សម្តេចតេជោ ហ៊ុន សែន៖ យើងមិនភ្លេចពីព្រះរាជតួនាទីរបស់អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រ និងសម្តេចម៉ែ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងជាប្រជារាស្រ្តមិនត្រូវភ្លេចពីព្រះរាជតួនាទីរបស់អតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះមហាក្សត្រ និងសម្តេចម៉ែ ដែលជាប្រភពនៃការលើកទឹកចិត្តតាមរយៈព្រះរាជសកម្មភាពរបស់ព្រះអង្គដែលយកព្រះទ័យទុកដាក់បំផុតដល់ប្រជារាស្រ្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ព្រះមហាក្សត្រ និងសម្តេចម៉ែ បានធ្វើសកម្មភាពលើកទឹកចិត្តដោយការបរិច្ចាគព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គក្នុងការទិញមន្ទីរពេទ្យ និងទិញវ៉ាក់សាំងជាដើមដែលបានក្លាយជាកម្លាំងចលនាជាតិមួយយ៉ាងធំ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមថា បន្ទាប់ពីបានឃើញទឹកព្រះទ័យរបស់ព្រះអង្គ មានក្រុមអ្នកមានទ្រព្យ ឧកញ៉ា អ្នកឧកញ៉ា ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ចូលរួមបរិច្ចាគជាប្រាក់ខែដើម្បីទិញវ៉ាក់សាំងការពារអាយុជីវិតប្រជាជនយើង៕