ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន ស្នើប្រទេសចិន ជំរុញឲ្យបង្កើតរោងចក្រសម្រាប់ផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ នៅប្រទេសកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 60
សម្តេចតេជោ ហ៊ុន សែន ស្នើប្រទេសចិន ជំរុញឲ្យបង្កើតរោងចក្រសម្រាប់ផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ នៅប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្នើប្រទេសចិន ជំរុញឲ្យបង្កើតរោងចក្រសម្រាប់ផលិតវ៉ាក់សាំងបង្ការកូវីដ-១៩ នៅប្រទេសកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើតាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ទៅកាន់លោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីចិន ដើម្បីជំរុញឱ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩របស់ចិន នៅក្នុងប្រទេសកម្ពុជា។

ការបង្ហើបអំពីសំណើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំនួន២លានដូសបន្ថែមទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ថ្លែងក្នុងសន្និសីទកាសែងនៅក្នុងពិធីនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបអំពីការនិយាយជាមួយ លោកអគ្គរដ្ឋទូតចិន វ៉ាង វិនធាន ទាក់ទងជាមួយនឹង ការផ្គត់ផ្គង់វ៉ាក់សាំងបន្ត ហើយឈានដល់គំនិតផ្តួចផ្តើមស្តីអំពីការផលិតវ៉ាក់សាំងនៅនឹងប្រទេសកម្ពុជា។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ធ្វើដូច្នេះកម្ពុជាមានលទ្ធភាពដើម្បីទិញវ៉ាក់សាំងដែលផលិតនៅក្នុងរោងចក្រដែលផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចាក់នៅក្នុងប្រទេសខ្លួនឯងផង ហើយកម្ពុជាក៏មានលទ្ធភាពដើម្បីចែកចាយវ៉ាក់សាំងនេះទៅកាន់ប្រទេសដទៃ តាមរយៈនៃការបញ្ជាទិញរបស់ប្រទេសដទៃ»។

សម្តេចសង្ឃឹមថា លោកអគ្គរដ្ឋទូតចិន នឹងបញ្ជូនសំណើរបស់សម្តេចទៅកាន់ លោកប្រធានាធិបតីចិន ស៊ី ជីនពីង និង លោកនាយករដ្ឋមន្រ្តី លី ខឺជាង ក៏ដូចជាផ្នែកពាក់ព័ន្ធដទៃទៀតឱ្យបានឆាប់រហ័ស ដើម្បីបើកឱ្យមានការផលិតវ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា។

ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេ ក្នុងការផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មកដល់ប្រទេសកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០២១ ខណៈដែលប្រទេសទាំងពីរជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាសហគមន៍រួមវាសនាតែម្តងហើយក៏ជាមិត្តដែកថែប។ គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មិត្តចិនបានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៦,៨០០,០០០ដូស ដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយ ៨លាន ៣សែនដូស។

ក្នុងគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល វ៉ាក់សាំងជាវិធានការគន្លឹះសំខាន់ជាងគេបង្អស់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទោះបីជាមានវិធានការផ្សេងៗទៀតក៏ដោយ។ គិតត្រឹមថ្ងៃទី១៦ ខែវិច្ឆិកា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា អាយុចាប់ពី៥ឆ្នាំឡើងទៅ បានចំនួនសរុបជាង១៤លាននាក់ ស្មើនឹងជិត ៨៨ភាគរយនៃប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់។

ក្នុងសន្និសីទដដែលនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា «យើងមិនបានដឹងថា កូវីដ-១៩ វានឹងបញ្ចប់នៅពេលណាទេ ប៉ុន្តែប្រសិនបើយើងអាចបង្កើត បាននូវស្ថានភាពនៃការផលិតវ៉ាក់សាំង ដែលជាដំណាក់កាលចុងក្រោយ ជាផលិតផលសម្រេចនៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងមានឱកាសច្រើនណាស់ សម្រាប់ការពារអាយុជីវិតប្រជាជនកម្ពុជារបស់យើង ដោយយើងមិនចាំបាច់ខ្វល់ខ្វាយទៅរកនៅទីកន្លែងណាផ្សេងហើយដឹកជញ្ជូនក្នុងចម្ងាយដ៏ឆ្ងាយនោះទេ ប៉ុន្តែវត្ថុធាតុដើមផលិតវ៉ាក់សាំង ត្រូវយកមកដើម្បីផលិតជាផលិតផលសម្រេចក្នុងប្រទេសកម្ពុជា»។

សម្តេចបានប្រគល់ការងារនេះជូនក្រសួងសុខាភិបាល ដើម្បីធ្វើការជាមួយអគ្គរដ្ឋទូតចិន ក៏ដូចជាបណ្តាផ្នែកពាក់ព័ន្ធទាំងអស់៕ Fresh News

អត្ថបទទាក់ទង