ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាល ទទួលបានធុងត្រជាក់ផ្ទុកវ៉ាក់សាំងចល័ត និងទែម៉ូម៉ែតសម្រាប់ផ្ទុកទិន្នន័យសីតុណ្ហភាព ពី JICA

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 1109
    ក្រសួងសុខាភិបាល ទទួលបានធុងត្រជាក់ផ្ទុកវ៉ាក់សាំងចល័ត និងទែម៉ូម៉ែតសម្រាប់ផ្ទុកទិន្នន័យសីតុណ្ហភាព ពី JICAក្រសួងសុខាភិបាល ទទួលបានធុងត្រជាក់ផ្ទុកវ៉ាក់សាំងចល័ត និងទែម៉ូម៉ែតសម្រាប់ផ្ទុកទិន្នន័យសីតុណ្ហភាព ពី JICA

    ដើម្បីរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំងក្នុងក្រុម ដែលនៅតាមតំបន់គោលដៅ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានប្រគល់ជូនធុងត្រជាក់ផ្ទុកវ៉ាក់សាំងចល័តចំនួន ២០០ និងទែម៉ូម៉ែតសម្រាប់ផ្ទុកទិន្នន័យសីតុណ្ហភាពចំនួន ២០០គ្រឿង ជូនឃ្លាំងស្តុកឱសថកណ្តាលនៃក្រសួងសុខាភិបាល។

    សេចក្តីប្រកាសព័ត៌មានរបស់ JICA បានបញ្ជាក់ថា ការប្រគល់ និងទទួលបានធ្វើឡើង នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស «គម្រោងពង្រឹងសមត្ថភាពឆ្លើយតបនឹងជំងឺ កូវីដ-១៩ក្នុងប្រទេសកម្ពុជា»។

    ធុងត្រជាក់ផ្ទុកវ៉ាក់សាំងចល័ត និងទែម៉ូម៉ែតសម្រាប់ផ្ទុកទិន្នន័យសីតុណ្ហភាពទាំងអស់នេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការរក្សាវ៉ាក់សាំង ដែលយកចេញពីទូត្រជាក់ឲ្យមានសីតុណ្ហភាពថេរ និងជួយរក្សាប្រសិទ្ធភាពវ៉ាក់សាំងនៅទូទាំងដំណើរការដឹកជញ្ជូនវ៉ាក់សាំង ពីឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ទៅកាន់មណ្ឌលសុខភាពនានាក្នុងប្រទេសកម្ពុជា។ ឧបករណ៍ទាំងនេះ ធានាបាននូវការរក្សាប្រសិទ្ធិភាពវ៉ាក់សាំងក្នុងសីតុណ្ហភាពមួយដែលសមស្រប និងតម្រូវតាមលក្ខខណ្ឌផ្សេងទៀតនៃឃ្លាំងស្តុកឱសថមុនពេលដឹកជញ្ជូន និងចាក់ជូនប្រជាពលរដ្ឋ។ រួមជាមួយនិងឧបករណ៍ប្រព័ន្ធត្រជាក់ទាំងនេះ ម៉ាស៉ីនត្រួតពិនិត្យសីតុណ្ហភាពទូត្រជាក់មួយចំនួនផ្សេងទៀត ក៏នឹងមកដល់ក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះផងដែរ។

    ទីភ្នាក់ងារ JICA នឹងបន្តសហការជាមួយក្រសួងសុខាភិបាល ក្នុងការផ្តល់នូវឧបករណ៍ និងការគាំទ្រផ្នែកបច្ចេកទេសចាំបាច់ផ្សេងៗទៀតក្នុងកំឡុងពេលដ៏លំបាកនៃជំងឺរាតត្បាតនេះ។ JICA សង្ឃឹមថាការគាំទ្រទាំងនេះ នឹងអាចជួយដល់បុគ្គលិកសុខាភិបាល ដែលបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕

    អត្ថបទទាក់ទង