កុមារា គង់ សីហា ដែលមានជីវភាពខ្វះខាត នៅស្រុកបន្ទាយស្រី ទទួលបានការឧបត្ថម្ភសម្ភារៈសិក្សា និងថវិកាពីអគ្គនាយកធនាគារ ARDB
សៀមរាប៖ ដោយមើលឃើញពីការលំបាកតាមរយៈរូបថតរបស់កុមារា សីហា នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធបណ្តាញសង្គម, នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានចាត់ឲ្យក្រុមការងារ នាំយកអំណោយរបស់លោករួមមានសម្ភារៈសិក្សា និងថវិកាមួយចំនួនយកទៅប្រគល់ជូនកុមារា គង់ សីហា អាយុ ៧ឆ្នាំ ស្ថិតនៅ ភូមិត្មាតពង ឃុំរុនតាឯក ស្រុក បន្ទាយស្រី ខេត្តសៀមរាប ដើម្បីជួយសម្រួលដល់ភាពលំបាកក្នុងគ្រួសារ។
សម្ភារៈ និងថវិកានោះរួមមាន៖
១-សៀវភៅសរសេរ ២០០ទំព័រ ចំនួន ២០ក្បាល និង ១៦០ទំព័រចំនួន ១០ក្បាល
២-ប៊ិច ចំនួន ១ប្រអប់
៣-ខ្មៅដៃ ចំនួន ១ប្រអប់
៤-ជ័រលុប ចំនួន ១ឈុត
៥-កាតាប ១
៦-បន្ទាត់មួយប្រអប់
៧-ខ្សែសម្រាប់ព្យួរកាតចំនួន២
៨-អង្ករ ៥០គីឡូក្រាម
៩-កូនកង់ចំនួន ១គ្រឿង
១០-ថវិកាចំនួន ២លានរៀល
បន្ថែមលើនេះលោក កៅ ថាច បានឲ្យក្រុមការងារស្រាវជ្រាវ បន្តរកបន្តរកក្មួយៗ ដែលស្ថិតក្នុងស្ថានភាពលំបាកដូចក្មួយ គង់ សីហា ដើម្បីលោកអាចធ្វើការជួយឧបត្ថម្ភទាំងសម្ភារៈក៏ដូចជាថវិកាផងដែរ សម្រួលដល់ការរៀនសូត្ររបស់ពួកគេ។
ជាមួយឈុតសម្លៀកបំពាក់ជាសិស្សសាលាដែលមានពណ៌ស្រអាប់ គ្មានស្បែកជើងពាក់ និងភ្ជាប់ដោយថង់ច្រកបណ្ណចាក់វ៉ាក់សាំងចងភ្ជាប់នឹងអាវ កុមារា គង់ សីហា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមកើតក្តីអាណិតអាសូរជាខ្លាំងសម្រាប់រូបគេ ហើយក៏មានការឧបត្ថម្ភជាបន្តបន្ទាប់ផងដែរ។
រូបភាពមួយសន្លឹកនេះ មិនត្រឹមតែអន្ទងត្រឹមបេះដូង និងដួងចិត្តរបស់ប្រជាពលរដ្ឋទូទៅនោះទេ តែក៏បានអន្ទងដល់ដួងចិត្ត និងបេះដូងរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។
លោកនាយករដ្ឋមន្ត្រី បានបង្ហាញការចាប់អារម្មណ៍ និងបង្ហាញនូវមោទនភាព ចំពោះការចង់សិក្សារៀនសូត្រ និងការបានចាក់វ៉ាក់សាំងរបស់កុមាររូបនេះ។
លោកនាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា «ខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ។ បណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំ បានចាក់វ៉ាក់សាំងរួចហើយ និងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ»។
លោកនាយករដ្ឋមន្រ្ដី ក៏បានលើកឡើងផងដែរថា ទោះបីកុមាររូបនេះ មិនមានស្បែកជើងពាក់ តែលោកជឿថា កុមារារូបនេះ ច្បាស់ជាលាងដៃ និងរក្សាអនាម័យបានល្អ ៕