន់រវាងឥណ្ឌូណេស៊ី ជាមួយអាមេរិក និងអឺរ៉ុប (ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៣)
  • លោកស្រី ម៉ារស៊ូឌី ក៏ធ្លាប់បម្រើការនៅឯស្ថានទូតឥណ្ឌូណេស៊ី ប្រចាំទីក្រុងកង់បេរ៉ា ប្រទេសអូស្រ្តាលីផងដែរ (ពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៤) និងស្ថានទូតឥណ្ឌូណេស៊ី ប្រចាំទីក្រុងឡាអេ ប្រទេសហូឡង់ (ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០១)៕

Fresh News

អត្ថបទទាក់ទង